ស៊ីរី៖ចំនួនអ្នកកាសែតដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធឬការបាញ់គ្នាបានឈានដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣មកដែលភាគច្រើនដោយសារតែជម្លោះកំពុងបន្តនៅក្នុងមជ្ឈឹមបូព៌ាដោយមាន១០៧នាក់បានស្លាប់ក្នុងប្រទេសស៊ីរីចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើមកាលពីប្រាំឆ្នាំមុន។
ការវិភាគចុងក្រោយបំផុតរបស់គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានរកឃើញថា អ្នកកាសែតយ៉ាងហោចណាស់៤៨នាក់ត្រូវបានសម្លាប់ដោយសារតែការងាររបស់ពួកគេនៅចន្លោះថ្ងៃទី១ខែមករាដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ខណៈ២៦នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា។ ការស្លាប់អ្នកកាសែត២៧នាក់ទៀតគឺស្ថិតក្រោមការស៊ើបអង្កេតដើម្បីកំណត់ថាតើពួកគេត្រូវបានតភ្ជាប់ទៅនឹងការរាយការណ៍នេះដែរឬក៏អត់។
បើទោះបីជាមានកំណើនហានិភ័យនៃសេចក្តីរាយការណ៍ពីតំបន់មានជម្លោះក៏ដោយ ចំនួនសរុបនៃអ្នកកាសែតដែលស្លាប់នៅឆ្នាំនេះបានធ្លាក់ចុះពីចំនួន៥៥នាក់នៅឆ្នាំ២០១៥ខណៈដែលការសម្លាប់ដើម្បីសងសឹកចំពោះការរាយការណ៍គឺបានធ្លាក់ចុះដល់១៨នាក់ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០០២មក។
សម្រាប់ឆ្នាំទីប្រាំនៃសង្គ្រាម ស៊ីរីគឺជាប្រទេសដែលមានអ្នកកាសែតស្លាប់ច្រើនបំផុតពោលគឺមានអ្នកកាសែត១៤នាក់បានស្លាប់នៅឆ្នាំ២០១៦នេះ។ ប្រទេសអ៊ីរ៉ាក់និងប្រទេសយេមែនគឺជាប្រទេសលំដាប់ទីពីរដែលមានអ្នកកាសែតស្លាប់ច្រើន។ CPJ បាននិយាយថា អ្នកកាសែតចំនួនប្រាំមួយនាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនីមួយៗនៅឆ្នាំនេះ។
CPJ បាននិយាយថា ហេតុផលសម្រាប់ការធ្លាក់ចុះនៅក្នុងការសម្លាប់នេះគឺមិនទាន់ច្បាស់នៅឡើយទេប៉ុន្តែអាចបណ្តាលមកពីការបង្កើនការយកចិត្តទុកដាក់ជាសកលនិងការប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីបំបិទសំឡេងអ្នកកាសែត។
CPJ ក៏បាននិយាយផងដែរថា ការចំណាយខាងនយោបាយដើម្បីសម្លាប់អ្នកកាសែតកំពុងកើនឡើង៕