អាល្លឺម៉ង់៖ក្រុមឧទ្ទាម ISIS បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីវេលាយប់ថ្ងៃច័ន្ទកន្លងមកនេះដោយបើកឡានធំបុករះហ្វូងមនុស្សនៅក្នុងផ្សារមួយកន្លែងដែលគេរៀបចំឡើងត្រៀមសម្រាប់ប្រារព្ធធ្វើពិធីបុណ្យណូអែលក្នុងទីក្រុងប៊ែរឡាំងឲ្យមានមនុស្សរបួសជាង ៥០នាក់ និង ១២នាក់ផ្សេងទៀតត្រូវបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចក៏បានចាប់ខ្លួនបុរសសញ្ជាតិប៉ាគីស្ថានអាយុ២៣ឆ្នាំម្នាក់ផងដែរមានឈ្មោះថា Naved .B ដោយត្រូវបានគេសង្ស័យថា គឺជាអ្នកដែលមានទាក់ទងនឹងការបើកឡានបុករះនេះ តែប៉ូលិសបានដោះលែងឲ្យមានសេរីភាពវិញដោយអះអាងថា ជនសង្ស័យរូបនេះមិនមែនជាជនល្មើសពិតប្រាកដ។
ក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq បានអះអាងថា អ្នកបើកបររថយន្ដកាមីញ៉ុងគឺជាសមាជិកនៃក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ហើយថែមទាំងបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងដើម្បីជាការសងសឹងចំពោះបណ្ដាប្រទេស ដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕