អាមេរិក៖ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានឲ្យដឹងកាលពីថ្ងៃពុធថា ការវាយប្រហារនៅសប្តាហ៍នេះក្នុងទីក្រុងប៊ែកឡាំង និងអង់ការ៉ាបានបង្ហាញថា គាត់កំពុងធ្វើត្រឹមត្រូវក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍មូស្លីមមិនឲ្យចូលសហរដ្ឋអាមេរិក។
លោកបានប្រាប់អ្នកកាសែតថា “អ្វីដែលកំពុងកើតឡើងគឺគួរឲ្យភ័យខ្លាច”។ លោកបានលើកឡើងបែបនេះនៅពេលដែលត្រូវបានគេសាកសួរអំពីការវាយប្រហារដោយរថយន្តដឹកទំនិញ ដែលបានសម្លាប់មនុស្ស១២នាក់នៅទីផ្សារលក់ផលិតផលបុណ្យបុណ្យណូអែលក្នុងទីក្រុងប៊ែកឡាំងនិងការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសទួរគី។
ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវសម្រាប់ការសម្លាប់នៅក្នុងទីក្រុងប៊ែកឡាំងបើទោះបីជាមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេមិនទាន់មានភស្ដុតាងដែលបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធនេះបានដឹកនាំការវាយប្រហារនេះទេក៏ដោយ។
ដោយឡែកឃាតករនៅប្រទេសទួរគីបានស្រែកអំពីសង្គ្រាមនៅក្នុងប្រទេសស៊ីរីខណៈដែលរូបគេបានបាញ់សម្លាប់ប្រេសិតមកពីទីក្រុងមូស្គូដែលជាជំនួយប្រធានាធិបតីស៊ីរីបាសាអាល់អាសាដក្នុងការប្រឆាំងនឹងពួកឧទ្ទាមនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនោះ។
លោក Trump ត្រូវបានសួរដោយអ្នកកាសែតនៅខាងក្រៅរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងក្រុង Palm Beach នៃរដ្ឋ Florida ថា តើអំពើហិង្សាកាលពីថ្ងៃចន្ទនេះនឹងប៉ះពាល់ដល់ការពិចារណារបស់លោកនៃការហាមឃាត់លើជនមូស្លីមចូលសហរដ្ឋអាមេរិកឬចុះបញ្ជីសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសកាន់សាសនាឥស្លាមដែរឬក៏អត់។
លោក Trump បានឆ្លើយតបថា “អ្នកបានដឹងពីផែនការរបស់ខ្ញុំហើយ។ ខ្ញុំសូមបញ្ជាក់ថា វាជាការត្រឹមត្រូវគឺត្រឹមត្រូវ១០០ភាគរយ។ អ្វីដែលកំពុងកើតឡើងគឺជាភាពអាម៉ាស់”។
គួរបញ្ជាក់ថា នៅចំណុចមួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គាត់ លោក Trump បានអំពាវនាវឲ្យមានការហាមឃាត់ជាបណ្តោះអាសន្នលើជនមូស្លីមចូលក្នុងប្រទេសក្នុងន័យប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលការលើកឡើងនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស៕