ប៉ាគីស្ថាន៖មនុស្សយ៉ាងតិច៣៦នាក់បានស្លាប់នៅពេលផឹកស្រាដែលមានជាតិពុលនៅក្នុងពិធីបុណ្យណូអែលនៅប្រទេសប៉ាគីស្ថាន ខណៈដែលមន្ត្រីបានអះអាងថាចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត។
មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយកាលពីម្សិលមិញថា មនុស្សរាប់សិបនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅខេត្ត Punjab ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌាក្រោយពីពួកគេបានទទួលទានសុរាដែលមានជាតិពុល ខណៈជនសង្ស័យបង្កហេតុមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។
ដោយឡែកលោក Umair Ahmed ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យសម្ព័ន្ធមិត្តនៅក្នុងទីក្រុងហ្វៃសាឡាបាដនៃប្រទេសប៉ាគីស្ថានបាននិយាយថា មនុស្សរាប់សិបនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
គួរបញ្ជាក់ថា គ្រឿងស្រវឹងភាគច្រើនហាមឃាត់ចំពោះតែពលរដ្ឋមូស្លីមនៅប្រទេសប៉ាគីស្ថានតែប៉ុណ្ណោះ ចំណែកពលរដ្ឋមិនមែនមូស្លីម គឺមិនត្រូវបានហាមឃាត់នោះទេហើយភាគច្រើនគឺជាគ្រឹស្តសាសនិកដែលអាចមានសិទ្ធិទិញគ្រឿងស្រវឹងហូបបានដោយមិនខុសច្បាប់ ហើយតែងមានមនុស្សស្លាប់ជារៀងរាល់ឆ្នាំដោយសារករណីនេះ៕