ប្រេស៊ីល៖ប៉ូលិសប្រេស៊ីលបានចាប់ផ្តើមការតាមប្រមាញ់ដ៏ធំមួយនៅថ្ងៃពុធសម្រាប់អ្នកទោសជាច្រើននាក់ដែលបានរត់គេចខ្លួនអំឡុងពេលអំពើហិង្សាក្នុងពន្ធនាគារមួយដែលបានបញ្ចប់ជាមួយនឹងអ្នកទោស៥៦នាក់ត្រូវបានសម្លាប់ដោយគូប្រជែងរបស់ពួកគេខណៈមួយចំនួនត្រូវកាត់ក្បាល។
អាជ្ញាធរបានឲ្យដឹងថា អ្នកទោស១៨៤នាក់បានរត់ចេញពីគុកចំនួនពីរនៅក្នុងរដ្ឋ Amazonas នៅពេលដែលក្រុមបងធំគ្រឿងញៀនមួយបានធ្វើការសងសឹកលើក្រុមជើងកាងគូប្រជែង។ ក្នុងចំណោមនោះ មាន១៣០នាក់នៅតែរត់គេចខ្លួននិង៥៤នាក់ត្រូវបានចាប់ខ្លួនមកវិញ។
ប៉ូលិសបានបិទផ្លូវនៅក្នុងតំបន់និងដាក់ពង្រាយក្រុមជាច្រើនដើម្បីតាមរកអ្នកទោសដែលនៅសល់។ ប្រធានសន្តិសុខរដ្ឋលោក Sergio Fontes បានប្រាប់អ្នកកាសែតថា “យើងសង្ឃឹមថានឹងចាប់បានអ្នកទោសសឹងតែទាំងអស់មកវិញនៅត្រឹមចុងសប្តាហ៍នេះ”។
អំពើហិង្សាបានផ្ទុះឡើងជាដំបូងនៅឯពន្ធនាគារ Anisio Jobim Penitentiary ក្នុងទីក្រុង Manaus ហើយក្រោយការបះបោរបានកើតឡើងនៅឯពន្ធនាគារចំនួនពីរផ្សេងទៀត។
អាជ្ញាធរបានព្យាយាមគ្រប់គ្រងស្ថានការណ៍យ៉ាងលឿននៅក្នុងការបង្ក្រាបមួយប៉ុន្តែទោះយ៉ាងណាមានអ្នកទោសចំនួន៧២នាក់បានរត់គេចខ្លួនបាត់ទៅហើយចេញពីវិទ្យាស្ថាន Antonio Trindade Penal ដែលស្ថិតនៅក្បែរនោះ។
ពួកគេបានចូលរួមជាមួយអ្នកទោស១១២នាក់ដែលបានរត់គេចខ្លួនរួចទៅហើយតាមរយៈបណ្តាញផ្លូវរូងក្នុងដីមួយដែលត្រូវបានគេរកឃើញនៅពន្ធនាគារ Anisio Jobim ។
ក្រៅពីអ្នកទោសចំនួន៥៦នាក់ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ Anisio Jobim មានអ្នកទោសបួននាក់ទៀតត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងអ្នកទោសនៅពន្ធនាគារ Puraquequara Penitentiary Unit ដែលក៏ស្ថិតនៅក្នុងរដ្ឋ Amazonas ដូចគ្នា។
សាច់ញាតិរបស់អ្នកទោសដែលអស់សង្ឃឹមបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារកោសល្យវិច្ច័យមួយដែលជាកន្លែងអ្នកជំនាញកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសពកាលពីថ្ងៃអង្គារ៕