បញ្ហា​ប្រឈម​របស់​គ្រួសារ​មួយ​ដែល​ចាញ់បោក​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2015 ក+ ក-

អ្នកស្រី យ៉ាន សាវ៉ន រស់នៅក្នុង​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង រៀបរាប់​រឿងរ៉ាវ​ដែល​គាត់​ចាញ់បោក​ក្រុមហ៊ុន​អ៊ិម​.​ស៊ី (MC center) ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥​។​a

​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តព្រៃវែង បាន​ជឿ​តាម​ការពន្យល់​លួងលោម​របស់​មេខ្យល់​ជា​អ្នក​នាំ​ពលករ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ដោយ​សន្យាថា នៅ​ប្រទេស​ថៃ សម្បូរ​ការងារ​ធ្វើ ឬ​ទទួលបាន​ប្រាក់ខែ​ច្រើន​ជាដើម​។​

ករណីនេះ​មាន​ពលរដ្ឋ​ខ្លះ​ក៏​អាច​ទទួលបាន​ប្រាក់​ត្រឡប់មកផ្ទះ​វិញ ហើយ​ខ្លះទៀត​ត្រូវ​សមត្ថកិច្ច​ប្រទេស​ថៃ ចាប់​ដាក់គុក​។ ដោយឡែក​គ្រួសារ​មួយ​បាន​ទៅរក​ការងារ​តាមរយៈ​ក្រុមហ៊ុន ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​នោះ​បន្លំ​ទិដ្ឋាការ​ឆ្លងដែន ដោយ​ធ្វើ​ទិដ្ឋាការ​ឆ្លងដែន​បែប​អ្នកទេសចរ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចំណាយ​ថវិកា​អស់​ច្រើន ហើយ​មិនបាន​ធ្វើការ​។​

អង្គុយ​ក្នុងផ្ទះ​តូច​ល្មម ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​បបុស​លាយ​ស្បូវ និង​ស័ង្កសី​ដោយ​អន្លើ ស្ត្រី​វ័យ ៥៧​ឆ្នាំ​ម្នាក់ កំពុងតែ​បង្កាត់ភ្លើង​រៀបចំ​ចម្អិន​អាហារ​ថ្ងៃត្រង់​សម្រាប់​ក្រុមគ្រួសារ​របស់គាត់ ដែល​នឹង​មកជួប​ជុំគ្នា​។​

អ្នកស្រី យ៉ាន សាវ៉ន រស់នៅក្នុង​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ បាន ៥ ឬ ៦​ថ្ងៃ​កន្លងមកនេះ​។ អ្នកស្រី​បាន​ថ្លែងថា គាត់​ទៅ​ប្រទេស​ថៃ គឺ​គ្រួសារ​របស់គាត់​ចាញ់បោក​ក្រុមហ៊ុន​មួយ​ឈ្មោះ មជ្ឈមណ្ឌល អ៊ិម​.​ស៊ី (MC) ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា MC Center ជា​ក្រុមហ៊ុន​មួយ​នាំ​ពលករ​ទៅ​ប្រទេស​ថៃ មាន​ទីស្នាក់ការ​នៅ​បុរី​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយ​បន្លំ​ធ្វើ​ទិដ្ឋាការ​ឆ្លងដែន​ឲ្យ​រូបគាត់​ជា​អ្នកទេសចរ ក្នុង​រយៈពេល ២​សប្ដាហ៍​។​

អ្នកស្រី យ៉ាន សាវ៉ន បាន​ថ្លែងថា ដោយសារតែ​ឮ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ខេត្តព្រៃវែង ថា ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​ស្របច្បាប់ ហើយ​ទៅធ្វើ​ការទទួលបាន​ប្រាក់ខែ​ច្រើន​ផង​នោះ ទើប​សមាជិក ៤​នាក់​របស់គាត់​បានសម្រេច​ចិត្ត​ទៅរក​ការងារ​តាមរយៈ​ក្រុមហ៊ុន​នោះ​៖ «​នៅពេលដែល​ក្រុមហ៊ុន​ប្រកាស​ឲ្យ​ធ្វើ​នោះ គឺអាច​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​ត្រីខកំប៉ុង​ក៏បាន ក្រុមហ៊ុន​សាច់មាន់​ក៏បាន ឬ​រោងចក្រ​ធ្វើ​ស្រោមដៃ​ក៏បាន នៅពេលដែល​ឮ​គេ​ផ្សាយ​នោះ​ទំនង​ថា​អាចធ្វើ​ការកើត ទើប​ទៅ​ចុះឈ្មោះ​ធ្វើការ​ជាមួយ​គេ ដោយ​ចងការ​ប្រាក់​គេ​។ ក្រុមហ៊ុន​នោះ​នៅ​ម្ដុំ​ស្ទឹងមានជ័យ អ្នក​ផ្សាយ​នោះ​ឈ្មោះ កញ្ញា តាក់ វ៉ាន់ ហើយ​អ្នកទទួល​លុយ​ឈ្មោះ គ្រូ សំបូរ​។ នៅពេល​បង់​ដំបូង គឺ ៣០០​ដុល្លារ បន្ទាប់មកទៀត ២០​ដុល្លារ​ទៀត ហើយ​នៅពេលដែល​ឡើង​រថយន្ត​ទៅ​ប្រទេស​ថៃ នោះ គឺ​ត្រូវ​បង់​ម្នាក់ ៨០​ដុល្លារ​ទៀត​គ្រប់គ្នា​»​។​

អ្នកស្រី​បាន​បន្ថែមទៀតថា ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ ហើយ​ជំពាក់​បំណុល​គេ​ខ្លះ​ផង​នោះ ទើប​ក្រុមគ្រួសារ​របស់គាត់​សម្រេច​ទៅតាម​ការផ្សព្វផ្សាយ ដោយ​សង្ឃឹមថា​មាន​ការងារ​សមរម្យ ហើយ​ប្រាក់ខែ​ច្រើន​ល្មម​អាចធ្វើ​ឲ្យ​គ្រួសារ​របស់គាត់​មាន​ជីវភាព​ធូរធារ​ជាង​មុន​។ ប៉ុន្តែ​ផ្ទុយទៅវិញ ស្រប​ពេលដែល​ជីវភាព​កំពុង​ខ្វះខាត​ផង គ្រួសារ​របស់​អ្នកស្រី​ត្រូវ​ជំពាក់​លុយ​ចងការ​ប្រាក់​គេ​បន្ថែម​ប្រហែល ២​ពាន់​ដុល្លារ​បន្ថែមទៀត ដែល​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​ក្រីក្រ​ដូច​រូបគាត់​៖ «​ខ្ញុំ​អស់​លទ្ធភាព​គ្មាន​លុយ​សងលុយ​គេ​ទៀត ចងការ​ប្រាក់​គេ ១​លាន​រៀល សង​ការប្រាក់ ៤​ម៉ឺន​រៀល​។ ខ្ញុំ​ជំពាក់​គេ​ច្រើនណាស់ មិនមាន​អី​សង​គេ​ទេ​។ មានតែ​លក់​ដីស្រែ និង​ស្រែប្រាំង​។ ខ្ញុំ​គិតថា បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​លុយ​មក​សង​គេ តែ​ផ្ទុយទៅវិញ ត្រូវគេ​បោក​។ បើ​ទៅធ្វើ​ការងារ​ល្មមៗ ខ្ញុំ​អាចធ្វើ​បាន​ហើយ តែ​នេះ​ការងារ​វា​ពិបាក ហើយ​កខ្វក់​ពេក ហើយ​ក្រុមហ៊ុន​យក​ខ្ញុំ​ទៅ​បោះចោល ហើយ​ខ្ញុំ​ឯណេះ​ជំពាក់​ប្រាក់​គេ​យ៉ាងច្រើន គ្រាន់តែ​សរុបទៅ​អស់​ជាង ១.៩០០​ដុល្លារ​អាមេរិក​»​។​

ដីស្រែ​របស់ អ្នកស្រី យ៉ាន សាវ៉ន ជាង ១​ហិកតារ ត្រូវដាក់​បញ្ចាំ​ទាំងអស់ ដើម្បី​យកទៅ​ធ្វើលិខិត​ឆ្លងដែន និង​បង់​សេវា​ទៅ​ឲ្យ​ក្រុមហ៊ុន​មជ្ឈមណ្ឌល អ៊ិម​.​ស៊ី ជា​ថ្នូរ​នឹង​បាន​សមាជិកគ្រួសារ ៤​នាក់​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

តាម​ការអះអាង​របស់​មេភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង គឺ​លោក ស សេង បាន​ថ្លែងថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​របស់លោក គឺ​ចេញ​ចូលទៅ​រកស៊ី​នៅ​ប្រទេស​ថៃ នោះ គឺមាន​ខ្លះ​ដែរ ប៉ុន្តែ​មានគ្រួសារ​ខ្លះ​ក៏បាន​ប្រាក់​ត្រឡប់មកវិញ ហើយ​គ្រួសារ​ខ្លះទៀត គឺ​មិនបាន​ប្រាក់​ក៏មានដែរ​។ លោក​បញ្ជាក់ទៀតថា គ្រួសារ​របស់ អ្នកស្រី យ៉ាន សាវ៉ន គឺ​កាន់តែ​លង់ខ្លួន​បង់ទ្រព្យ​ទៀត​៖ «​គ្រួសារ​របស់គាត់​មើលទៅ​ជីវភាព​ជាក់ស្ដែង​ហ្នឹង​ពិបាក ជំពាក់​គេ​ក៏​ច្រើន ការកូន​ប្រុស​ច្រើន ហើយ​ជំពាក់​គេ​ច្រើន​ដល់​ទៅ​ប្រទេស​ថៃ ថា​បានល្អ តែ​បែរជា​លង់​ត្រូវគេ​បោក​ទៅវិញ​»​។​

មេភូមិ​ពន្លៃ បញ្ជាក់ទៀតថា គ្រួសារ​របស់ អ្នកស្រី យ៉ាន សាវ៉ន ក្រៅតែពី​ជំពាក់​
ធនាគារ គឺ​គាត់​ជំពាក់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នោះដែរ ដោយសារតែ​ខ្ចីលុយ​ធ្វើជា​សោហ៊ុយ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​។​

ម្ចាស់បំណុល​របស់ អ្នកស្រី យ៉ាន សាវ៉ន គឺ​លោក សុខ ភន រស់នៅក្នុង​ភូមិ​ពន្លៃ នោះបាន​ថ្លែងថា លោក​បាន​ឲ្យ អ្នកស្រី យ៉ាន សាវ៉ន ខ្ចីប្រាក់​ចំនួន ១​លាន​រៀល ដោយ​ពុំ​យក​ទ្រព្យ​បញ្ចាំ​នោះទេ​។ លោក​ថ្លែងថា ការ​ឲ្យ​ខ្ចីប្រាក់​នេះ​ដោយ​យល់យោគ​អ្នកភូមិ​ដូចគ្នា ហើយ​គាត់​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ផង ដោយ​ត្រូវមាន​ប្រាក់​ជា​ចាំបាច់ ក៏ប៉ុន្តែ​នៅពេលដែល​ទទួលដំណឹង​ថា គ្រួសារ​របស់គាត់​ចាញ់បោក​ក្រុមហ៊ុន​នោះ គឺ​គាត់​បានត្រឹមតែ​សោកស្ដាយ​ជំនួស​តែប៉ុណ្ណោះ​៖ «​ការដែល​គាត់​ខ្ញុំ​លុយ​ខ្ញុំ​នោះ គឺ​ដើម្បី​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ដែរ​ថា បង​ទៅ​ហ្នឹង​បើ​យើង​មិន​ស្គាល់​នាំ​តែ​ចាញ់បោក​គេ​ទេ តែ​គាត់​បានឮ​ពី​ការផ្សាយ​តាម​វិទ្យុ​នៅ​ព្រៃវែង ហើយ​គាត់​ទៅទាក់ទង​ដល់​ក្រុមហ៊ុន​នៅ​ភ្នំពេញ​។ គាត់​ទៅ​ចងការ​ខ្ចីលុយ​គេ​អស់​រាប់ពាន់​ដុល្លារ​នោះ​។ ខ្ញុំ​ឲ្យ​ទៅ​គាត់​ខ្ចី​ហ្នឹង​បើ​គាត់​បាន​ក៏​ត្រេកអរ តែបើ​គាត់​មិនបាន​មានតែ​អាណិត មិនដឹង​ទៅ​ទារ​គាត់​យ៉ាងម៉េច បើ​គាត់​អត់​ហើយ ញាតិ​នៅក្នុង​ស្រុក​»​។​

ទឹកប្រាក់​ជិត ២​ពាន់​ដុល្លារ​សម្រាប់​សមាជិកគ្រួសា​រ ៤​នាក់ បាន​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ថៃ បាន​ប្រាក់ខែ​ច្រើន និង​លក្ខខណ្ឌ​ការងារ​សមរម្យ ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកស្រី យ៉ាន សាវ៉ន ព្រមទាំង​កូនប្រុស​ម្នាក់ទៀត​ទៅធ្វើ​កា​រ​នៅ​កន្លែង​ដែល​គាត់​មិន​នឹកស្មាន​ដល់​៖ «​គេ​ថា​ឲ្យ​ទៅ​ពីរ​ឆ្នាំ ថា​ឲ្យ​ទៅ​រោងចក្រ​សាច់មាន់ ឬ​ត្រីខកំប៉ុង តែ​ដល់ពេល​ទៅ​ស្រាប់តែ​ទៅ​លាង​ថង់​សំរាម​ស្អុយ គឺ​ខ្ញុំ​ធ្វើ​មិនកើត​ទេ ម្យ៉ាង​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ខ្ញុំ​ផង​។ ដូច្នេះ​នាំគ្នា​រត់​មក​ផ្ទះ​វិញ​មក​»​។​

មិនមែន​តែ​គ្រួសារ​អ្នកស្រី​មួយទៀត​ដែល​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅក្រៅ​ប្រទេស នៅក្នុង​ខេត្តព្រៃវែង ពលរដ្ឋ​ប្រហែល ៤​ម៉ឺន​នាក់​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅក្រៅ​ប្រទេស ហើយ​ជាង ១៨​ម៉ឺន​នាក់ បានចេញ​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក ក្នុងចំណោម​ពលរដ្ឋ​ទូទាំង​ខេត្ត​នេះ​សរុប​ប្រមាណ​ជាង ១​លាន​នាក់​។​

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តព្រៃវែង លោក ហែម ហឿន មានប្រសាសន៍​សុំ​ឲ្យ​គ្រួសារ​រងគ្រោះ​ដាក់ពាក្យ​ប្ដឹង​មក​មន្ទីរ​ការងារ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​តាមផ្លូវ​ច្បាប់​។​

​ចំណែកឯ​អ្នកសម្របសម្រួល​នៃ​អង្គការ​អាដហុក (adhoc) ប្រចាំខេត្ត​ព្រៃវែង គឺ​អ្នកស្រី អ៊ា​ន គឹម​លី បាន​ថ្លែងថា ករណី​របស់​គ្រួសារ អ្នកស្រី យ៉ាន សាវ៉ន គឺជា​ករណី​ឆបោក ហើយ​អាជ្ញាធរ​គួរ​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​នោះ​ទៅតាម​នីតិវិធី ដើម្បី​ជៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ផ្សេងទៀត​រងគ្រោះ​៕

mek02

mek03