អាមេរិក​ដាក់ពង្រាយ​ប្រព័ន្ធ​ទាប់​ស្កា​ក់មី​ស៊ី​ល ខណៈ​មានការ​គំរាម​ពី​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

អាមេរិក​៖​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​បាន​ឲ្យ​ដឹងថា មន្ទីរ​បញ្ច​កោណ​បានដាក់​ពង្រាយ​រ៉ា​ដា​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​ឃ្លាំមើល​ការបាញ់​បង្ហោះ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​មាន​សក្តានុពល​របស់​កូរ៉េខាងជើង​ដែល​ខ្លួន​បាន​គំរាម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​
​វា​គឺជា​ការឆ្លើយតប​ផ្នែក​យោធា​របស់​អាមេរិក​ជា​លើកដំបូង​ចំពោះ​ការអះអាង​របស់​ទីក្រុង​ព្យុងយ៉ាង​ដែលថា ខ្លួន​អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយ​គ្រាប់​នៅពេល​ណាមួយ​។​រ៉ា​ដា X-band មាន​មូលដ្ឋាន​នៅ​សមុទ្រ (SB-X) គឺអាច​តាមដាន​ការបាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​និង​ផ្តល់ជូន​នូវ​ទិន្នន័យ​ដ៏​សំខាន់​។​
​មន្ត្រី​បាន​និយាយថា រ៉ា​ដា​នេះ​ដែល​ស្ថិតនៅ​កំពង់ផែ​កោះ​ហា​វ៉ៃ​គឺ​ត្រូវបាន​ដាក់ពង្រាយ​ជា​ច្រើនដង​មកហើយ​ក្នុងពេល​កន្លងមក​ដើម្បី​តាមដាន​សកម្មភាព​រប​ស់មី​ស៊ី​ល​កូរ៉េខាងជើង​។​
​ជាទូទៅ SB-X ត្រូវបាន​បញ្ជូនទៅ​ភាគ​ខាងជើង​នៃ​កោះ​ហា​វ៉ៃ​និង​ឈរជើង​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ​អា​ឡា​ស្កា​សម្រាប់​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​តាមដាន​ការបាញ់​បង្ហោះ​មី​ស៊ី​ល​មួយ​ដ៏​មាន​សក្តានុពល​របស់​កូរ៉េខាងជើង​ដែល​ឆ្ពោះទៅ​អា​ឡា​ស្កា ហ្គា​ម​ឬ​ឆ្នេរ​ភាគ​ខាងលិច​របស់​អាមេរិក​។​
​ការត្រួតពិនិត្យ​បន្ថែមទៀត​កំពុង​ត្រូវ​បានកំណត់​ដើម្បី​តាមដាន​សកម្មភាព​នៅលើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​មន្ត្រី​បាន​បដិសេធ​ពិភាក្សា​អំពី​សេចក្តីលម្អិត​ណាមួយ​ផ្សេងទៀត​។​
​មន្ត្រី​ការពារជាតិ​បាន​គូសបញ្ជាក់ថា ប្រសិនបើ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​មែន​នោះ វា​អាច​នឹងមិន​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ឡើយ​។​
​រ៉ា​ដា SB-X នឹង​បង្កើន​សមត្ថភាព​របស់​អាមេរិក​ក្នុងការ​ប្រមូល​ទិន្នន័យ​មី​ស៊ី​ល​ប្រភេទ​នោះ​។​
​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ត​នៃ​មី​ស៊ី​ល​អន្តរទ្វីប​គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​របស់ខ្លួន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​អាមេរិក​បាន​និយាយថា ពួកគេ​មិន​ជឿ​ទេ​ថា កូរ៉េខាងជើង​មាន​ជំនាញ​បច្ចេកវិទ្យា​សម្រាប់​អភិវឌ្ឍន៍​មី​ស៊ី​ល​ប្រភេទ​នេះ​៕

SBX006