បុណ្យមាឃបូជា គឺជាទិវាដ៏សំខាន់មួយសម្រាប់ពលរដ្ឋពុទ្ធបរិស័ទក្នុងប្រទេសនានាលើសកលលោកដែលតែងជួបជុំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ជាប្រពៃណី ក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទនាំគ្នាចាត់ចែងបូជានូវគ្រឿងសក្ការៈ មានប្រទីបជ្វាលា និងផ្កាភ្ញី ជាដើម ព្រមទាំងប្រជុំគ្នាស្តាប់ធម្មទេសនា ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលបានបរិនិព្វានអស់កាល ២៥៥៨ឆ្នាំកន្លងទៅហើយនេះ។
ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាង កេសរណ្ណីយ្យា ជូនសេចក្តីអធិប្បាយដោយសង្ខេបអំពីព្រឹត្តិការណ៍សំខាន់ៗនៃពិធីបុណ្យ មាឃបូជានេះ និងការគោរពបូជារបស់ពុទ្ធបរិស័ទ៖
ពិធីបុណ្យមាឃបូជា គឺជាការរំឭកព្រឹត្តិការណ៍ធំៗពីរ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃ ក្នុងពុទ្ធកាល ៤៥ឆ្នាំនៃព្រះសម្មាសម្ពុទ្ធសមណគោតម។ ព្រឹត្តិការណ៍ទី១ គឺជាសម័យប្រជុំធំប្រកបដោយអង្គ៤ ហៅថាចតុរង្គសន្និបាត ដែលក្នុងឱកាសនោះ ព្រះសក្យមុនីគោតមព្រះអង្គទ្រង់សម្ដែងនូវឱវាទបាតិមោក្ខ ដែលជាខ្លឹម ជាបេះដូងនៃពុទ្ធសាសនា ជាផ្លូវប្រតិបត្តិដល់បរិស័ទគ្រប់ជំពូក។
ឱវាទបាតិមោក្ខ មានសេចក្តីវិសេស ១១ប្រការ ដែលរួបរួមក្រោមគាថា ៣បទជាគោលចម្បង គឺទី១ ការវៀរនូវអំពើបាបទាំងពួង។ ទី២ ការធ្វើនូវអំពើល្អជាកុសលធម៌គ្រប់យ៉ាង និងការជម្រះចិត្តឲ្យបរិសុទ្ធ ដែលបានដល់ការប្រតិបត្តិសីល សមាធិ និងបញ្ញា តាមរយៈការចម្រើនវិបស្សនាកម្មដ្ឋាន។
ភិក្ខុសន្តចិត្តោ រ៉េន រដ្ឋា គង់នៅវត្តព្រះគន្ធកុដិ ក្រុងបាត់ដំបង មានថេរដីកាអធិប្បាយអំពីប្រការ ឬកណ្ឌទី១ ទី២ និងទី៣ ដោយភ្ជាប់សេចក្តីទៅនឹងប្រការទី៨ គឺការសង្រួមក្នុងបាតិមោក្ខ ដែលទាក់ទងជាសំខាន់ទៅនឹងវិន័យរបស់ភិក្ខុសង្ឃមាន ២២៧សិក្ខាបទ៖ «…ក្នុង ឱវាទបាតិមោក្ខ ទី១ ដំបូង គឺសព្វបាបស្ស អករណំ គឺការមិនធ្វើនូវបាបទាំងពួង បំពេញកុសល ហើយនិងធ្វើចិត្តឲ្យស្អាតផូរផង់ សង្ខេបនូវពុទ្ធដីកាទាំងអស់មក គឺ ៣យ៉ាងហ្នឹង។ ដូច្នេះដើម្បីឲ្យមានប្រយោជន៍ដល់ពុទ្ធបរិស័ទ និងដល់ព្រះសង្ឃខ្លួនឯង គឺភិក្ខុសាមណេរត្រូវប្រព្រឹត្តទៅតាមសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បានសម្ដែងបញ្ញត្តិមក គឺមាន ២២៧សិក្ខាបទ គឺលោកត្រូវសង្រួមគ្រប់ទាំងអស់ មានតាំងពីបរាជិក៤ ដូចជាលួចទ្រព្យគេ សម្លាប់ជីវិតមនុស្ស ឬការអួតខ្លួនឯងថាបានសម្រេចធម៌ចេះហោះចេះហើរ បានគុណធម៌ខ្ពស់។ ហើយដូចថាលោកឆាន់បាយល្ងាច មើលទូរទស្សន៍ គឺលោកត្រូវអាបត្តិបាចិត្តិយៈ គឺថាក្នុង ២២៧ហ្នឹង អត់ឲ្យដាច់មួយណាទេ…»។
ប្រការទី៤ គឺព្រះសម្ពុទ្ធទ្រង់ពោលសរសើរនូវសេចក្តីអំណត់អត់ធន់ ថាជាតបធម៌ដ៏ឧត្តម ដែលពុទ្ធបរិស័ទគប្បីព្យាយាមធ្វើឲ្យចម្រើនឡើងជារឿយៗ ដើម្បីធ្វើកាយ និងចិត្តឲ្យស្ងប់។ ប្រការទី៥ គឺព្រះនិព្វាន ដែលព្រះពុទ្ធតែងសម្ដែងថាជាធម៌ដ៏ឧត្តម ជាបរមត្ថធម៌ ជាធម៌ល្អិតសុខុម ជាធម្មជាតិ ឬចិត្ត ដែលស្ងប់ក្សេមក្សាន្ត ផុតចាករាគៈ ទោសៈ មោហៈ។ ប្រការទី៦ នៃឱវាទបាតិមោក្ខ ព្រះសម្ពុទ្ធទ្រង់សម្ដែងថា បុគ្គលដែលសម្លាប់សត្វដទៃ បៀតបៀនសត្វដទៃ មិនឈ្មោះថាសមណៈ មិនឈ្មោះថាបព្វជិត គឺអ្នកបួសឡើយ។ ឱវាទប្រការទី៧ គឺទូន្មានឲ្យវៀរចាកកិរិយាពោលនូវពាក្យតិះដៀលដល់អ្នកដទៃ។
ភិក្ខុឋិតប្បញ្ញោ គង់ សុភាព គង់នៅវត្តរាជបូណ៍ ក្រុងសៀមរាប មានថេរដីកាអំពីសារប្រយោជន៍នៃឱវាទបាតិមោក្ខប្រការ ឬកណ្ឌទី៩ ដែលស្តីអំពីមត្តញ្ញុតា ចភត្តស្មឹ ជាភាសាបាលីដែលមានសេចក្តីថា ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត គឺចង្ហាន់បិណ្ឌបាត៖ «…រឿងនេះ ទាក់ទងនឹងការចិញ្ចឹមជីវិតដោយបរិសុទ្ធ។ ភិក្ខុក្នុងសាសនានេះ គឺលោកត្រូវចិញ្ចឹមជីវិតដោយកម្លាំងស្មង គឺការនិមន្តបិណ្ឌបាត ជាវដ្ដរបស់ភិក្ខុ។ មានភិក្ខុអង្គខ្លះលោកនៅជាបុថុជ្ជន លោកងប់ក្នុងលាភសក្ការៈទាំងឡាយ ក៏ធ្វើឲ្យប្រាសចាកពីធម៌វិន័យ។ អ៊ីចឹងបានជាព្រះអង្គឲ្យចេះប៉ាន់ប្រមាណ។ សូម្បីគ្រឹហាវាសក៏ដូចគ្នាដែរ ប្រសិនបើស្វែងរកដោយផ្លូវមិនត្រូវ មិនប្រកបតាមធម៌ ចូលក្នុងមិច្ឆាជីវៈ ធ្វើជំនួញខុស គឺព្រះអង្គឲ្យវៀរ។ ហើយក្នុងនោះ គឺវៀរក្នុងមិច្ឆាកម្មន្តៈ ៣យ៉ាង គឺមិនសម្លាប់ មិនលួចទ្រព្យអ្នកដទៃ មិនប្រព្រឹត្តខុសក្នុងកាម…»។
ភាវៈជាអ្នកដឹងប្រមាណក្នុងភត្តាហារនេះ ក៏បានដល់ការអប់រំចិត្តក្នុងការបរិភោគ ឬឆាន់អាហារភោជនដោយសមល្មម គ្រាន់តែញ៉ាំងអត្តភាពរាងកាយឲ្យប្រព្រឹត្តទៅឲ្យមានជីវិតរស់នៅ ដើម្បីប្រតិបត្តិធម៌វិន័យ ជាប្រយោជន៍បានសេចក្តីសុខដល់ខ្លួនផង និងដល់មនុស្សសត្វដទៃផង។ ចំពោះឱវាទបាតិមោក្ខប្រការទី១០ ស្តីអំពីទីដេកទីអង្គុយដ៏ស្ងាត់ ភិក្ខុឋិតប្បញ្ញោ គង់ សុភាព មានថេរដីកាពន្យល់អំពីហេតុផល និងគុណប្រយោជន៍នៃការទូន្មានរបស់ព្រះពុទ្ធបរមគ្រូ៖ «…សប្បាយ នៅក្នុងសេនាសនៈដ៏ស្ងាត់ហ្នឹង គឺមានក្នុងព្រៃក្នុងផ្ទះដ៏ស្ងាត់ ឬទីគល់ឈើហ្នឹង ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីគុណសម្បត្តិនៃការ ភិក្ខុនៅក្នុងព្រៃទីដ៏ស្ងាត់នេះ ជាទីដែលវៀរចាកឆ្ងាយពីរូប និងសំឡេងកងរំពង ដែលនាំឲ្យរំខានដល់ភិក្ខុអ្នកពេញចិត្តក្នុងសមណធម៌ហ្នឹង។ ពេលលោកនៅក្នុងទីស្ងាត់ ងាយស្រួលក្នុងការអប់រំចិត្ត ទូន្មានចិត្ត…»។
ចំពោះឱវាទបាតិមោក្ខប្រការទី១១ គឺការទូន្មាននៃព្រះពុទ្ធទាំងឡាយឲ្យបរិស័ទបំពេញការព្យាយាមក្នុង អធិចិត្ត ជាចិត្តដ៏ក្រៃលែង ដែលបានសម្រេចនូវសមាធិបានដល់នូវធម៌ជាន់ខ្ពស់បំផុត គឺព្រះនិព្វាន។
សេចក្តីវិសេសទាំង ១១ប្រការនេះ ឧបាសិកា មាន លីណា មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុងតាខ្មៅ ខេត្តកណ្ដាល មានប្រសាសន៍ថា អ្នកប្រាថ្នានូវសេចក្តីសុខស្ងប់ តែងព្យាយាមតាំងចិត្តប្រតិបត្តិជារឿយៗក្នុងជីវិតរស់នៅ មិនថាតែក្នុងថ្ងៃមាឃបូជានោះឡើយ៖ «…ក្រៅពីការទៅវត្ត ទៅធ្វើកិច្ចប្រតិបត្តិចំពោះព្រះសង្ឃក្តី ក៏ការរស់ជាធម្មតា គឺតែងតែប្រព្រឹត្តតាមការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។ ទី១ គឺធ្វើខ្លួនឲ្យមានសីល ចាប់ពីសីល៥ ឡើងទៅ ក្នុងការអប់រំចិត្ត ដើម្បីសម្អាតចិត្តរស់នៅប្រចាំថ្ងៃជាមួយនឹងកិច្ចការងាររបស់យើង ដែលជាពុទ្ធសាសនិកជនត្រូវមាន។ ធ្វើយ៉ាងណាឲ្យយើងមានសេចក្តីសុខស្ងប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺមិនមែនអ្នកដទៃណាក្រៅពីខ្លួនយើងដែលបានប្រយោជន៍ពីការអប់រំ ចិត្តនេះទេ ហើយនិងសន្តិភាពរស់នៅជាសុខជាមួយអ្នកដទៃក្នុងសហគមន៍…»។
ក្នុងន័យដូចគ្នានេះដែរ លោក ឌុល វន្នី អ្នកស្ម័គ្រចិត្តនៃអង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា ក្រុងបាត់ដំបង ផ្តល់នូវការយល់ឃើញចំពោះការរក្សាសីល អប់រំកាយវាចាចិត្ត ដែលជាគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មនុស្សក្នុងសង្គម ជាការប្រារព្ធមាឃបូជាដ៏ប្រសើរឧត្តម ទោះបីជាមិនមានប្រាក់កាសធនធានក្នុងការបូជាគ្រឿងប្រទីប និងផ្កាភ្ញីចំពោះព្រះរតនត្រ័យក្តី៖ «…នៅក្នុងថ្ងៃមាឃបូជា ហ្នឹង គឺខ្ញុំទៅវត្ត។ ទន្ទឹមនឹងទៅខ្លួនឯង ខ្ញុំក៏ដឹកនាំប្អូន ប្អូនស្រី ហើយរក្សានូវឧបោសថទាំង ២នាក់។ ក្នុងនោះទៀតសោត មានពុទ្ធបរិស័ទខ្លះគាត់ហ៊ានលះបង់ ដើម្បីរក្សាសីល ខ្លះរក្សាសីល៥ ខ្លះរក្សាសីល៨ ឧបោសថសីល ដោយសេចក្តីជ្រះថ្លារបស់គាត់។ ពីមុនគាត់អត់ធ្លាប់រក្សាទេ សូម្បីតែសីល៥ ក៏អត់ធ្លាប់ទេ នេះគឺជាការបូជាមួយដែរ…»។
ក្នុងពុទ្ធសាសនា ការបូជាដ៏ប្រសើរឧត្តម គឺការធ្វើវត្តប្រតិបត្តិតាមពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ។ រីឯការបូជាធម្មទាន គឺជាទានឈ្នះអស់ទានទាំងពួង។ ក្នុងន័យនេះហើយ ដែលស្ថាបនិកគេហទំព័រព្រះពុទ្ធសាសនា ៥០០០ឆ្នាំ នៅក្រុងភ្នំពេញ លោក ស្រុង ចាន់ណា បានចំណាយពេលវេលាផ្សព្វផ្សាយវចនៈ គឺឱវាទរបស់ព្រះសម្មាសម្ពុទ្ធតាមរយៈគេហទំព័រអស់រយៈពេលជិត ៤ឆ្នាំកន្លងទៅនេះ៖ «…បាទ! ស្ម័គ្រចិត្ត យើងស្តាប់យល់ទៅគិតថា ការងារហ្នឹងយើងធ្វើបាន ហើយមានប្រយោជន៍ក៏ចាប់ផ្ដើមធ្វើទៅ។ ដល់ពេលពុទ្ធបរិស័ទទទួលបានអត្ថប្រយោជន៍ច្រើន កម្លាំងចិត្តក៏មានតៗទៅពង្រីកការផ្សព្វផ្សាយហ្នឹង…»។
ព្រឹត្តិការណ៍សំខាន់ទី២ នៃពិធីបុណ្យមាឃបូជានេះ គឺការរំឭកដល់ការដាក់អាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលព្រះអង្គបានប្រកាសក្នុងថ្ងៃពេញបូណ៌មី ខែមាឃ ក្នុងព្រះជន្ម ៨០ព្រះវស្សា ថាក្នុងរយៈពេលបីខែទៀត ព្រះអង្គនឹងយាងចូលបរិនិព្វានលែងវិលកើតវិលស្លាប់ក្នុងវដ្ដនេះត ទៅទៀត។
ឯកសារគម្ពីរដីកាផ្នែកពុទ្ធសាសនាកត់ត្រាថា ព្រឹត្តិការណ៍ទី១ នៃសម័យប្រជុំចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធសមណគោតម ទ្រង់ផ្តល់ឱវាទបាតិមោក្ខនោះ គឺជាថ្ងៃពេញបូណ៌មី ខែមាឃ ក្នុងវស្សាទី១ ជាឆ្នាំដំបូងនៃការត្រាស់ដឹងរបស់ព្រះអង្គ ក្នុងព្រះជន្មាយុ ៣៥ឆ្នាំ។ រីឯព្រឹត្តិការណ៍ទី២ នៃការដាក់អាយុសង្ខាររបស់ព្រះអង្គ គឺជាថ្ងៃពេញបូណ៌មី ខែមាឃ ក្នុងវស្សាចុងក្រោយគម្រប់៤៥ នាព្រះជន្មគម្រប់ ៨០ឆ្នាំ គឺ ៣ខែមុនពុទ្ធសករាជ៕rfa