ភ្នំពេញ»ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បំភ្លឺពីការចេញប្លង់កម្មសិទ្ធិកាន់កាប់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ អតីតមន្ទីរពេទ្យសម្ភពក្រុងដែលកំពុងមានរឿងចម្រូងចម្រាស។
ការបំភ្លឺនេះ បន្ទាប់ពីបុគ្គលិកនៃមន្ទីរពេទ្យនេះនាំគ្នាតវ៉ាដល់រដ្ឋសភាកាល ថ្ងៃសុក ទី៦ កុម្ភៈ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋបកស្រាយឲ្យច្បាស់លាស់ចំពោះ បញ្ហានេះ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ បញ្ជាក់នៅថ្ងៃទី៧ កុម្ភៈ ថា ការធ្វើប្លង់កម្មសិទ្ធិនៃមន្ទីរពេទ្យនេះ ធ្វើឡើងតាមបែបបទនៃក្រសួងហិរញ្ញវត្ថុ ដែលតម្រូវឲ្យស្ថាប័នរដ្ឋត្រូវមានប្លង់សកម្មសិទ្ធិគ្រប់គ្រងត្រឹមត្រូវ។
លោកថា មន្ទីរនេះបានបាត់ប្លង់កម្មសិទ្ធិតាំងពីឆ្នាំ២០០៩ ដោយមានការផ្លាស់ប្ដូរប្រធានមន្ទីរសុខាភិបាល បួនជំនាន់កន្លងមក៖ «កន្លងមកយើងអត់បានយកប្លង់នេះមកគ្រប់គ្រង់ទេ វាមិនដឹងនៅលើប្រធានមួយណាទេ»។
លោកពន្យល់ថា ប្លង់នោះត្រូវធ្វើជាពីរផ្នែក មុខនិងក្រោយ ដោយសារមានអ្នកភូមិអ្នកស្រុកដែលជាសំណង់មិនរៀបរយ កាត់ផ្ដាច់ជាពីរ មិនអាចធ្វើប្លង់រួមដោយបូកភូមិអ្នកស្រុកបាន៖ «បាទ! ត្រូវតែធ្វើទាំងអស់ហ្នឹង យើងមិនធ្វើតែមួយណា»។
លោកបញ្ជាក់ទៀតថា អាគារមួយផ្នែកនៅខាងមុខដែលនៅជាប់ផ្លូវ១៦៩ ឬហៅថា ផ្លូវឆេកូស្លូវ៉ាគី ដែលជាក្ដីកង្វល់របស់បុគ្គលិកលោកខ្លាចបាត់បង់នោះ នឹងធ្វើប្លង់នៅពេលក្រោយបន្តបន្ទាប់ទៀត តែលោកមិនបញ្ជាក់ថា នៅពេលណានោះទេ។
ការបកស្រាយនេះ បន្ទាប់ពីមានការរិះគន់ពីបុគ្គលិកពេទ្យថា ទីតាំងមួយផ្នែកនៃមន្ទីរពេទ្យនេះត្រូវថ្នាក់ដឹកនាំជាន់ខ្ពស់លក់ទៅ ឲ្យឯកជន ឬតាមរូបភាពដោះដូរ។
បុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមណ្ឌលសុខភាព៧មករា ដែលមានទីតាំងនៅសង្កាត់វាលវង់ ខណ្ឌ៧មករា បដិសេធសេចក្ដីប្រកាសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ស្នើឲ្យបំភ្លឺពីប្លង់កម្មសិទ្ធិនៃមន្ទីរពេទ្យនោះឡើងវិញ។
តាមរយៈលិខិតមួយចុះថ្ងៃទី៦ កុម្ភៈ ដោយមានផ្ដិតមេដៃពីក្រុមបុគ្គលិកពេទ្យជាច្រើននាក់ និងផ្ញើជូនទៅអភិបាលសាលារាជធានីភ្នំពេញ ទៅរដ្ឋសភា ដើម្បីឲ្យជួយអន្តរាគមន៍ចំពោះការចេញប្លង់ទីតាំងមន្ទីរពេទ្យថ្មី មានភាពមិនប្រក្រតី។
ភាពមិនប្រក្រតី ឬហេតុនាំឲ្យមានការសង្ស័យនោះ គឺប្លង់ថ្មីដែលបិទប្រកាសកាលពីល្ងាចថ្ងៃទី៥ កុម្ភៈ បានបាត់អាគារមួយនៅខាងមុខគេចេញពីប្លង់នោះ។ ការប្រកាសរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម មានខ្លឹមសារថា ទីតាំងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នឹងត្រូវបាត់បង់ បើសិនជាពុំមានឯកសារវិញ្ញាបនបត្រសំគាល់អចលនវត្ថុចាស់ទេនោះ។
តែលិខិតនោះបានកំណត់ឲ្យតវ៉ាតែ១ខែប៉ុណ្ណោះ ខណៈដែលលិខិតប្រកាសចេញតាំងពីថ្ងៃទី៨ មករា ហើយទើបយកបិទផ្សាយនៅល្ងាចថ្ងៃទី៥ កុម្ភៈ ដែលធ្វើឲ្យក្រុមបុគ្គលិកពេទ្យ មិនអាចតវ៉ានោះទេ ព្រោះនៅសល់តែ១ថ្ងៃនៃថ្ងៃធ្វើការ គិតមកថ្ងៃសុក្រ ទី៦ កុម្ភៈ។ ជាងនេះទៅទៀត ក្នុងលិខិតប្រកាសនោះ ពុំបានបង្ហាញគំនូសប្លង់នៃមន្ទីរពេទ្យទាំងមូលឲ្យច្បាស់លាស់ឡើយ។
មន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ប៉េង ហុងសុជាតិខែមរ៉ូ មានប្រសាសន៍ថា ក្រសួងលោកគ្រាន់តែជាអ្នកទទួលសេវាធ្វើប្លង់កម្មសិទ្ធិតាមការស្នើ ប៉ុណ្ណោះ៖ «ក្រសួងខ្ញុំនៅពេលរដ្ឋសម្រេចយ៉ាងម៉េចៗ គឺចុះទៅធ្វើសាវានោះជូនចំពោះការគ្រប់គ្រងទ្រព្យរដ្ឋគឺនៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត អួង មេសា ជាបុគ្គលិកនៃមន្ទីរពេទ្យនេះថ្លែងថា បុគ្គលិកទាំងអស់នៅតែទាមទារឲ្យមានប្លង់រួមដើម្បីបញ្ចៀសនូវការ បាត់បង់ទ្រព្យសម្បត្តិរដ្ឋ៖ «សុំឲ្យមានប្លង់រួម អត់មានមន្ទីរមួយមានប្លង់ពីរទេ កន្លងមកមន្ទីរពេទ្យនេះមានប្លង់រួមទាំងអស់»។
ទាក់ទងបញ្ហានេះ ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា លោក ហូរ វ៉ាន់ និងជាអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ថាលោកនឹងអង្កេតមើលរឿងនេះ។ លោកបន្តថា ការប្រកាសប្លង់ថ្មីដោយធ្វើទុតិយតាលើប្លង់ចាស់ ឬយកតាមប្លង់ចាស់ ប៉ុន្តែបានបាត់អាគារមួយផ្នែកនៃមន្ទីរពេទ្យចេញពីប្លង់កម្មសិទ្ធិ នោះពិតជាមានភាពមិនប្រក្រតី ឬអាចមានកំហុសឆ្គងអ្វីមួយដែលខ្លួនលោកផ្ទាល់ក៏មានចម្ងល់ជា ច្រើនជុំវិញបញ្ហានេះដែរ។
ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ធ្លាប់មានគម្រោងផ្លាស់ប្ដូរបុគ្គលិកចេញពីអាគារខាងមុខពេទ្យម្ដង រួចមកហើយកាលពីឆ្នាំមុន ដោយឲ្យទៅធ្វើការរួមគ្នានៅអាគារផ្នែកខាងក្រោយ ប៉ុន្តែត្រូវក្រុមបុគ្គលិកនាំគ្នាធ្វើបាតុកម្មតវ៉ាក៏ផ្អាកទៅវិញ រហូតមកដល់ពេលនេះ៕ RFA
ក្រុមគ្រូពេទ្យតវ៉ានៅខាងមុខមន្ទីរពេទ្យបង្អែករាជធានី ភ្នំពេញ ឬពេទ្យសម្ភពក្រុង នៅខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៤ ចំពោះការបង្ខំឲ្យរុះរើដោះដូរការិយាល័យធ្វើការ។