រតនគិរី៖នៅថ្ងៃចូលឆ្នាំដំបូង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ ជាបងថ្លៃ មានទំនាស់ពាក្យសម្ដី ជាមួយបងស្រីរបស់ខ្មាន់កាំភ្លើង ជាលក្ខណៈជីវិតប្ដីប្រពន្ធ នៅក្នុងឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
ក្រោយទំនាស់ពាក្យសម្ដី ជាមួយប្រពន្ធ ជនរងគ្រោះ ឈ្មោះ ពលៈ ក៏ឡើងម៉ូតូចេញពី ផ្ទះម្ដាយក្មេកនេះ សំដៅទៅលំនៅរបស់ខ្លួន នៅក្រុងបានលុង ចំងាយរាប់សិបគីឡូ ដោយកូនស្រីរបស់ខ្លួន ក៏រត់ឡើងម៉ូតូ តាមខ្លួនដែរ។
បន្តិចក្រោយមក ប្អូនថ្លៃឈ្មោះ អ៊ាត កេង ជាទាហាន និងបក្ខពួកជិះឡាន ម៉ូតូ ដេញតាមពីក្រោយ រហូតដល់ទាន់ចំណុចស្ងាត់មួយ។ ពេលនោះ ប្អូនថ្លៃជាខ្មាន់កាំភ្លើង បានដកកាំភ្លើងខ្លី ភ្ជង់ផ្ទប់ក្បាលជនរងគ្រោះ និងរុញច្រានដើមទ្រូង ភ្ជាប់ដោយសម្ដីអាមឹង សំឡុត គំរាមរកបាញ់សំលាប់។ គ្រានោះ កូនស្រីរបស់ ជនរងគ្រោះ ត្រូវជាក្មួយជនល្មើស ផងនោះ ក៏ស្រែកយំឡើង។
ប្រហែលជាជនល្មើស ខ្លាចអ្នកដំណើរ ឆ្លងកាត់ទីនោះ ឃើញហេតុការណ៍ បូករួមទាំងសម្រែកយំ របស់ក្មេងស្រី បានធ្វើឲ្យខ្មាន់កាំភ្លើង បន្ថយសកម្មភាព។
ឃើញឱកាសដកឃ្លាបាន ជនរងគ្រោះ បានលើកកូនស្រីរបស់ខ្លួន ជិះម៉ូតូគេចខ្លួនបន្ត ទៅផ្ទះមេឃុំមួយ តែមិនមែនជាឃុំកើតហេតុទេ។
លោកមេឃុំគណបក្សប្រជាជន ដែលជាជនជាតិដើម បានការពារ ឲ្យផ្ទះស្នាក់នៅ ដោយសុវត្ថិភាព និងព្រមទាំងជួយទំនាក់ទំនង សមត្ថកិច្ចឲ្យជនរងគ្រោះ ដាក់ពាក្យប្ដឹងថែមទៀត នៅថ្ងៃបន្តបន្ទាប់។
នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ដោយមិនចង់រំខានលោកឃុំ ប្រកបដោយ ព្រហ្មវិហារធម៌យូរ ជនរងគ្រោះ បានលាទៅទីរួមខេត្តវិញ តែដោយផ្លូវឆ្ងាយជាង ៥០ គីឡូ និងស្ងាត់ អមដោយព្រៃផងនោះ ជនរងគ្រោះ ក៏ហៅបងប្អូន ពីក្រុងបានលុង ឲ្យមកជួយអមដំណើរខ្លួនទៅ។ ថយការភ័យបន្តិច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ បានទាក់ទងលោក មេឃុំចិត្តធម៌នោះ ដើម្បីជួយណែនាំប្ដឹងផ្ដល់។
លោកមេឃុំ បានទាក់ទងអធិការស្រុកវ៉ឺនសៃ។ ទៅដល់អធិការដ្ឋាន លោកអធិការថា ទៅប្ដឹងស្នងការដ្ឋាន នគរបាលខេត្តវិញ។ ជនរងគ្រោះ បានចេញមកក្រុងបានលុង ឆ្ពោះទៅស្នងការដ្ឋាន តែបានបន្តិច លោកមេឃុំ ទូរស័ព្ទហៅត្រឡប់ ឲ្យទៅប្ដឹងខាងប៉េអឹមស្រុកវ៉ឺនសៃវិញ បើខាងនគរបាល មិនទទួលពាក្យ។ ជនរងគ្រោះ ក៏បកទៅប៉េអឹមស្រុកនោះ ជួបមន្ត្រី និងទាក់ទងទៅមេប៉េអឹមស្រុក តាមទូរស័ព្ទ។ មេប៉េអឹម ប្រាប់ថា មិនអីទេចាំលោក ស្រាវជ្រាវ ទៅផ្ទះសិនចុះ។
មកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះ មិនអស់ចិត្ត ព្រោះតែមិនទាន់មាន សមត្ថកិច្ចណាទទួល ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរ ខ្លួនបានទៅស្នងការដ្ឋាននគរបាលខេត្ត។ ពេលនោះ នគរបាលខេត្ត ប្រាប់ថា ទៅប្ដឹងខាងប៉េអិមវិញ ព្រោះខ្មាន់កាំភ្លើង ជាទាហាន។ ជនរងគ្រោះ មិនបង្អង់បានទំនាក់ទំនង ទៅខាងប៉េអឹមខេត្ត។ ជួបប៉េអឹមម្នាក់ គាត់ក៏បានប្រាប់ឲ្យ ទៅខាងទទួលផែន។ ខាងទទួលផែនព្រហ្មទណ្ឌ បានទទួលពាក្យប្ដឹងផ្ទាល់មាត់ របស់ជនរងគ្រោះ និងជួយសរសេរពាក្យប្ដឹងនេះ រួចឲ្យជនរងគ្រោះ ផ្ដិតមេដៃ។
ជនរងគ្រោះ សង្ឃឹមថា អាវុធហត្ថខេត្ត នឹងចាត់នីតិវិធី ដូចជា ទូរស័ព្ទហៅខ្មាន់កាំភ្លើង ឲ្យចូលខ្លួន ចេញលិខិតកោះហៅ តាមរយៈក្រុមគ្រួសារ និងចុងក្រោយ បញ្ជូនសំណុំរឿង ទៅស្ថាប័នអយ្យការ ឲ្យចាត់ការបន្ត។
បើតាមឳពុកជនរងគ្រោះ បានទូរស័ព្ទទៅជួយជនល្មើស ជនល្មើសប្រាប់ ទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចខាងលើមែន។ ខ្មាន់កាំភ្លើង ប្រាប់ឳពុកជនរងគ្រោះ តាមទូរស័ព្ទថា ទោះយ៉ាងណា គេមិនបានបាញ់ មួយគ្រាប់ណាទេ គឺគ្រាន់តែគំរាមបំភ័យ ជនរងគ្រោះជាបងថ្លៃ កុំឲ្យទាស់ជាមួយប្រពន្ធ ដែលជាបងស្រី របស់ខ្លួនទៀត៕