ខេត្តបាត់ដំបង ៖ ពិជារឿងគួរឲ្យសង្វេគ និងអាណោចអាធ័មបំផុត ខណៈដែលក្មេងស្រីវ័យ៧ឆ្នាំម្នាក់ បានបាត់បង់ជីវិតតែមួយប៉ប្រិចភ្នែក ដោយសារលង់ទឹកស្រះ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកខាងក្រោយផ្ទះប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី០២ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ សូ សាវឌី អាយុ០៧ឆ្នាំ ឪពុកឈ្មោះ សូ វណ្ណី អាយុ៣៧ឆ្នាំ។ ប្រភពបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅលេងទឹកស្រះក្រោយផ្ទះ ក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕