ភ្នំពេញ ៖ ៣ សប្តាហ៍កន្លងទៅនេះអ្នកនយោបាយពីអតីតគណបក្សប្រឆាំង និងពីខាងរដ្ឋាភិបាលបានប្រើវោហារស័ព្ទតាមប្រព័ន្ធឃោសនាតបតគ្នាទៅវិញទៅមក លើប្រធានបទសមាជិកភាពកម្ពុជានៅអង្គការសហប្រជាជាតិ (អ.ស.ប)។
កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី ២១ ខែធ្នូក្រោមចំណងជើង “មានការស្នើឲ្យព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ” បានទាញចំណាប់អារម្មណ៍របស់ខ្ញុំឲ្យធ្វើការស្រាវជ្រាវអំពីករណីនេះ។
ក្នុងន័យនេះខ្ញុំសូមនាំមិត្តអ្នកអានមកឈ្វេងយល់ពីប្រវត្តិដើមនៅពេលដែលកម្ពុជាដាក់ពាក្យសុំចូលជាសមាជិកអង្គការសហប្រជាជាតិ និងតើអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិធ្លាប់ត្រូវបានព្យួរឬទេ ?
កម្ពុជាដែលកាលនោះក្រោមការដឹកនាំរបស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិតាំងពី ១ ឆ្នាំមុនប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។
ការណ៍នេះមានន័យថាអ្នកដឹកនាំសម័យនោះមានចក្ខុវិស័យវែងឆ្ងាយសម្រាប់អាយុជីវិតនៃប្រទេសដ៏តូចមួយនេះ និងយល់ពីសារៈសំខាន់នៃការភ្ជាប់ខ្លួនជាមួយក្លិបពហុភាគីដ៏ធំនេះព្រោះយើងដឹងច្បាស់ថាធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រៅពីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិក៏បានឲ្យសារៈសំខាន់លើគោលការណ៍របស់សហប្រជាជាតិជាពិសេសប្រទេសមិនថាធំ ឬតូចមានចំនួនប្រជាជនរាប់កោដិ ឬតិចជាងកន្លះលាននាក់
គឺមានសំឡេង ១ ស ដូចគ្នានៅមហាសន្និបាត។ ជាងនេះទៀតធម្មនុញ្ញសហប្រជាជាតិបានចែងអំពីគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយ។
ដោយយល់ពីគោលការណ៍សំខាន់ទាំងនេះហើយបានជានៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ១៩៥២ រដ្ឋមន្ត្រីការបរទេស ហ៊ុយ កន្ធុល (Huy Kanthoul) របស់កម្ពុជាបានសរសេរលិខិតទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ឌេក ហាម៉ាហ្សូល ដែលតាមរយៈលិខិតនោះកម្ពុជាបានខិតខំបញ្ចុះបញ្ចូលនូវចំណុចសំខាន់ៗដូចជា ៖
-កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព និងមានការទទួលស្គាល់ដោយ ៣២ ប្រទេស។
-កម្ពុជា មានអ្នកតំណាងនៅបណ្តារដ្ឋធានីឯទៀត។ រហូតដល់ពេលនេះអាមេរិក ចក្រភពអង់គ្លេស ថៃ អ៊ីតាលី និងអូស្ត្រាលីបានប្រគល់សារតាំងថ្វាយ ព្រះមហាក្សត្រកម្ពុជារួចហើយ។ ទោះមិនទាន់ក្លាយជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាជាសមាជិករបស់អង្គការភ្នាក់ងារជំនាញរបស់ អ.ស.ប ដូចជាអង្គការ WHO (ឆ្នាំ ១៩៥០) FAO (ឆ្នាំ ១៩៥០) UNESCO (ខែធ្នូ ឆ្នាំ ១៩៥០) UPU (ឆ្នាំ ១៩៥១) ITU (ឆ្នាំ ១៩៥១) និងអង្គការអន្តរជាតិឯទៀត។
ក្រោយពីលិខិតនេះបានទៅដល់ដៃលោកអគ្គលេខាធិការហើយគេត្រូវរង់ចាំដល់ទៅ ៣ ឆ្នាំទើបកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ។ នោះគឺដោយសារដំណើរការបញ្ចូលប្រទេស ១ ជាសមាជិកអង្គការសហប្រជាជាតិមួយជាដំបូងត្រូវអនុម័តយល់ព្រមដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបន្ទាប់មកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវផ្តល់អនុសាសន៍ទៅកាន់មហាសន្និបាត អ.ស.ប ដោយសំឡេង ២/៣ នៃសមាជិកទាំងអស់ ៥១ ប្រទេសនាសម័យនោះ។
សូមបញ្ជាក់ថាក្រៅពីកម្ពុជាមានប្រទេសជាង ១០ ទៀតរួមទាំងប្រទេសជប៉ុនផងដែរត្រូវបានយកមកពិចារណាក្នុងពេលតែមួយ។
ប៉ុន្តែនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រទេសជប៉ុនត្រូវបានបោះឆ្នោតវេតូដោយសហភាពសូវៀត។ ការណ៍នេះធ្វើឲ្យប្រទេសអាមេរិកដែលគាំទ្រជប៉ុនបានតវ៉ាដោយប្រើពាក្យសម្តីធ្ងន់ៗជាមួយសហភាពសូវៀត។ រហូតដល់អាមេរិកនិយាយថាពាក្យសម្តីរបស់សហភាពសូវៀតទាំងប៉ុន្មាន និងការជំទាស់នឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ។
ក្រោយមកក្រោមការសម្របសម្រួលពីសំណាក់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិប្រទេសជប៉ុនត្រូវបានដកចេញពីបញ្ជីបេក្ខភាព និងត្រូវយកទៅពិភាក្សាពេលក្រោយ។ ១ ឆ្នាំក្រោយមកទើបជប៉ុនបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ។
កម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិព្រមគ្នាជាមួយប្រទេសឯទៀតនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៥៥ ដូចមានឯកសារសម្គាល់ S/RES/109(1955 របស់ក្រុមប្រឹក្សាសន្តិសុខ និង A/RES/995(X) របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តនៅថ្ងៃដដែល។
ក្រោយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិរួចរាល់ លោក នង គឹមនី ដែលជាតំណាងឲ្យកម្ពុជាក្រៅពីថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលបានបញ្ចូលកម្ពុជាជាសមាជិកក៏បានសម្តែង ការខកចិត្ត ចំពោះការខ្ទាស់បេក្ខភាពក្នុងបញ្ជីតែមួយដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។
លោក នង គីមនី បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ការជំទាស់នេះបានធ្វើឲ្យប្រជាជនកម្ពុជាមានការសោកស្តាយទូទាំងប្រទេស ព្រោះយើងដឹងច្បាស់ថាកម្ពុជាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ហើយស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថានាពេលបច្ចុប្បន្ននេះវិញការបញ្ចូលប្រទេសមួយជាសមាជិក ត្រូវការយ៉ាងហោចណាស់ ៩ សំឡេង (លើ ១៥ សំឡេង) នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាមនីតិវិធីប្រសិនបើមានការជំទាស់ ឬហៅថា វេតូ ពីប្រទេសមហាអំណាចណាមួយដូចជា៖ អាមេរិក ចិន បារាំង ចក្រភពអង់គ្លេស ឬសហភាពសូវៀតនោះការសើ្នសុំចូលជាសមាជិកត្រូវបរាជ័យ។ រីឯមហាសន្និបាតអង្គការសហប្រជាជាតិត្រូវការសំឡេង ២/៣។
ចុះចំណែកការព្យួរ ឬបណ្តេញចេញពីអង្គការសហប្រជាជាតិ តើមានប្រទេសណាមួយត្រូវជួបនឹងបទពិសោធនេះឬទេ?ជាចម្លើយខ្លីរហូតដល់ពេលនេះមិនមានប្រទេសណាត្រូវបានគេបណ្តេញចេញទេ។
ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិអនុញ្ញាតឲ្យមានលទ្ធភាពព្យួរប្រទេសមួយពីសមាជិកភាព។ តាមនីតិវិធីគឺត្រូវផ្តើមដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងបន្ទាប់មកត្រូវបញ្ជូនទៅមហាសន្និបាតអនុម័តដោយយកសំឡេង២/៣។ ក្នុងប្រវត្តិអង្គការសហប្រជាជាតិមានតែប្រទេសអាហ្វ្រិកខាងត្បូងមួយគត់ដែលត្រូវបានព្យួរសមាជិកភាព។
យោងវេបសាយផ្លូវការរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍អាហ្វ្រិកខាងត្បូងនៅញូវយ៉កឲ្យដឹងថា អាហ្វ្រិកខាងត្បូងត្រូវបានព្យួរនៅឆ្នាំ ១៩៧៤ មិនឲ្យចូលរួមការងារអង្គការសហប្រជាជាតិដោយសារកាលនោះមានបញ្ហាពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ (Apartheid)។ ១២ ឆ្នាំក្រោយមកទើបប្រទេសនេះត្រូវបានឲ្យចូលក្នុងអង្គការសហប្រជាជាតិឡើងវិញ។
ចំពោះបញ្ហាស្តីពីការដកខ្លួនវិញនៅឆ្នាំ ១៩៦៥ ឥណ្ឌូនេស៊ីបានជ្រើសរើសយកការដកខ្លួនចេញពីអង្គការសហប្រជាជាតិ ដោយសារតែខ្លួនមិនសប្បាយចិត្តនឹងការណ៍ដែលម៉ាឡេស៊ីក្លាយជាសមាជិកមិនអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែ ១៨ ខែក្រោយមកទើបឥណ្ឌូណេស៊ីបានចូលអង្គការសហប្រជាជាតិវិញដោយមិនមានការដាក់ពាក្យសុំចូលជាសមាជិកភាពជាថ្មីនោះទេ។
ចំណែកឯកម្ពុជាវិញពេញមួយប្រវត្តិ ៦២ ឆ្នាំរហូតដល់ថ្ងៃនេះអង្គការសហប្រជាជាតិមិនដែលបានចេញសេចក្តីសម្រេចចិត្តណាព្យួរ ឬដកអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិទេ។ ការប្តូរពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយមិនបានធ្វើឲ្យអាសនៈរបស់រដ្ឋមួយនៅអង្គការសហប្រជាជាតិបាត់បង់ទេ។
ប៉ុន្តែបើយោងតាមលោក បេន្នី វីដ្យូណូ អ្នកការទូតអាជីពបម្រើការជាមួយអង្គការសហប្រជាជាតិនាសម័យអ៊ុនតាក់ដែលបានសរសេរសៀវភៅក្រោមចំណងជើងថា “រេរាំក្នុងស្រមោលៈ សីហនុ ខ្មែរក្រហម និងអង្គការសហប្រជាជាតិក្រោយសម័យប្រល័យពូជសាសន៍នៅកម្ពុជា” បានរៀបរាប់ពីការប្រទាញប្រទង់អាសនៈកម្ពុជារវាងរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ ហើយបានបណ្តាលឲ្យអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានទុកនៅទំនេរ ២ លើក។
លើកទី ១ គឺក្រោយរដ្ឋាភិបាលរដ្ឋកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍នាឆ្នាំ ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហមនៅតែបន្តកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាសនៈកម្ពុជាត្រូវបានទុកឲ្យនៅទំនេរនាឆ្នាំ ១៩៩០ ដែលកាលនោះឧត្តមក្រុមប្រឹក្សាជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០ ដែលតំណាងឲ្យបណ្តាភាគីជម្លោះ។ នៅខែកញ្ញាឆ្នាំ ១៩៩១ ឧត្តមក្រុមប្រឹក្សាជាតិដែលដឹកនាំដោយអតីតព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានផ្តល់អាសនៈនៅមហាសន្និបាតអង្គការសហប្រជាជាតិ។
សូមកត់សម្គាល់ថាចាប់ពីឆ្នាំ ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហមជាតំណាងស្របច្បាប់នៅអង្គការសហប្រជាជាតិ។ តំណាងខ្មែរក្រហមតែងឡើងថ្លែងនៅមហាសន្និបាត អ.ស.ប រាល់ខែកញ្ញារហូតដល់ឆ្នាំ ១៩៨៩ គឺលោក សឺន សាន ជាតំណាងឲ្យកម្ពុជាប្រជាធិបតេយ្យបានមកថ្លែងនៅមហាសន្និបាត អ.ស.ប។ ប៉ុន្តែនៅឆ្នាំ ១៩៩០ ជាពេលដែលអាសនៈកម្ពុជាត្រូវទុកឲ្យនៅទំនេរនៅពេលដែលកម្ពុជាកំពុងស្ថិតក្នុងអន្តរកាល។
រហូតដល់ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឯកភាពលើការបង្កើតឧត្តមក្រុមប្រឹក្សាជាតិដែលមានព្រះអង្គម្ចាស់ នរោត្តម សីហនុ ជាប្រមុខទើបអាសនៈកម្ពុជានៅមហាសន្និបាតត្រូវប្រគល់ឲ្យឧត្តមក្រុមប្រឹក្សាជាតិនេះឯង។ ដូច្នេះហើយទើបគេឃើញព្រះអង្គម្ចាស់ នរោត្តម សីហនុ បានឡើងថ្លែងនៅមហាសន្និបាតក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជានៅខែកញ្ញា ឆ្នាំ ១៩៩១។
លើកទី ២ ដោយសារការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅកណ្តាលក្រុងភ្នំពេញរវាងគណបក្សធំ ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិចនាថ្ងៃទី ៥-៦ ខែកក្កដាឆ្នាំ ១៩៩៧ អាសនៈកម្ពុជាត្រូវបានប្រទាញប្រទង់ម្តងទៀតនៅមហាសន្និបាតអង្គការសហប្រជាជាតិព្រោះនាយករដ្ឋមន្ត្រីទី ១ និងនាយករដ្ឋមន្ត្រីទី ២ បានបញ្ជូនគណៈប្រតិភូផ្លូវការដោយឡែកពីគ្នាចូលរួមកិច្ចប្រជុំនាខែកញ្ញា។
ដើម្បីរកច្រកចេញអាសនៈកម្ពុជាត្រូវបានទុកនៅទំនេរជាថ្មីនៅឆ្នាំនោះតាមសេចក្តីសម្រេចលេខ A/52/719 របស់គណៈកម្មាធិការសារតាំងរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថាសម្រាប់ខែកញ្ញាឆ្នាំ ១៩៩៧ និងខែកញ្ញាឆ្នាំ ១៩៩៨ មិនមានតំណាងកម្ពុជាណាឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិទេ។ ក្រោយមានរដ្ឋាភិបាលចម្រុះមួយថ្មីទើបគេឃើញសម្តេច ហ៊ុន សែន បានអញ្ជើញមកថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាឆ្នាំ ១៩៩៩។
ជាការវាយតម្លៃកម្ពុជាជាប្រទេសតូច និងក្រដែលប្រទេសនេះចាំបាច់ត្រូវស្ថិតក្នុងក្លិប ឬស្ថិតក្នុងក្រុមជាមួយគេឯង ជាពិសេសដូចជាអង្គការតំបន់ អាស៊ាន និងអង្គការសហប្រជាជាតិ ឬអង្គការធំៗឯទៀតទោះជាត្រូវរងការលំបាកក្នុងការបង់វិភាគទានប្រចាំឆ្នាំក៏ដោយនេះគឺដើម្បីថែរក្សាអធិបតេយ្យ និងមានសំឡេងដូចគេនៅលើឆាកអន្តរជាតិ។ ការរស់នៅដាច់ពីគេនឹងធ្វើឲ្យកម្ពុជាចុះខ្សោយ និងអាចរងការទន្ទ្រានពីប្រទេសជិតខាង និងអាណានិគម។ សូមអានសៀវភៅក្រោមចំណងជើងថា “តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?”៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍