ភ្នំពេញ ៖ ប្រទេសជប៉ុន បានផ្តល់ថវិកាចំនួណ ៣៨៤,៨១៧ ដុល្លារអាមេរិក សម្រាប់សាង សង់ មជ្ឈមណ្ឌលសូត្រ,សាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ , ការស្តារ និង ជួសជុលប្រព័ន្ធធារាសាស្ត្រ និងកែលំអរផ្លូវថ្នល់ នៅក្នុងខេត្តក្រុងចំនួន៤នៃប្រទេសកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ហ៊ីរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងឱ្យដឹងនៅ ក្នុង ពិធីចុះហត្ថលេខាផ្តល់ និងទទួលថវិកា កាលពីរសៀលថ្ងៃទី២ខែមីនានេះថា រដ្ឋាភិបាលជប៉ុន បាន ឯកភាពផ្តល់ថវិកាទាំងនេះ ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ ទ្រាយ តូច សន្តិសុខមនុស្សជាតិ (ជំនួយគូសារណូណិ) ទៅលើអង្គភាពសំខាន់ៗចំនួន៤ ដែលក្នុងនោះ មាន ទី១ ៖ ផ្តល់ជូនទៅគម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នូវថវិកាចំនួន៩០,៨៣៤ដុល្លារអាមេរិក។
តាមរយៈគម្រោងនេះ កសិករដែលចិញ្ចឹមដង្កូវនាង កំពុង ជួបប្រទះនូវការលំបាក ដូចជាជំងឺ ដង្កូវ នាង ជាលទ្ធផល វាបានធ្វើឱ្យផលិតភាព មានការ ធ្លាក់ចុះ ហើយប្រាក់ចំណូលក៏ធ្លាក់ចុះ ផង ដែរ។ មជ្ឈមណ្ឌលសូត្រនេះ នឹងផលិតពងដង្កូវនាងដែលគ្មានជំងឺ ហើយផ្តលើពងទាំងនោះដល់ កសិករចិញ្ចឹមដង្កូវនាង ជាមួយនឹងការបណ្តុះបណ្តាលបច្ចេកទេស ។ គម្រោងនេះត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការផលិតសូត្រដែលមានគុណភាពខ្ពស់ បង្កើនប្រាក់ ចំណូលដល់កសិករ និងធ្វើ ឱ្យវិស័យឧស្សាហកម្ម សិប្បកម្មសូត្រ បែបបប្រពៃណីមានការ រីកចំរើន និងរស់ឡើងវិញ។
គម្រោងទី២ ផ្តល់នូវថវិកាចំនួន ១១៤,៨២១ដុល្លារអាមេរិក ជូនទៅមជ្ឈមណ្ឌល ប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែថ្មីមួយ នឹងត្រូវសាងសង់នៅក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជា កន្លែងដាំដុះធំទី២នៅកម្ពុជា ។មជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក ចាយ បន្លែដំបូងគេ នៅកម្ពុជា ដែលមានមន្ទីពិសោធន៍ ដើម្បីពិនិត្យមើលនូវការជាប់សេសសល់ ថ្នាំសម្រាប់សម្លាប់សត្វល្អិត ដែលមាននៅលើបន្លែ ដោយមានការសហការជាមួយក្រុមហ៊ុនជប៉ុន។
គម្រោងនេះនឹងរួមចំណែកផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ទៅកាន់ទីផ្សារ ហើយបង្កើននូវស្លាក យីហោបន្លែរបស់ខេត្តកណ្តាល ។ កសិករប្រមាណ២០០០ នាក់ នឹងអាចនាំចេញបន្លែរបស់ពួកគេតាមរយៈមជ្ឈមណ្ឌលនេះ។
គម្រោងទី៣ ផ្តល់ជូននូវថវិកាចំនួន ៨៩,៩០០ដុល្លារអាមេរិក សម្រាប់សាងសង់ទ្វារទឹក និងជួសជុលសំណង់លូទោល សម្រាប់ប្រព័ន្ធធារាសាស្ត្រដំរែក ក្នុងខេត្តកំបង់ឆ្នាំង ។ តាមរយៈ គម្រោងនេះ ទំបន់ទឹកប្រវែង១៥០០ម៉ែត្រនឹងត្រូវសាងសង់ និងជួសជុលឡើងវិញ នៅក្នុងស្រុក រលាប្អៀរ ។ គម្រោងនេះរំពឹងថា នឹងមានប្រជាពលរដ្ឋប្រហែល ៣០០០នាក់ ទទួលបានទឹកជា ប្រចាំ ដើម្បីស្រោចស្រព ហើយទំនប់ទឹកនេះ នឹងត្រូវប្រើប្រាស់ជាផ្លូវថ្នល់ក្រោយពេលបញ្ចប់ គម្រោង។
ចំណែកគម្រោងទី៤ ផ្តល់ថវិកាចំនួន ៨៩,២៦២ ដុល្លារអាមេរិក សម្រាប់សាងសង់ផ្លូវបេតុង នៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។ ផ្លូវដែលមានស្រាប់ប្រវែង ៤៥៣ ម៉ែត្រ នឹងត្រូវអភិ វឌ្ឍន៍ ទៅជាផ្លូវបេតុង ដែលមានប្រព័ន្ធបង្ហូរទឹក ។ គម្រោងនេះត្រូវបានរំពឹងថា ផ្លូវនេះនឹងផ្តល់អត្ថ ប្រយោជន៍ ដល់ប្រជាជនជិត១៥,៧០០នាក់ នៅក្នុងតំបន់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជន ក្នុងតំបន់ ទៅសាលារៀន មន្ទីរពេទ្យ ផ្សារ ពិសេស លើកកម្ពស់ការដឹកជញ្ជូនគ្រឿងសមុទ្រស្រស់ៗ ពីទីផ្សារគ្រឿងសមុទ្រ នៅក្នុងតំបន់ទៅកាន់គោលដៅចែកចាយ។
សូមបញ្ជាក់ថា គម្រោងទាំង៤នេះ បានមកទទួលដោយ ឯកឧត្តម ជេត ជាលី សាកល វិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល, លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ ឆ្នាំង និង លោក អន ដាវុធ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត កោះកុង៕