បេឡា​ជាតិ​នឹងមាន​របប​ថ្មី​មួយទៀត​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ជាយថាហេតុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា នឹង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម ផ្នែក​និកម្មភាព​ថ្មី​មួយ​បន្ថែមទៀត ដើម្បី​ការពារ ដល់ក​ម្មករ និយោជិត ដែល​រងគ្រោះ​ដោយសារ ម្ចាស់​ក្រុមហ៊ុន ឬ ថៅកែ​រោងចក្រ បិទទ្វារ និង​រត់ចោល​រោងចក្រ​។​

​ក្រោយ​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល ការងារ​ឆ្នាំ​២០១៧ និង ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមីនា កន្លងទៅនេះ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត​មាន​ថា របប​សន្តិសុខ​សង្គម ផ្នែក​និកម្មភាព គឺ​សម្រាប់​ឲ្យ​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង់​ភាគទាន ទៅក្នុង​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដើម្បី​ទប់ស្កាត់​ហានិភ័យ​ជាយថាហេតុ​ណាមួយ​កើតឡើង ដោយ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម អាច​នឹង​ទូទាត់​លទ្ធភាព ជំនួស​ដល់​បងប្អូន​ក​ម្មករ ពោលគឺ គ្រប់​វិធានការណ៍​ទាំងអស់ ដែល​រៀបចំ ឡើង ដើម្បី​ធានា​នូវ​សុវត្ថិភាព ជូន​ដល់ក​ម្មក និយោជិត កុំ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍ និង​មាន​កង្វល់​តទៅទៀត​។​

​លោក បណ្ឌិត អ៊ិត សំហេង បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់​ទទួលបាន​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ពី​ការទូទាត់​ប្រាក់​សំណង​ជូន​ដល់ក​ម្មករ និយោជិត ដែល​ជួប​បញ្ហា​រោងចក្រ​ដួលរលំ (​ម្ចាស់​ក្រុមហ៊ុន​ឬ​ថៅកែ​រោងចក្រ​បិទទ្វារ និង​រត់ចោល ក្រុមការងារ​ដែល​ពាក់​ព័ន្ធ បាន​ចុះ​ទៅតាម​រោងចក្រ​ទាំងអស់នោះ ដើម្បី​រៀបចំ​ផ្ទៀងផ្ទាត់​ឡើងវិញ នូវ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​នានា ដែល​កម្មករនិយោជិត ត្រូវ​ទទួលបាន ហើយនឹង​ពិនិត្យមើល​លទ្ធភាព នៃ​ការ​រឹប​យក នៃ​សម្ភារៈ ឬ ទ្រព្យសម្បត្តិ ម្ចាស់​ក្រុមហ៊ុន (​ថៅកែ​) បោះបង់ចោល​និង សេសសល់ ថា​អាច​ទូទាត់​សង​ទៅ​ថវិការដ្ឋ​វិញ​យ៉ាងម៉េច​។​
​លោក បណ្ឌិត រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះ​ការទូទាត់​ជា​បណ្តើរៗ​នេះ មិន​ប៉ះពាល់​ដល់​អតីតភាព​ការងារ​របស់​បងប្អូន​កម្មករ និយោជិត​នោះទេ គឺ​នៅតែមាន​សម្រាប់ សោធន​និវត្តន៍ ប៉ុន្តែ​ការធ្វើ​បែបនេះ ដើម្បី​បង្កើន​ជំនឿ​ចិត្ត រវាង កម្មករនិយោជិត និង​និយោជក ដែល​កំពុង​បំរើ​ការងារ​ជាមួយ កុំឱ្យ​វា​ធ្ងន់​ទៅលើ​ភាគី​ម្ខាងៗ ហើយ​វិធី​នេះ មាន​ករណី​រោងចក្រ​ខ្លះ​បានធ្វើ​។

​គួររម្លឹកថា រោងចក្រ​ចំនួន​៩​ដែល​បាន​បិទទ្វារ​នាពេល​កន្លងមក ក្នុងនោះ​នៅ​ខេត្តកណ្តាល​ចំនួន​០១ ខេត្តកំពង់ស្ពឺ​ចំនួន​០៣ និង​រាជធានី​ភ្នំពេញ​ចំនួន​០៥ ហើយ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ហិរញ្ញប្បទាន​ពិសេស សរុប​ចំនួន​ជាង​៤​លាន​៥​សែន​ដុល្លារ​អាមេរិក ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ និយោជិត ចំនួន​៤.១៤៦​នាក់​៕​