ភ្នំពេញ ៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ បានច្រានចោលសេចក្ដីសន្និដ្ឋានរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនដោយរំលោភបំពានពាក់ព័ន្ធនឹង ករណីលោក កឹម សុខា ថា មានចរិតនយោបាយ បន្ទាប់ពីក្រុមការងារនេះ ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។ តំណាងកម្ពុជា បានឆ្លើយតបថា ការទាមទារឲ្យដោះលែងលោក កឹមសុខា មិនមែនជាជំហររបស់អង្គការសហប្រជាជាតិនោះឡើយ។
សូមរំលឹកថា ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពាន (WGAD) កាលពីថ្ងៃទី៩ឧសភា កន្លងទៅនេះ បានចាត់ទុកការឃុំខ្លួនលោក កឹម សុខា ប្រធានអតីតបក្សសង្គ្រោះជាតិ ថាធ្វើឡើងដោយបំពានច្បាប់។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចបន្តឃុំលោកកឹម សុខា រយៈពេល៦ខែទៀតក្នុងពន្ធនាគារ។ ហើយក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពាន បានទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងលោក កឹម សុខា ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
ក្រោយពីមានព័ត៌មាននេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ក៏ចេញមកច្រានចោល ហើយព្យាយាមបកស្រាយពីការពិតអំពីសាច់រឿងនេះ តាមរយៈសេចក្តី ប្រកាសព័ត៌មានមួយ ដែលធ្វើចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ។
លោក ណី សំអុល តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូត បានថ្លែងបញ្ជាក់ថា ក្រុមការងារមួយឈ្មោះក្រុមការងារទទួលបន្ទុកស្តីពីការឃុំខ្លួនដោយរំលោភ បំពាន (Working Group on Arbitrary and Detention) បានធ្វើសេចក្តីសន្និដ្ឋាន ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប៉ុន្តែមិនមែនជាសេចក្តីសន្និដ្ឋានរបស់អង្គការសហប្រជាជាតិនោះទេ។
លោក ណី សំអុល បញ្ជាក់ថា «សេចក្តីសន្និដ្ឋានរបស់ក្រុមការងាររបស់អង្គការសហ ប្រជា ជាតិនេះ គ្រាន់តែបង្ហាញពីទស្សនៈផ្ទាល់ខ្លួនរបស់មនុស្សមួយក្រុមប៉ុណ្ណោះ ដោយពុំមានទម្ងន់ផ្នែកច្បាប់ទៅលើរដ្ឋអធិបតេយ្យណាមួយឡើយ។ លោកថា ពុំមានពាក្យណាមួយដែលថាអង្គការ សហ ប្រជាជាតិប្រាប់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក កឹម សុខា នោះទេ។ វា ជាកំហុសធ្ងន់ធ្ងរ ដែលធ្វើឲ្យសាធារណជនយល់ច្រឡំចំពោះសេចក្តីសន្និដ្ឋាននេះ»។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ លោក ណី សំអុល បានរិះគន់ក្រុមការងារទទួល បន្ទុកការឃុំខ្លួនដោយរំលោភបំពាន ថា បានធ្វើសេចក្តីសន្និដ្ឋាន ដោយពុំបានផ្អែកលើប្រភពពីរដ្ឋា ភិបាលកម្ពុជា គឺកំពុងបន្ទាបតម្លៃយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍អព្យាក្រឹត និងឯករាជ្យភាពរបស់ខ្លួន»។
បន្ទាប់មកតំណាងកម្ពុជា ក៏បានឆ្លើយតបនឹងអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា មានបំណងកេងចំណេញ និងចង់ធ្វើឲ្យសេចក្តីសន្និដ្ឋានរបស់ក្រុមការងារខាងលើ ក្លាយទៅជារឿងនយោបាយ ស្របពេលការបោះឆ្នោត កាន់តែខិតជិតមកដល់៕
( លោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជា និងជាតំណាងអចិន្ត្រៃយ៍ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ)