ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០១៨ នេះ មានព្រះជន្មគម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ។ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ។នៅក្នុឱកាសព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រនៅឆ្នាំនេះ មានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជារាជបុត្រារបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងមានព្រះមាតាព្រះនាម នរោត្ត មុនីនាថ សីហនុ ។ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ។ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាក្រោយពេលដែលព្រះបិតាដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ។
ចាប់តាំងពីថ្ងៃឡើងគ្រងរាជ្យមកដល់ពេលនេះគឺមានរយៈពេល១៤ឆ្នាំហើយ ។មុនពេលឡើងសោយរាជ្យព្រះអង្គ ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូតវប្បធម៌នៅអង្គការ យូណេស្កូ(UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។
អំឡុងពេលរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ ព្រះអង្គគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្តនៅប្រទេស កូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។
ក្នុងពេលនោះដែរខ្មែរក្រហមដែលកំពុងកាន់អំណាចប្រឆាំងនឹងរាជានិយម បានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ត្រូវបានរំដោះដោយកងទ័ពរណសិរ្យកម្ពុជាគាំទ្រដោយប្រទេសវៀតណាម។ នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួលព្រះរាជតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ក៏ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគ ជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមានព្រះរាជសមត្ថភាព អាចមានព្រះសុវណ្ណីជាភាសាឆែកបានយ៉ាងល្អ។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំង ។ព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ។
ការឡើងគ្រងរាជ្យ
នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៤ ដែលត្រូវបានជ្រើសរើសដោយសមាជិកទាំង៩រូប នៃក្រុមប្រឹក្សារាជសម្បិត្ត បន្ទាប់ពីការដាក់រាជ្យនៃសម្តេចព្រះ នរោត្តម សីហនុ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន និងសម្តេច ក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះជាព្រះប្រធានរដ្ឋសភាដែលជាព្រះរៀមម្តាយទីទៃជាមួយព្រះអង្គ ដែលសម្តេចទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។
ប្រវត្តិនៃការសិក្សា
នៅឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គទ្រង់បានចូលសិក្សា នៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រាគ (Prague) ប្រទេសឆេកូស្លូវ៉ាគី ។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។
ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងរុស្សីបានយ៉ាងល្អប្រសើផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រាគ ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រលប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧៕