ប៉ាណាម៉ា៖លោកប្រធានាធិបតីអាមេរិកអូបាម៉ា និងលោកប្រធានាធិបតីគុយបាកាស្ត្រូបានជួបសន្ទនាគ្នារយៈពេល ១ម៉ោងនៅថ្ងៃសៅរិ៍ ទី១១ មេសានាឱកាសជំនួបកំពូលអាមេរិកក្នុងប្រទេសបាណាម៉ា។ គឺជាជំនួបលើកទី១ គិតតាំងពី ៦០ឆ្នាំកន្លងទៅ និងដែលរូបលោកអូបាម៉ាផ្ទាល់បានចាត់ទុកជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ។ ក្រៅពីមានជំនួបផ្លូវការជាមួយលោកប្រមុខរដ្ឋគុយបា លោកអូបាម៉ាក៏បានជួបសន្ទនាគ្នារយៈពេលខ្លីជាមួយលោកប្រមុខរដ្ឋ វ៉េណេស៊ុយអេឡានីកូឡា ម៉ាឌុយរ៉ូដែលជាសត្រូវមួយទៀតរបស់អាមេរិកនៅក្នុងតំបន់។
ក្រៅ ពីមានជំនួបផ្លូវការជាប្រវត្តិសាស្ត្រជាមួយលោកប្រធានាធិបតីគុយបា រ៉ាអ៊ូល កាស្ត្រូ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាក៏បាននិយាយឆ្លងឆ្លើយគ្នាមួយភ្លែតជាមួយលោកប្រធានាធិបតី វ៉េណេស៊ុយអេឡានីកូឡា ម៉ាឌុយរ៉ូ។ គឺជាកិច្ចសន្ទនាលើកទី១ រវាងឥស្សរជននយោបាយជាន់ខ្ពស់ទាំងពីររូបតាំងពីលោកម៉ាឌុយរ៉ូឡើង ស្នងតំណែងបន្តពីលោកហ៊ុយហ្គោ ឆាវ៉េ។ លោកអូបាម៉ាបាននិយាយប្រាប់លោកម៉ាឌុយរ៉ូច្បាស់ៗថា អាមេរិកគ្មានប្រយោជន៍អ្វីដែលត្រូវគំរាមហែងវ៉េណេស៊ុយអេឡាទេ តែចង់ឃើញលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងភាពសម្បូរសប្បាយនៅវ៉េណេស៊ុយអេឡា និងនៅក្នុងតំបន់។
ជាការ ឆ្លើយតបវិញ លោកម៉ាឌុយរ៉ូហាក់ដូចជាបានបន្ទន់ឥរិយាបទបន្តិច ដោយបានបោះដៃទៅរកលោកអូបាម៉ាដើម្បីបើកកិច្ចសន្ទនា។ តែទន្ទឹមគ្នានេះ លោកម៉ាឌុយរ៉ូក៏បន្តរក្សាជំហរម៉ឹងម៉ាត់ទល់នឹងអាមេរិក ព្រមទាំងមានការប្រយ័ត្នប្រយែងចំពោះសំណើរបស់លោកអូបាម៉ា។
« ខ្ញុំចង់ជឿលោកដែរតែខ្ញុំនៅមិនទាន់ទុកចិត្តលោកនៅឡើយ។ខ្ញុំគោរពលោកតែខ្ញុំមិនទុកចិត្តលោកទាល់តែសោះប្រធានាធិបតីអូបាម៉ា។ប្រសិនជាដូចអ្វីដែលលោកចង់បានមែននោះយើងនឹងនិយាយគ្នា។តែបើលោកមិនចង់ទេក៏គ្មានបញ្ហាអ្វីដែរហើយនៅពេលនោះវាជាកេរ្តិ៍ដំណែលដែលលោកបានបន្សល់ទុកសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។ខ្ញុំធ្លាប់បាននិយាយច្រើនដងហើយប្រធានាធិបតីអូបាម៉ា។កុំទុកបណ្តោយឲ្យអ្វីៗកើតមានដូចនៅក្នុងសម័យ George W.Bush ដែលបានគាំទ្ររដ្ឋប្រហារយោធានៅវ៉េណេស៊ូយអេឡាប្រឆាំងនឹងលោកឆាវ៉េ។ ប្រវត្តិសាស្ត្រត្រូវតែនាំទៅកាន់ផ្លូវផ្សេង។ ខ្ញុំយល់ព្រមចាប់ដៃជាមួយលោក ប្រធានាធិបតីអូបាម៉ាដើម្បីយើងអាចនិយាយគ្នាបានក្នុងបំណងសន្តិភាព និងដោះស្រាយភាពចម្រូងចម្រាសដែលអាមេរិក និងវ៉េណេស៊ូយអេឡាកំពុងមានសព្វថ្ងៃ »
ការនិយាយឆ្លើយឆ្លងគ្នារវាងលោកអូបាម៉ា និងលោកម៉ាឌុយរ៉ូបានកើតមានឡើង ចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាសកំពុងមានទំនាក់ទំនងយ៉ាងតានតឹងរវាងគ្នា។ ធ្ងន់ធ្ងរកាន់តែខ្លាំង គឺក្រោយពីលោកអូបាម៉ាបានចុះហត្ថលេខាលើក្រិត្យមួយកាលពីដើមខែ មីនាកន្លងទៅ ដោយបានដាក់ទ័ណ្ឌកម្មប្រឆាំងនឹងថ្នាក់ដឹកនាំជាន់ខ្ពស់វ៉េណេស៊ុយអេឡា ជាច្រើនរូបពីបទរំលោភសិទ្ធិមនុស្ស។ ទន្ទឹមគ្នានេះ ក្រិត្យរបស់អាមេរិកក៏បានចាត់ទុកវ៉េណេស៊ុយអេឡាជាប្រទេសគំរាមកំហែង លើសន្តិសុខផ្ទៃក្នុងអាមេរិកដែរ។ ក៏ប៉ុន្តែ លោកម៉ាឌុយរ៉ូហាក់ដូចជាមិនបដិសេធទាំងស្រុងពីការបើកកិច្ចសន្ទនា ជាមួយអាមេរិកទេ តែត្រូវផ្អែកលើការគោរពគ្នាទៅវិញ ទៅមក។
ងាកមកមើលកិច្ចសន្ទនារវាងលោកប្រមុខរដ្ឋគុយបាកាស្ត្រូ និងប្រមុខរដ្ឋអាមេរិកអូបាម៉ាម្តង គឺហាក់ដូចជាមានភាពល្អូតល្អឺន និងបង្កប់ដោយការយល់គ្នាច្រើនជាង។ លោកកាស្ត្រូបានសុំឲ្យលោកអូបាម៉ាអត់ទោសឲ្យលោក និងបាននិយាយត្រង់ៗថា លោកអូបាម៉ាមិនមែនជាអ្នកទទួលខុសត្រូវលើរឿងរ៉ាវនៅក្នុងអតីតកាល រវាងអាមេរិក និងគុយបាទេ និងថា លោកអូបាម៉ាជាបុរសម្នាក់ទៀងត្រង់ និងប្រកបដោយគុណធម៌។
« ខ្ញុំសុំឲ្យលោកអូបាម៉ាមេត្តាអត់ទោសឲ្យខ្ញុំផងព្រោះខ្ញុំដឹងថាគាត់មិនមែនជាអ្នកទទួលខុសត្រូវចំពោះរឿងរ៉ាវដែលបានកើតឡើងនៅក្នុងអតីតកាលរវាងអាមេរិក និងគុយបាទេ។តើមុនលោកអូបាម៉ាអាមេរិកមានប្រធានាធិបតីប៉ុន្មាននាក់ហើយ១១នាក់១២នាក់គឺមាន១០នាក់ហើយនៅមុនលោកអូបាម៉ា។អ្នកទាំងនោះសុទ្ធតែមានការទទួលខុសត្រូវចំពោះគុយបានិងប្រជាជនគុយបា។គេអាចនិយាយអ្វីក៏បានដែរទាក់ទងនឹងប្រព័ន្ធដឹកនាំនយោបាយនៅគុយបា។តែវាជារឿងត្រឹមត្រូវដែលខ្ញុំបានស្នើលោកអូបាម៉ាមេត្តាអត់ទោសឲ្យខ្ញុំព្រោះខ្ញុំក៏ដូចជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលផ្សេងទៀតដែលមានវត្តមាននៅក្នុងជំនួបកំពូលអាមេរិកនិងដែលខ្ញុំបានជួបម្នាក់ម្តងៗបានគិតដូចគ្នាថាលោកប្រធានាធិបតីអូបាម៉ាជាបុរសម្នាក់ទៀងត្រង់និងប្រកបដោយគុណធម៌ »
ជាការឆ្លើយតបវិញ លោកអូបាម៉ាបានទទួលស្គាល់ថា អ្វីដែលលោកកាស្ត្រូបានលើកឡើង គឺជាការពិត ព្រោះមានព្រឹត្តិការណ៍ជាច្រើនបានកើតមានឡើងនៅមុនកំណើតរបស់លោក ទៅទៀត។ តែអ្វីដែលលោកអូបាម៉ាមិនភ្លេចបញ្ជាក់នោះគឺថា គុយបាមិនមែនជាប្រទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិកទេ។
ប្រសាសន៍លោកប្រធានាធិបតីអាមេរិកអូបាម៉ា 12/04/2015 ស្តាប់
« បើគេបានស្តាប់ប្រសាសន៍របស់លោកប្រធានាធិបតីគុយបាកាស្ត្រូចំណុចជាច្រើនដែលលោកកាស្ត្រូបានលើកឡើងគឺទាក់ទងជាពិសេសទៅនឹងព្រឹត្តិការណ៍ដែលបានកើតមាននៅមុនថ្ងៃកំណើតរបស់ខ្ញុំទៅទៀត។ដូច្នេះសាររបស់ខ្ញុំនៅទីនេះគឺថាសង្គ្រាមត្រជាក់បានចប់ហើយ។
បច្ចុប្បន្ននេះយើងទាំងអស់គ្នាបាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងលោក។ជាមួយគុយបាយើងនៅមានចំណុចជាច្រើនដែលយើងមិនទាន់អាចនិយាយចុះសម្រុងគ្នាបាន។ចំណុចខ្វែងគំនិតគ្នាដែលមាននោះ គឺមិនមែនទាក់ទងតែនឹងទស្សនៈយល់ឃើញរបស់រដ្ឋាភិបាលគុយបាចំពោះពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេតែក៏មានបញ្ហានៅក្នុងតំបន់មួយចំនួនដែរ។ទន្ទឹមគ្នានេះក៏នឹងមានសំណុំរឿងផ្សេងទៀតដែលយើងនឹងរួមសហការណ៍ជាមួយគ្នា។តែអ្វីដែលគួរបញ្ជាក់ឲ្យបានច្បាស់នោះគឺថាគុយបាមិនមែនជាប្រទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិកទេ »
លោកអូបាម៉ា និងលោកកាស្ត្រូបានទទួលស្គាល់ដូចគ្នាថា នៅមានបញ្ហាជាច្រើនដែលអាមេរិក និងគុយបាត្រូវបន្តជជែកគ្នា។ តែមានសំណុំរឿងខ្លះត្រូវបានភាគីនីមួយៗបន្តរក្សាជំហររៀងៗខ្លួន ពិសេសទាក់ទងនឹងរឿងសិទ្ធិសេរីភាព និងរឿងសិទ្ធិមនុស្ស។ ចប់ហើយជំនួបកំពូលអាមេរិកលើកទី៧ ក្នុងប្រទេសប៉ាណាម៉ា តែអ្វីដែលជំនួបកំពូលបានបន្សល់ទុកសម្រាប់ពិភពលោក គឺជំនួបជាប្រវត្តិសាស្ត្ររវាងលោកប្រមុខរដ្ឋគុយបា និងអាមេរិក៕RFI
លោកប្រធានាធិបតីគុយបា រ៉ាអ៊ូល កាស្ត្រូ និងលោកប្រធានាធិបតីអាមេរិកអូបាម៉ាReuters