អធិការបតី អាល្លឺម៉ង់ លោកស្រី អង់ជីឡា មឺកែល បានសន្យាផ្ដល់កម្ចី 100 លានដុល្លារ ទៅឲ្យប្រទេស ហ្សកដានី ជាប្រទេសដែលកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ច ហើយកម្ចីនេះ បំណងជួយដល់ ហ្សកដានី ឲ្យធូរស្រាលឡើងវិញ ក្រោយមានការតវ៉ាយ៉ាងខ្លាំងរបស់ប្រជាជន ប្រឆាំងនឹងកំណែទម្រង់ហិរញ្ញវត្ថុ ដែលប្រជាជនអះអាងថា បណ្ដាលឲ្យជីវភាពរបស់ប្រជាជនជួបនឹងការលំបាកកាន់តែខ្លាំង ។
លោកស្រី មឺកែល បានទៅដល់ទីក្រុង បេរូត ប្រទេស ហ្សកដានី ក្នុងចំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសដែលទទួលយកជនភៀសខ្លួន ស៊ីរី រាប់ម៉ឺននាក់ ដោយជួបជាមួយមេដឹកនាំ និង មន្ត្រីរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គការជនភៀសខ្លួនអង្គការសហប្រជាជាតិ ។ លោកស្រី មឺកែល និយាយថា មូលនិធិនឹងជួយដល់ប្រទេស ហ្សកដានី ក្នុងដំណើរការកំណែទម្រង់សេដ្ឋកិច្ចគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ហ្សកដានី បានកែប្រែការគោលនយោបាយរឹតបន្តឹងការចំណាយមួយចំនួន ដូចជាបោះបង់ច្បាប់ពន្ធលើកប្រាក់ចំណូល ដែលជាចំណុចកណ្ដាលនៃបញ្ហាដែលនាំឲ្យមានការតវ៉ាទូទាំងប្រទេស រយៈពេលជិតពីរសប្ដាហ៍ និងជាការតវ៉ាទ្រង់ទ្រាយធំបំផុតក្នុងប្រទេស ហ្សកដានី រយៈពេលច្រើនទសវត្សកន្លងទៅនេះ ។
ហ្សកដានី កំពុងជួបនឹងវិបត្តិសេដ្ឋកិច្ច ចំណែកបំណុលមានអត្រាខ្ពស់ប្រៀបធៀបនឹងផលិតផលសរុប ញ៉ាំងឲ្យមានវិធានការកំណែទម្រង់សេដ្ឋកិច្ច និង ហិរញ្ញវត្ថុទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល 29 ឆ្នាំ ជាកំណែទម្រង់គាំទ្រដោយមូលនិធិហិរញ្ញវត្ថុអន្តរជាតិ៕