ថៃឡង់ះថៃប្រទេសនាំចេញ គ្រឿងសមុទ្ទលំដាប់លេខបីលើពិភពលោក ដែលកំពុងជាប់ចោទពីបទរំលោភសិទ្ធិមនុស្សក្នុងវិស័យនេសាទ ទំនងជាអាចជាប់ទណ្ឌកម្មថ្មីមួយទៀតពីសំណាក់សហភាពអឺរ៉ុប។ ត្បិតនៅថ្ងៃអង្គារទី ២១មេសានេះ គណៈកម្មការអឺរ៉ុប បានព្រមានទុកពេលឱ្យថៃ៦ខែ ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ បើពុំនោះទេ ថៃនឹងត្រូវទទួលរងទណ្ឌកម្មពាណិជ្ជកម្ម។
ថ្ងៃ នេះជាការព្រមាន តែថ្ងៃមុខ នឹងមានការបិទទីផ្សារអឺរ៉ុបលែងនាំចូលផលិតផលនេសាទ ដូចជាត្រីឈាម និងបង្គារ មកពីប្រទេសថៃទៀតទេ ប្រសិនបើថៃមិនចាត់វិធានការបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ទេនោះ។ ទីផ្សារដែលផ្តល់ចំណូលដល់ថៃប្រមាណជា៦៤២លានអឺរ៉ូ នៅឆ្នាំ២០១៤។ ក្រុងបាងកក មានពេល៦ខែ សម្រាប់រៀបចំផែនការកែខ្លួន ដែលស្នើឡើងដោយសហភាពអឺរ៉ុប ដោយត្រូវយ៉ាងហោចណាស់បង្កើតវិធានការត្រួតពិនិត្យ តាមដានសកម្មភាពនេសាទ ព្រោះអឺរ៉ុបធា្លប់បានពិភាក្សាអំពីការនេសាទខុសច្បាប់ជាមួយថៃ តាំងពីឆ្នាំ២០១១មក ប៉ុន្តែរដ្ឋាភិបាលគ្មានបញ្ចេញសកម្មភាពអ្វីទាំងអស់ ការនេសាទប្រព្រឹត្តទៅដោយខុសច្បាប់និងយ៉ាងសេរី។
ការដាក់កំហិតលើថៃនេះ បានទទួលការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អង្គការក្រៅ រដ្ឋាភិបាលដូចជា អង្គការOceana Pew WWF Environmental Justice Doundation។ សម្រាប់អង្គការដែលប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ថៃជាប្រទេសដែលមានការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ដោយ ប្រើកម្មករជាទាសករ វាយបង្ខំ ឱ្យធ្វើការជាទម្ងន់ ធ្វើទារុណកម្មយ៉ាងឃោរឃៅ អមនុស្សធម៌បំផុត។ ថ្មីៗនេះថៃបានអនុម័តច្បាប់ការពារសិទ្ធិកម្មករនេសាទ ប៉ុន្តែការអនុវត្តន៍ច្បាប់ក្នុងស្ថានភាពជាក់ស្តែងជារឿងផ្សេង។
ក្នុងក្របខ័ណ្ឌនៃប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នេះ អឺរ៉ុបបានបិទទីផ្សាររបស់ខ្លួនតាំងពីខែមីនា ២០១៤មក មិនឱ្យមានការនាំចូលផលនេសាទមកពីប្រទេសកម្ពុជា ហ្គីណេ និងស្រីលង្កាទេ ហើយក៏ហាមឃាត់នាវានេសាទអឺរ៉ុបមិនឱ្យចូលក្នុងដែនទឹកប្រទេសទាំង នោះដែរ។ អឺរ៉ុបបានចាត់វិធានការដូចគ្នាប្រឆាំងនឹងកូរ៉េខាងត្បូងនៅឆ្នាំ ២០១៣ និងហ្វីលីពីននៅឆ្នាំ២០១៤។ តែដោយប្រទេសទាំងពីរបានខិតខំធ្វើកំណែទម្រង់សមស្រប បំពាក់ការតាមដានការនេសាទខុសច្បាប់ អឺរ៉ុបក៏បានលុបចោលការព្រមានវិញ។ សហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ក្នុងការធានារក្សាធនធានធម្មជាតិ មច្ឆាពិភពលោក៕rfi
ទូកនេសាទថៃ នៅខេត្តប៉ាតានី កម្មករភាគច្រើនជាអន្តោប្រវេសន៍ភូមា(Photo : AFP)