ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ ដោយធ្វើអនុបយោគដី រាជាយស្ម័យយានរាជធានីភ្នំពេញ ដែលមានទំហំដីជាង១,៧ហិកតាទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ។
អនុក្រឹត្យស្តីពីការធ្វើអនុប្រយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋមក ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៥ឲ្យដឹងថាដីបឹងកំប្លោក រាជាយស្ម័យយានកម្ពុជានៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្ថិតនៅផ្លូវលេខ១១០ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំសរុប១៧២១០,៩៧ម៉ែត្រក្រឡា ត្រូវធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ។
បើតាមអនុក្រឹត្យ កន្លែងផ្សេងៗដែលត្រូវបានធ្វើអនុបយោគរួមមានទីស្នាក់ការភូមិពោង ពាយរ បស់ក្រសួងមហាផ្ទៃ ស្ថិតនៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ទំហំ៧១០ម៉ែត្រក្រឡា ដីមួយផ្នែករោងចក្រឥដ្ឋទី១ ចាក់អង្រែលើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទំហំ៥០៦៤០ហិកតា អគារលេខ១០អតីតរដ្ឋភណ្ឌាគាររបស់ក្រសួងពាណិជ្ជកម្ម ស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេ ទំហំសុរប៥៥១ម៉ែត្រ ក្រឡា។
អនុក្រឹត្យបញ្ជាក់ថាការលុបទីតាំងខាងលើចេញពីបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋត្រូវស្ថិតនៅក្រោមការចាត់ចែងនីតិវិធីដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួង មហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិមិនគាំទ្រឲ្យមានការធ្វើអនុបយោគដីរាជាយស្ម័យយាននោះទេ ដោយលោកចាត់ទុកថានេះជាទ្រព្យសម្បត្តិមានប្រយោជន៍សម្រាប់រដ្ឋ។ លោកបន្តថាកន្លងទៅ រដ្ឋាភិបាលបានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាតិជាច្រើន តាមរយៈការធ្វើអនុបយោគ ដោយបើកមានការលក់ទៅឲ្យក្រុមហ៊ុនឯកជន។លោកបានបញ្ជាក់ថាច្បាប់ ភូមិបាលកម្ពុជាមានភាពខ្វះចន្លោះ ដោយអនុញ្ញាតឲ្យមានការធ្វើអនុបយោគដីដែលជាទ្រព្យ សម្បត្តិរដ្ឋ។
លោកបញ្ជាក់ថា«គួរតែបញ្ឈប់ការលក់ ផ្ទេរ ឬផ្លាស់ប្តូរដីពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិ ឯកជនរបស់រដ្ឋ ដែលបង្កឱកាសមានមានការលក់ បាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋដែលជាផលប្រយោជន៍ជាតិ។ ខ្ញុំយល់ឃើញថាគួរតែទុក(រាជាយស្ម័យយាន)វិញ ជាទ្រព្យសម្បត្តិរបស់រដ្ឋដែលមិនអាចលក់បាន ដើម្បីកុំឲ្យបាត់បង់ទ្រព្យ សម្បត្តិជាតិដែលជាផលប្រយោជន៍ជាតិ»។
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
យោងតាមមាត្រា១៦នៃច្បាប់ភូមិបាលដែលត្រូវបានប្រកាសឲ្យប្រើប្រាស់នៅ ឆ្នាំ២០០១ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់ អនុបយោគ។ ចំណែកមាត្រា១៦ចែងថាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុនៃការលក់ ការដូរ ការបែងចែកឬការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់។ ទ្រព្យទាំងនោះអាចផ្ដល់ឱ្យតាមរយៈភតិសន្យា និងជាកម្មវត្ថុនៃកិច្ចសន្យា ដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់។ លក្ខខណ្ឌទាំងឡាយនិងនីតិវិធីនៃការលក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គល សាធារណៈនឹងកំណត់ដោយអនុក្រឹត្យ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យនេះឡើយ។
បើតាមឯកសារប្រវត្តិសាស្ត្រ រាជាយស្ម័យយានរាជធានីភ្នំពេញត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ១៩៣២។ រាជាយស្ម័យយាននេះជាស្ថានីយរថភ្លើងចេញចូលពីភ្នំពេញទៅបាត់ដំបង និងពីបាត់ដំបងមកភ្នំពេញ៕