ភ្នំពេញ ៖ ក្រោយពីបានជួបប្រជុំគ្នារយៈពេល២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ប្រតិភូជាន់ខ្ពស់ តំណាងឱ្យប្រទេសកម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម និង មានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាភិបាល វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ (IRACM) សន្និសីទថ្នាក់តំបន់នេះ បានចេញសេចក្តីប្រកាសរួមមួយ ដោយបានចាត់ទុកបញ្ហាសុខភាពរបស់ពលរដ្ឋជារឿងសំខាន់ និងជាបញ្ហាអទិភាព ដែលត្រូវគិតគូ និងដោះស្រាយ ដោយមិនប្រកាន់ទីកន្លែង ភូមិសាស្ត្រនយោបាយ និងស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសណាមួយឡើយ។
ជាមួយគ្នានោះ ក៏បានទទួលស្គាល់ថា ការរីករាលដាល នៃឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត គឺជាហានិភ័យមួយ ដល់សុខភាព ដែលមិនអាចមើលរំលងបាន ហើយដែលអាចបង្ករផលប៉ះពាល់ដល់សកលលោកទាំងមូល មិនតែប៉ុណ្ណោះ ទំហំនៃផលប៉ះពាល់ នេះក៏មិនអាចប៉ាន់ប្រមាណបានដែរ។
ប្រកាសរួមជាប្រវត្តិសាស្ត្រមួយនេះ បានសង្កត់ធ្ងន់ពីតថភាពមួយ ដែលមិនអាចប្រកែកបាន គឺថា ការផលិត ការចែកចាយ ការលក់ដូរ ផលិផលសុខភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត ពិតជាបានបង្ករគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់សេដ្ឋកិច្ច និងការកសាងនិតិរដ្ឋ ដែលទាមទារឱ្យមានតម្រូវការបន្ទាន់ ក្នុងការចាត់វិធានការ។
នៅក្នុងពិធីបិទសន្និសីទថ្នាក់តំបន់ នារសៀលថ្ងៃទី៦ខែវិច្ឆិកានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្នតម្រូវការឱសថកំពុង មានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបជនឆ្លៀត ឱកាសនិយមមួយចំនួន បានលបលួចផលិត ឱសថក្លែងក្លាយ និងអន់គុណភាព មកចរាចរនៅលើទីផ្សារកម្ពុជា។
សន្និសីទជាអន្តរជាតិនាពេលនេះ ធ្វើឡើងស្របតាមកាលៈទេសៈ របស់កម្ពុជាទៅនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង។
សម្តេចឧបនាយករដ្ឋមន្ត្រីបន្តថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ បានធ្វើឲ្យកម្ពុជា ក៏ដូចជាប្រទេស នៅក្នុងតំបន់ កាន់តែមានតម្រូវការ លើការប្រើប្រាស់ទំនិញគ្រប់ប្រភេទ។ ក្នុងនោះឱសថជាតម្រូវការសំខាន់ និងចាំបាច់មិនអាចខ្វះបាន។
សម្តេច ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ទន្ទឹងនឹងតម្រូវការប្រើប្រាស់ឱសថទើបជនល្មើសឆ្លៀតឱកាសខិតខំធ្វើការផលិតចរាចរ និងចែកចាយលើឱសថក្លែងក្លាយ និងអន់គុណភាព លើទីផ្សារ ដែលនាំឲ្យពលរដ្ឋរងគ្រោះ និងថែមទាំងខាតថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងករណីខ្លះបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតថែមទៀតផង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា កម្ពុជាបានទទួលរងផងដែរ នូវការចរាចរឱសថក្លែងក្លាយ និងអន់គុណភាពក្នុងស្ថានភាព ជាប្រទេសប្រើប្រាស់។
ឯកឧត្តម មាជ សុផាន់ណា ប្រធានគណៈកម្មការអន្តរក្រសួង រៀបចំសន្និសីទនេះបានលើកឡើងថា ប្រទេសក្នុងតំបន់បានរួមគ្នា ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយ ក្នុងការទប់ស្កាត់ និងលុបបំបាត់បញ្ហាឱសថក្លែងក្លាយ អន់គុណភាព ដែលបានរីករាលដាលនៅក្នុងតំបន់ និងសកលលោក ។
បញ្ហាឱសថក្លែងក្លាយ អន់គុណភាព ដែលជាការគំរាមកំហែង និងជាគ្រោះមហន្តរាយដ៏ធំនាពេលបច្ចុប្បន្ន ដែលតម្រូវឱ្យមានកិច្ចសហការក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំង នឹងសកម្មភាព នៃការផលិត ការចរាចរ និងការចែកចាយឱ្យមានប្រសិទ្ធភាព ដែលប្រទេសនីមួយៗត្រូវមានការប្តេជ្ញាចិត្ត ផ្នែកនយោបាយ និងការអនុវត្តច្បាប់ សន្ធិសញ្ញាអន្តរជាតិ នានាដែលពាក់ព័ន្ធផងដែរ៕