ភ្នំពេញ ៖ ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចនឹងទទួលបាននូវអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលជាចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច បង្កើតការងារបន្ថែម និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព” ដោយបានអញ្ជើញតំណាងវិស័យឯកជន សមាគមនានានៃសហគ្រាសធុនតូច និងមធ្យម តំណាងអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនសរុបប្រមាណ ១៨០នាក់ឱ្យចូលរួមក្នុងសិក្ខាសាលានេះ។
មានប្រសាសន៍បើកសិក្ខាសាលា នាព្រឹកថ្ងៃទី៨ មករានេះ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំបង្កើតមូលនិ
ធិអភិវឌ្ឍន៍ជំនាញធនាគារសហគ្រាសធុនតូច និងមធ្យម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាពផងដែរ។
លោកថា វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដាររួមមាន៖ (១).ផលិត ផលកសិកម្ម ឬកសិ-ឧស្សាហកម្ម, (២).ផលិត និងកែច្នៃម្ហូបអាហារ, (៣).កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍, (៤).
កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្ត សាលដទៃទៀត (៥).ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ និង (៦).សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍន៍តំបន់នេះ។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា វិស័យអាទិភាពទាំងនេះមិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាននោះទេ ហើយចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យដូចបានរៀបរាប់ខាងលើអាចទទួលបាននូវការលើកទឹកចិត្តដូចជា៖ ទី១.លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។
ទី២.លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មីឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមានដែលបំពេញលក្ខខណ្ឌណាមួយដូចតទៅនេះ ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០%ឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ៣.លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមាក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល និង៤.លើកទឹកចិត្តចំណាយដែលអាចកាត់កងបានជាដើម៕