សាសនា ៖ មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្ត។
រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសអោយពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួនដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។
ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។
អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។
ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកនៅកម្ពុជា ភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិដែរ។
អ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ប្រាប់ដែរថា ការប្រារព្ធពិធីបុណ្យមាឃបូជា ដែលពុទ្ធបរិស័ទបច្ចុប្បន្នធ្វើ គឺដើម្បីរំឭកដល់ព្រះមហាករុណាទិគុណព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រជុំចតុរង្គសន្និបាត ឬសម្ដែងឱវាទបាតិមោក្ខក្តី និងកាលដែលទ្រង់ដាក់អាយុសង្ខារក្តីណានោះ គឺការគោរពបូជាមិនមែនសំដៅ យកតែចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តនោះទេ ការបូជាដ៏សំខាន់ក្នុងថ្ងៃមាឃបូជា គឺពុទ្ធបរិស័ទទាំងអស់ គប្បីគោរពតាមពុទ្ធឱវាទ ដូចជានាំគ្នារក្សាសីល រួមមានសីល៥ សីល៨ ជាដើមឡើងទៅ។
ក្រៅពីនេះអ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាក៏បានណែនាំថាពុទ្ធសាសនិកគប្បីនាំគ្នាបដិបត្តិធម៌វិបស្សនាកម្មដ្ឋាន និងចម្រើនមេត្តាភាវនាផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងអម្បាលម៉ាននេះ ជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងសព្វសត្វទាំងអស់ ឲ្យបានដល់នូវសេចក្តីសុខ ពិសេសឲ្យបានដល់មនុស្សទូទៅក្នុងសង្គមជាតិខ្មែរ ដែលសព្វថ្ងៃកំពុងជួបបញ្ហាលំបាកផ្នែកនយោបាយមានអំពើហិង្សា សូមឲ្យបានស្បើយពីបញ្ហានេះ និងបានចុះសម្រុងគ្នាឡើងវិញ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យមានសុខសន្តិភាព និងចម្រើនរុងរឿងតទៅមុខ៕