ភ្នំពេញ ៖ ភាគីជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន២ មានទំហំទឹកប្រាក់សរុបចំនួន ៤៩៣៩ លានយ៉េន ត្រូវជាប្រមាណជាង ៤៥លានដុល្លារអាមេរិក ដល់កម្ពុជា ក្នុងនោះហិរញ្ញប្បទានឥតសំណងចំនួន ១៣៤០ លានយ៉េនជប៉ុន ឬប្រមាណ ១១,៨លានដុល្លារអាមេរិក សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅ កំពង់ផែដើម្បីការធ្វើទំនើបកម្មកំពង់ផែ និងឥណទានសម្បទានចំនួន ៣៥៩៩ លានយ៉េន ជប៉ុន ឬប្រមាណ ៣៣,៥ លានដុល្លារអាមេរិកផ្សេងទៀត សម្រាប់គម្រោងស្តារឡើង វិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាបជំហានទី២។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានខាងលើនេះ ត្រូវបានចុះហត្ថលេខា កាលពី
រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា។
តាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថាចំពោះ គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ មាន
ទិសដៅធ្វើបច្ចុប្បភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យ
ឌីជីថលទៅលើការស្នើសុំ និងការផ្តល់ព័ត៌មានជាដើមទៅកាន់អ្នកគ្រប់គ្រងកំពង់ផែដែល គ្រោងនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានី
ភ្នំពេញ។ តាមរយៈវិសាលភាពនេះ នីតិវិធីសម្រាប់ការចេញ-ចូលកំពង់ផែរបស់នាវា នឹងប្តូរ មកប្រើប្រាស់តាមទិន្នន័យ ឌីជីថល ហើយការបង្កើនប្រសិទ្ធិភាព នៃប្រព័ន្ធ Logistic និង ទំនើបកម្មនៃរដ្ឋបាលកំពង់ផែ នឹងត្រូវបានអនុវត្ត។
ដោយឡែក គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក
ខាងលិចទន្លេសាបជំហានទី២វិញ គម្រោងនេះមានទិសដៅសាងសង់ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជិត ១៣ពាន់ ហិកតា។ តាមរយៈគម្រោងនេះ នឹងរៀបចំបង្កើត និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្មនៅតាមតំបន់ជនបទចំនួន៦ អនុគម្រោងនៃខេត្ត ចំនួន៣ នៅភាគខាងលិចបឹងទន្លេសាបរួមមាន អនុគម្រោងលំហាច ខេត្តកំពង់ឆ្នាំង អនុ គម្រោងដំណាក់អំពិល, អនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ ខេត្តពោធិ៍សាត់ អនុ គម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ ខេត្តបាត់ដំបងជាដើម ដែលគម្រោងនេះនឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតវិស័យទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅ
តាមជនបទកាន់តែខ្លាំង៕