ភ្នំពេញ ៖ រដ្ឋសភាបានអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ក្រសួងអប់រំនៅឆ្នាំ២០១៩ មានកំណើន ៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨ ដែលក្នុងនោះថវិកាមួយចំនួនត្រូវយកមកកសាងអគារស្នាក់នៅរបស់សិស្ស និស្សិត ដែលផ្តល់អាទិភាពសម្រាប់សិស្ស និស្សិតស្រី និងគ្រូបង្រៀន នៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យសិស្សស្រី មានឱកាសបានបន្តការសិក្សាឲ្យបានច្រើន ឬរហូតដល់បញ្ចប់ថ្នាក់។
នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍ ន៍ សហគ្រិនស្ត្រីកម្ពុជា សហព័ន្ធអ្នកជំនួញ កីឡាការិនី សិល្បការិនី សរុបចំនួន ២៥០នាក់នៅ វិមានរដ្ឋសភាព្រឹកថ្ងៃទី៤ មីនានេះសម្រាប់ការអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ៖ លើកកម្ពស់យេបឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធាន មនុស្ស ដោយសម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា មានគោលបំណងបន្តអនុវត្តគោល នយោបាយសមភាពយេនឌ័រ និងគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ដែលត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាច របស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
រដ្ឋមន្ត្រីក្រសួងកិច្ចនារី លោកជំទាវ អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា ការពង្រឹងសមភាព យេនឌ័រ និងការគាំពារសង្គម គឺជាសមាសធាតុដ៏សំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស។ លោកជំទាវរដ្ឋមន្ត្រីថា ក្នុងនោះសមភាពយេនឌ័រក្នុងវិស័យអប់រំ ការចុះឈ្មោះចូលរៀនរបស់ សិស្សស្រីបានកើនឡើងដល់កម្រិតអតិបរមា និងសម្រេចបាននូវសមភាពយេនឌ័រនៅកម្រិត បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួន សិស្សស្រីនៅកម្រិតមធ្យមសិក្សាទុតិយភូមិមានការកើនឡើងទាំងបរិមាណ និងគុណភាព ជា ពិសេសសិស្សស្រីដែលទទួលបាននិទ្ទេស អេ នៅក្នុងលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិ មានចំនួនក្នុងរង្វង់ ៥០% ហើយជាមួយវឌ្ឍនភាពនេះ និងដើម្បីទាញយកផលប្រយោជន៍ បន្ថែមទៀតពីការរីកចំរើននៃបច្ចេកវិទ្យា និងការធ្វើនវានុវត្តលើឧស្សាហកម្មដែលមានស្រាប់ ក្នុងបរិការណ៍សកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ស្ត្រី និងក្មេងស្រីត្រូវបានទទួលការ លើកទឹកចិត្ត និងគាំទ្របន្ថែមទៀត ដើម្បីចាប់យកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ជា ពិសេសការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាមការវិវត្តន៍នៃទីផ្សារ ការងារ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ស្ត្រីកម្ពុជាបានក្លាយជា កម្លាំងចលករដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចជាតិកន្លងមក ដោយអត្រាស្ត្រីចូលរួម ក្នុងកម្លាំងពលកម្មមានកម្រិតខ្ពស់ គឺរហូតដល់ទៅ៧៩% ឯណោះ៕