កណ្តាល៖ ក្មេងស្រី៣នាក់ (ពីរនាក់ជាបងប្អូនបង្កើត) បានលង់ទឹកស្លាប់នៅម៉ោង ១:៤០នាទីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវឆ្កាមាត់ទន្លេ ក្នុងភូមិព្រែកចា ឃុំសំបួរ ស្រុកល្វាឯម ខេត្ដកណ្ដាល ខណ:ពួកគេទៅតាមឪពុករបស់ខ្លួនដែលដឺកគោ យកទៅលាងទឹកនៅទន្លេ ។
មន្ដ្រីនគរបាលស្រុកល្វាឯម បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ទី១-ឈ្មោះ យី តា ហៅស្រីគង់ អាយុ៩ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិឃុំកើតហេតុ ខាងលើមានឪពុកឈ្មោះ ឡឹក សាម៉ន អាយុ៣៥ឆ្នាំ និងម្ដាយឈ្មោះ ហៃ សាបាន អាយុ៣២ឆ្នាំ មុខរបរជាកសិករ ទី២-ឈ្មោះ សី ស្រីនាង អាយុ៨ឆ្នាំ មុខរបរជាសិស្ស និង ទី៣-ឈ្មោះ សី ធីតា អាយុ៥ឆ្នាំ ជាបងប្អូនបង្កើត មានឪពុកឈ្មោះ សុទ្ធ ពិសី អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ រឹម សាម៉េត អាយុ៣០ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិព្រែកចា ឃុំសំបួរ ស្រុកល្វាឯម ខេត្ដកណ្ដាល។
មន្ដ្រីដដែលបន្តថា នៅវេលាម៉ោងប្រហែល ១៣:០០នាទីឈ្មោះ ឡឹក សាមន និងឈ្មោះ សុទ្ធ ពិសី ត្រូវជាឪពុកក្មេងរងគ្រោះ បានដឺកគោ យកទៅលាងទឹកនៅមាត់ទន្លេ មួយសន្ទុះក្រោយមកបានដឹកគោយកមកផ្ទះវិញ ហើយកូនទាំង ០៣នាក់នៅងូតទឹកលេងនៅទន្លេឪពុកស្មានតែកូនឡើងមកជាមួយវិញហើយ នៅលេងក្នុងភូមិហើយអស់រយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកផ្ទះ ក៍ផ្អើលនាំគ្នាំទៅទន្លេឃើញតែស្បែកជើងបីគូនិងខោអាវស្រាតទុកនៅមាត់ច្រាំងតែគ្មានឃើញមនុស្សទេ ហើយក៍ជួលទូកវៀតណាមមកមុជរក។ ប៉ុន្តែរកឃើញសាកសពតែ២នាក់ប៉ុណ្ណោះគឺឈ្មោះ សី ស្រីនាង និងឈ្មោះ យី តា ចំណែកម្នាក់ទៀត ឈ្មោះ សី ធីតា គឺនៅមិនទាន់រកឃើញនៅឡើយទេ ៕