អាហ្វ្រិក៖ឆ្លៀតឱកាសដែលលោកប្រធា នាធិបតីស៊ូដង់ ធ្វើដំណើរទៅចូលរួមប្រជុំកំពូលសហភាពអាហ្វ្រិក នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង តុលាការព្រហ្មទណ្ឌអន្តរជាតិ បានស្នើឲ្យប្រទេសនេះ ធ្វើការចាប់ខ្លួន ប្រធានាធិបតីស៊ូដង់ ទៅតាមដីកាចាប់ខ្លួន ដែលបានចេញកាលពីឆ្នាំ២០១០។
តាមការផ្សាយរបស់ RFA បានឲ្យដឹថា នៅថ្ងៃអាទិត្យទី១៤ មិថុនានេះដែរ តុលាការរបស់អាហ្វ្រិកខាងត្បូង មួយ បានចេញសាលដីកា បង្គាប់ឲ្យអាជ្ញាធរ ឃាត់ខ្លួនប្រធានធិបតីស៊ូដង់ ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការសម្រេចរបស់តុលាការខណះលោកប្រធានាធិបតីរូបនេះទៅចូលរួមប្រជុំកំពូលសហភាពអាហ្វ្រិក នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
បើទោះ បីជារដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ខិតខំបិទបាំងយ៉ាងណាក៏ដោយ ការពិតគឺថា លោក អូមា អាល់ បាឆៀរ ប្រធានាធិបតីស៊ូដង់ ពិតជាមានវត្តមាន នៅក្នុងការបើកកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកពិតប្រាកដមែន ព្រោះ មាន ថតរូប ឈរជុំគ្នា នៅជួរខាងមុខគេ ញញឹមស្ញេញ ដោយឥតខ្មាស ឥតញញើតនរណាទាំងអស់។
គូររំលឹកថា តុលាការព្រហ្មទណ្ឌអន្តរជាតិ បានធ្វើលិខិតមួយ កាលពីថ្ងៃទី ២៨ឧសភា ផ្ញើរទៅអាហ្វ្រិកខាងត្បូង ដើម្បីទាមទារឲ្យប្រទេសនេះ គោរពករណីយកិច្ចរបស់ខ្លួន និងធ្វើការចាប់ខ្លួនប្រធានាធិបតីស៊ូដង់ ទៅតាមដីកាចាប់ខ្លួន ដែល តុលាការនេះ បានចេញកាលពីឆ្នាំ២០០៩ និង ២០១០។ លោក អូម៉ា អាល់ បាឆៀរ ប្រធានាធិបតីស៊ូដង់ កាន់អំណាច ២៥ឆ្នាំមកហើយ ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ ចោទថាជាអ្នកនៅពីក្រោយការសម្លាប់រង្គាល ប្រល័យពូជសាសន៍ លើប្រជាជនចំនួន ៣សែននាក់ នៅតំបន់ដាកហ្វួរ ក្នុងរវាងឆ្នាំ២០០៣។
នៅថ្ងៃអាទិត្យ ម្សិលមិញ ទន្ទឹមពេលដែលគេកំពុងចាំមើល ថាតើអាហ្វ្រិកខាងត្បូង នឹងចាប់ ប្រធានាធិបតីស៊ូដង់ដែររឺទេ មានអង្គការក្រៅរដ្ឋាភិបាលមួយ បាន ប្តឹងទៅតុលាការអាហ្វ្រិកខាងត្បូង។ ភ្លាមៗនោះ តុលាការបានចេញសេចក្តីបង្គាប់ ដល់អាជ្ញាធរអាហ្វ្រិកខាងត្បូង ថាត្រូវហាមឃាត់លោក ប្រធានាធិតីស៊ូដង់ មិនឲ្យចេញទៅណាទាំងអស់ ដើម្បីរងចាំការសម្រេចរបស់តុលាការ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនសូវជាសង្ឃឹមទេថា អាជ្ញាធរអាហ្វ្រិក ខាងត្បូង និងធ្វើតាម ការបង្គាប់នេះទេ ដោយសារក្នុងនាមជាប្រទេសម្ចាស់ផ្ទះ អាហ្វ្រិក ខាងត្បូង បានសន្យាធានាអភ័យឯកសិទ្ធ ដល់ថ្នាក់ដឹកនាំអាហ្វ្រិកទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំកំពូលនេះ។
RFA បន្តថា ដោយឡែ លោកចៅក្រមអាហ្វ្រិកខាងត្បូង ឈ្មោះ ហាន់ ហ្វាប្រ៊ីស្យុស ដែលបានចេញសេចក្តីបង្គាប់ឲ្យឃាត់ខ្លួន លោក អូម៉ា អាល់ បាឆៀរបណ្តោះអាសន្ន បានមានប្រសាសន៍ថា បើសិនជាអាជ្ញាធរអាហ្រិ្វកខាងត្បូង បណ្តោយឲ្យរបូត ប្រធានាធិបតីស៊ូដង់ អាហ្វ្រិកខាងត្បូងនឹងត្រូវអាម៉ាសមុខ ហើយទទួលខុសត្រូវលើឆាកអន្តរជាតិ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បានបញ្ជាក់ថា ទោះមានរឿងអ្វីក៏ដោយ លោកប្រធានាធិបតីស៊ូដង់ នឹងចាកចេញពីអាហ្វ្រិកខាងត្បូង ត្រឡប់ចូលស្រុកវិញ នៅពេលប្រជុំចប់៕
ប្រធានាធិបតី ស៊ូដង់ អូម៉ា អាល់ បាឆៀរ សើចស្ញេញទៅកាន់ប្រធានាធិបតីហ្ស៊ីមបាវ៉េ នៅពេលរៀបថតរូបជុំគ្នានៅថ្ងៃ ១៤ មិថុនា ២០១៥ REUTERS