ការលើកឡើងខុសគ្នាក្នុង«ទិវាសិទ្ធិកុមារអន្តរជាតិ»នៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

ភ្នំពេញ ៖ ថ្ងៃទី ១មិថុនា នេះ គឺជាទិវាសិទ្ធិកុមារអន្តរជាតិ លើកទី៧០។ ក្រសួងអប់រំ កម្ពុជាបានប្រារព្ធទិវាសិទ្ធិកុមារអន្ដរជាតិ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព»។ ​ក្នុងឱកាសនេះ មានការលើកឡើងខុសគ្នារវាងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ។

ដោយឡែក នៅក្នុងសុន្ទរកថាមួយសម្រាប់ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៧០ កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក វង សូត បានលើកឡើង ថា ចំនួនកុមារដែលបានចុះឈ្មោះចូលរៀនមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ កម្ពុជាមានសាលាមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន ៧ពាន់ ៧៨០កន្លែង កើនឡើងចំនួន ១៩៣កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សារដ្ឋមាន ចំនួន ៤ពាន់ ៣០១កន្លែង កើនឡើងចំនួន ១២៥កន្លែង មត្តេយ្យសិក្សាឯកជនមានចំនួន ៥០៩កន្លែង កើនឡើងចំនួន ៥៣កន្លែង និងមត្តេយ្យសិក្សាសហគមន៍មានចំនួន ២ពាន់ ៩៧០កន្លែង កើន ឡើង ១៥កន្លែង ហើយចំពោះកុមារដែលទទួលបានសេវាអប់រំមានចំនួន ៤សែន ២ម៉ឺន ៥ពាន់៤០៣នាក់ (ស្រី ២សែន ១ម៉ឺន ២ពាន់ ៤៥៧នាក់) ស្មើ ៤៩,៩៤%។ កុមារអាយុពី៣ ទៅ៥ឆ្នាំ បានទទួលសេវាអប់រំមានចំនួន ៣សែន ៧ម៉ឺន ៣ពាន់ ១៥៣នាក់ ស្មើ ៣៩,៩០% នៃចំនួនប្រជាជនអាយុពី៣ ទៅ៥ឆ្នាំ ស្រី ១សែន ៨ម៉ឺន ៦ពាន់ ៨៩នាក់ ស្មើ ៤០,៩០%។

ឆ្លៀតក្នុងឱកាសនៃទិវាសិទ្ធិកុមារអន្តរជាតិ នេះ អង្គការការពារសិទ្ធិមនុស្សហៅកាត់ថា លីកាដូ បានចេញរបាយការណ៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កុមារកម្ពុជាទទួលបានការគាំពារផ្នែកអប់រំ ខណៈមួយចំនួនទៀតកំពុងប្រឈមការរំលោភសេពសន្ថវៈ។ យ៉ាងណាក៏ដោយ កុមារនៅកម្ពុជា ពិសេសកុមារី នៅតែបន្តរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងការរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទ។ បើតាមលោក អំ សំអាត នេះជាក្ដីព្រួយបារម្ភខ្លាំងមែនទែនសម្រាប់សង្គមស៊ីវិលព្រមទាំងសង្គមទាំងមូល និងទាមទារឲ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់។ ជាក់ស្ដែងថ្មីៗនេះ ករណីរំលោភសម្លាប់បានកើតមានលើកុមារីក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ចាមជាដើម។

គួរជម្រាបផងដែរថា ក្នុងឱកាសកម្ពុជាកំពុងប្រាព្ធទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា នេះដែរ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កុមារីអាយុ ៨ឆ្នាំម្នាក់ ត្រូវបានឃាតកររំលោភសម្លាប់ រួមនិងប្អូនប្រុសបង្កើតរបស់នាងម្នាក់ទៀតដែលមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ខណៈដែលក្មេងរងគ្រោះទាំងពី២នាក់ ត្រូវបានឪពុកម្តាយទុកចោលតាមទម្លាប់ជារៀងរាល់ថ្ងៃ ហើយចេញទៅធ្វើការនៅខាងក្រៅ។

ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី វង សូត ក៏បានលើកឡើងផងដែរអំពីកិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ចំពោះការធ្វើបច្ចុប្បន្នភាព អនីតិជនទំនាស់នឹងច្បាប់នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែតាមរាជធានី ខេត្ត ដែល មានអនីតិជនសរុបចំនួន ១ពាន់ ៥៦៥នាក់ (ស្រី ៨៩នាក់) ដោយបានសហការជាមួយអង្គការ សម្ព័ន្ធមេត្រីភាពពន្ធនាគារផ្តល់ការគាំទ្រដល់ជនជាប់ឃុំសរុបចំនួន ១ពាន់ ២១៤នាក់ (ស្រី ៥៧៤នាក់)។ បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀនចំនួន ៨៩៨នាក់ (ស្រី ២៣២នាក់) មានជំនាញកាត់ដេរ ៥១១នាក់ សំអាងការ ៨៨ នាក់ កុំព្យូទ័រ ១៩៥នាក់ និងកាត់សក់ ១០៤នាក់៕ ដោយ ៖ នរិន្ទ្រ                            (​រូបភាព របស់ក្រសួងបរិស្ថាន)