«នំបញ្ចុក» មានឈ្មោះដើមថា «នំប៉ែនចុក» ក្លាយមកពីពាក្យថា «នំដែលស្នំបញ្ចុក»
គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹក រួចយកទៅច្រកក្នុងប៉ែន ទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកក្តៅកំពុងពុះឲ្យឆ្អិន បន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។
តាមអក្សរសិល្ប៍ខ្មែររឿង «ធនញ្ជ័យ» ក៏បានបញ្ជាក់ថា «នំបញ្ចុក» មានកំណើតនៅលើទឹកដីកម្ពុជា ជាយូរមកហើយ ហើយក៏ជាឫសគល់នៃកំណើត «គុយទាវ» របស់ចិនដែរ។ ឯប្រទេសថៃ ហៅនំបញ្ចុកថា «ខៈណុមជីន» មានន័យថា «នំរបស់ជនជាតិចិន»។ ប្រទេសលាវ ហៅថា «ខោពុន» មានន័យថា «នំដែលទទួលទានហើយធ្វើឲ្យហើមពោះ» ទៅវិញ។ដោយឡែកក្នុងរឿងព្រេងនិទានខ្មែររឿងព្រះវេសន្តជាតក ត្រង់វគ្គតាជូជក់ លក់ជ្លី(ជាលី)គ្រឹស្នា ឲ្យទៅព្រះបាទទស្សរដ្ឋនៅពេលដែលព្រះបាទទស្សររដ្ឋ ប្រទានទ្រព្យសម្បត្តិមហាសាលឲ្យទៅ តាជូជក់ ដើម្បីប្ដូរយក ជ្លីគ្រឹស្នា។ ព្រះអង្គក៏បានឲ្យនាម៉ឺនសព្វមុខមន្ត្រី រៀបចំជប់លៀងអបអរដល់ចៅ(ជ្លីគ្រឹស្នា) ដែលបានវិលចូលនគរវិញ!។ ពេលជប់លៀងនោះព្រះអង្គឲ្យធ្វើ «នំបញ្ចុក» សម្រាប់ទទួលទាន ដោយអញ្ជើញតាជូជក់ឲ្យទទួលទានដែរ!។
តាជូជក់ ទទួលទាននំបញ្ចុក រហូតបែកពោះស្លាប់ ហើយទ្រព្យសម្បត្តិទាំងអស់របស់ព្រះបាទទស្សរដ្ឋដែលប្រទានឲ្យតាជូជក់ដើម្បីប្ដូរយកជ្លីគ្រឹស្នាក៏តត់បង់ដែរ ត្រូវបានជារបស់ព្រះបាទទស្សរដ្ឋវិញដដែល៕