ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតិអោយក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក បានចូលជួបសំដែងការគួរសម និងស្វែងយល់ពីតួនាទី ភាៈកិច្ច និងបទពិសោធន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានានារបស់កម្មករនិយោជិត ការបង្កើតឱកាសការងារ ការផ្តល់កិច្ចគាំពារសង្គម និងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញក្នុងការឆ្លើយតបចំពោះតម្រូវការងារទីផ្សារការងារ ជាពិសេសការបង្កើនធនធានមនុស្សដែលមានជំនាញខ្ពស់។
នៅក្នុងជំនួបនេះ ក្រុមសាស្ត្រាចារ្យ និងនិសិ្សតដែលកំពុងសិក្សាលើឯកទេសខាង ទំនាក់ទំនងវិជ្ជាជីវៈ និងទំនាក់ទំនងអន្តរជាតិ មកពីសកលវិទ្យាល័យទាំងពីរនេះ បានសំដែងនូវចំណាប់អារម្មខ្ពស់ និងកោតសរសើរចំពោះការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ហើយដោយពួកគេយល់ឃើញថា កម្ពុជា មានចំណុចបទពិសោធន៍ល្អៗជាច្រើនដែលពួកគេអាចធ្វើការសិក្សាស្វែងយល់បានជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងវិនិយោគ។
សំណួរ និងចំណាប់អារម្មណ៍របស់ក្រុមនិស្សិតដែលបានលើក សុទ្ធតែចំណុចនៃបញ្ហាក្រសួងបាននឹងកំពុងដោះស្រាយដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង បានចែករំលែកនូវបទពិសោធន៍មួយចំនួនដែលក្រសួងធ្លាប់ដោះស្រាយបញ្ហាប្រឈមកន្លងមក ដែលក្រសួងបានប្រើប្រាស់យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហា ដូចជាការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ការដោះស្រាយនូវបញ្ហាកូដកម្ម បាតុកម្ម ទន្ទឹមនឹងនោះក៏បានជម្រាបជូនគណៈប្រតិភូសាស្រ្តាចារ្យ និងនិស្សិត អំពីការអនុវត្តប្រកបដោយជោគជ័យនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារកន្លងមក និងការបន្តការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់” ដែលផ្តោតលើអាទិភាពចំនួន៥ គឺ (១) ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ (២) ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៣) ការអភិវឌ្ឍមុខរបរនិងការងារ (៤) ការអភិវឌ្ឍរបបសន្តិសុខសង្គម និង (៥) ការពង្រឹងអភិបាលកិច្ចល្អ។
ជារួមដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ជាគោលនយោបាយជាពិសេសពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ បានជម្រុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជាបន្តធានាបាននូវភាពប្រកួតប្រជែង ការដោះស្រាយបាននូវការផ្តល់ឱកាសការងារជូនកម្មករនិយោជិត ការធានាបាននូវសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម។
សកលវិទ្យាល័យនេះត្រូវបានបង្កើតក្នុងឆ្នាំ១៨៦៨ មានមុខវិជ្ជាចំនួន ៤,០០០ ការិយាល័យសិក្សាចំនួន ១០០ ជំនាញ ផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៨០ ជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ១០៨ និងជំនាញផ្សេងៗចំនួន ៩០។
សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧១ ជាប្រព័ន្ធសាកលវិទ្យាល័យធំជាងគេនៅសហរដ្ឋអាមេរិក។ ជំនាញផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៧៩ រីឯជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ៦៤។ ចំណែកឯ សាកលវិទ្យាល័យ Cornell ជាសាកលវិទ្យាល័យឯកជន និងជាដៃគូរបស់សាកលវិទ្យាល័យរដ្ឋញូវយ៉ក៕