ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបំពាក់មេដាយ ជូនលោកជំទាវ OBUCHI Chizuko ដែលភរិយា របស់អតីតីនាយករដ្ឋមន្ត្រីជប៉ុន Obuchi Keizo ដែលបានខិតខំជួយអភិវឌ្ឍកម្ពុជា ពិសេសលើកិច្ចការបោស សំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោកជំទាវ OBUCHI Chizuko បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើក ពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់ស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី។ លោកជំទាវបានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោកជំទាវបានគាត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយនិងរស់រវើក នេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ លោកជំទាវ បានគោរពជូនពរជូនសម្ដេចតេជោ សូមឱ្យមាតាក្មេករបស់សម្ដេចដែលត្រូវជាមាតាបង្កើតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ឱ្យជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ឯកឧត្តម Obuchi បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពី២០ឆ្នាំមុន។ ក្នុងទស្សនកិច្ចនោះ ឯកឧត្តម Obuchi និងលោកជំទាវ គឺជាជនជាតិបរទេស ដែលបានធ្វើទស្សនកិច្ចសកម្មភាពដោះមីន នៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែឯកឧត្តម Obuchi ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេះទៀត។
សម្ដេចតេជោ បញ្ជាក់ថា ឯកឧត្តម Obuchi រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧។ លើសពីនេះទៅទៀតសម្ដេចតេជោបានបញ្ជាក់ថា ឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីជប៉ុនទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ពិសេសការជំរុញឲ្យមានការផ្តល់ថវិកាទ្រទ្រង់ដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបានប្រកាសជួយកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនោះ៕