ភាពយន្ដ​ឯកសារ “​ជំរំ​៣២” ដ៏​អាថ៌ កំបាំង​នៅ​សម័យ​ខ្មែរក្រហម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

​អូ​ស្ត្រា​លី៖ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩ ខែកក្កដា ២០១៥ កន្លងមក​នេះមានការ​បញ្ចាំងភាពយន្ដ​ឯកសារ​លើកដំបូង​នៅ​ក្រុង​មែ​ល​ប៊ិន ប្រទេស​អូស្ដ្រាលី​អំពី​ការស្វែងរក​ជំរំ​សម្ងាត់​មួយ​នៅ​សម័យ​ខ្មែរ​ដែល មាន​ចំណងជើង​ថា “​ជំរំ​៣២” ឬ Camp 32​។​នេះ​បើ​យោងតាម​ការផ្សាយ​របស់​វិទ្យុ ABC​អូស្ត្រាលី​។​

តាម ABC បាន​ឲ្យ​ដឹងថា នេះ​គឺជា​ស្នាដៃ​ផលិតផល​ភាពយន្ដ​ដំបូង​បំផុត​ដែល​បាន​ផ្ដួចផ្ដើម គំនិត​ផលិត​ដោយ​ខ្មែរ​ម្នាក់​នៅ​អូស្ដ្រាលី​គឺ​លោក ឆន ប៊ុន​ហំ ដែល​បាន​នៅ​រស់រានមានជីវិត​ពី​ជំរំ​អាថ៌កំបាំង​នោះ ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​អំពី​សោកនាដកម្ម​, ភាពជូរចត់ និង​ទុក្ខវេទនា​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​រងគ្រោះ និង​ដើម្បី​ជា​ជំនួយ​ព្យាបាល​របួស​ផ្លូវ​ចិ​ត្ដរុំ​ា​រ៉ៃ​របស់​អ្នក​ផលិត និង​ក្រុមគ្រួសារ​ខ្លួន​។​

​ថ្វីត្បិតតែ​សព្វថ្ងៃ​លោក​មានជីវិត​រស់ នៅក្នុង​ស្រុក​ជឿនលឿន​មាន​សន្ដិភាព ហើយ​មាន​អ្វីៗ​គ្រប់គ្រាន់​សម្រាប់​ជីវិត​ក៏ពិតមែន ប៉ុន្ដែ​លោក ឆន ប៊ុន​ហំ បាន​ឲ្យ​ដឹងថា សោកនាដកម្ម​នៃ​ការបាត់បង់​ឪពុក និង​បងប្អូន​បង្កើត នៅតែ​តាម​លង​លោក​ជាប់​ជានិច្ច ហើយ​នេះ​ជា​ប្រភព​នៃ​សុបិន​អាក្រក់ ដែល​ទាមទារ​ឲ្យ​លោក​ត្រូវតែ​ស្វែងរក​ជំរំ​នេះ​ឲ្យ​ឃើញ​។​

នេះ​ជាការ ស្វែងរក​ដាន​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់លោក ឆ​ម ប៊ុន​ហំ ដែល​សម័យ​ប៉ុលពត​ក្នុង​អាយុ​៦​ឆ្នាំ​ត្រូវគេ​យកទៅ​ជំរំ​៣២ ដែល​អ្នក​ផលិត​គិតថា​មាន​មនុស្ស​ប្រមាណ​៣​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ជំរំ​នោះ ។ តាម​ព័ត៌មាន​ពី​ក្រុម​អ្នក​ផលិត​ដែល​សុទ្ធតែជា​អ្នក​ស្ម័គ្រចិត្ដ​បាន ឲ្យ​ដឹងថា មិនមាន​កំណត់ត្រា​ណាមួយ​អំពី​ជំរំ​ពលកម្ម​នេះ​ទេ​ដែល​ស្ថិតនៅក្នុង​ទឹក ដី​ខេត្ដ​បាត់ដំបង​។​

​ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ស្រាវ ជ្រាវ និង​ផលិត​ភាពយន្ដ​ឯកសារ​នេះ មានការ​រំពឹង​ដែរ​ថា ភាពយន្ដ​ឯកសារ​នេះ​នឹង​ត្រូវគេ​ប្រគល់​ទៅ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម និង​មណ្ឌល​ឯកសារ​ជាច្រើន​ទៀត សម្រាប់​ជាការ​ចងក្រង​ស្រាវជ្រាវ​ភស្ដុតាង​។​

ABC បន្តថា ក្រុម​អ្នករៀបចំ​បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​ដែល​បាន​ពី​ការ​បញ្ចាំងភាពយន្ដ​នេះ​នឹង​ត្រូវគេ​យកទៅ ជួយ​ដល់​ជនរងគ្រោះ​ដែល​នៅរស់​ពី​ជំរំ​៣២៕​ដកស្រង់​ដោ​យ៖រដ្ឋា​
mjnhnmm
រោងភាពយន្ដ​បញ្ចាំង​កុន​ឯកសារ​ជំរំ​៣២​នៅ​ក្រុង​មែ​ល​ប៊ិន​(​រូបថត​៖ ឃុន អា​ឡិច )