ផ្កា​ខាត់ណា​ពណ៌​បៃតង​ជួយ​បន្ថយ​ការ​រលាក​សន្លាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2015 ក+ ក-

​ផ្កា​ខាត់ណា​ពណ៌​បៃតង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បន្លែ​ពណ៌​បៃតង​មួយ ប្រភេទ​ដែលមាន​យ៉ាង​ល្អ​បំផុត​ចំពោះ​សុខភាព​មនុស្ស ដោយសារតែ​សម្បូរ​ទៅដោយ​ជីវជាតិ​យ៉ាងច្រើន​។ ដូច្នេះហើយ បើសិនជា​អ្នក​ចាប់អារម្មណ៍​ចំពោះ​ផ្កា​ខាត់ណា​ពណ៌​បៃតង​នេះ ចូរ​សាកល្បង​ទទួលទាន​វា​ទៅ​។ បើ​យោងទៅតាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​សាកលវិទ្យាល័យ East Anglia បានអោយដឹងថា សមាសធាតុ​មួយ​ប្រភេទ​ដែលមាន​ក្នុង​ផ្កា​ខាត់ណា​ពណ៌​បៃតង​អាច​ក្លាយទៅជា គន្លឹះ​ដ៏​សំខាន់​សម្រាប់​បង្ការ ឬ​បន្ថយ​ដំណើរការ​របស់​ជំងឺ​រលាក​សន្លាក់​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ បំផុត​បាន​។​
​លទ្ធផល​ដែល​បានមកពី​ការសិក្សា​នៅក្នុង​មន្ទីរពិសោធន៍​បានអោយដឹងថា សារធាតុ Sulforaphane ជួយ​បន្ថយ​ដំណើរការ​ខូចខាត​លើ​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​របស់​ជំងឺ​រលាក ឆ្អឹងខ្ចី​ក្នុង​សន្លាក់​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​ដែល​ស៊ី​អាហារ​សម្បូរ​ទៅដោយ​សារធាតុ​មួយ​នេះ​មិនសូវ​ជា​ធ្វើអោយ ខូចខាត​លើ​ឆ្អឹងខ្ចី និង​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ច្រើន​ដូច​កណ្តុរ​ដែល​មិន​ស៊ី​ឡើយ​។​
​សារធាតុ Sulforaphane ត្រូវបាន​បញ្ចេញ​នៅពេល​ញ៉ាំ​អាហារ​ពណ៌​បៃតង​ដូចជា​ស្ពៃក្តោប​ពណ៌​បៃតង ប៉ុន្តែ​អ្នកស្រាវជ្រាវ​និយាយថា ផ្កា​ខាត់ណា​ពណ៌​បៃតង​គឺជា​បន្លែ​ពិសេស​ជាងគេ​តែម្តង​។ ការសិក្សា​មុនៗ​បានអោយដឹងថា សារធាតុ Sulforaphane មាន​សមាសធាតុ​ជា​ឱសថ​ប្រឆាំងនឹង​ជំងឺមហារីក និង​ការ​រលាក ប៉ុន្តែ​នេះ​គឺជា​ការសិក្សា​សំខាន់​ដំបូង​គែ​ចំពោះ​ឥទ្ធិពល​របស់​វា​ចំពោះ សុខភាព​សន្លាក់​។​
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ Sulforaphane ជួយ​ទប់ស្កាត់​អង់ស៊ីម​ដែល​ធ្វើអោយ​សន្លាក់​ខូច​តាមរយៈ​ការបញ្ឈប់​ម៉ូលេគុល​សំខាន់​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ថា​ជា​អ្នកបង្ក​អោយមាន​កា​ររ​លាក​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ពួកគេ​មិន​នឹកស្មាន​សោះ​ថា វា​ជួយ​ជួសជុល ឬ​ធ្វើអោយ​អាកា​រៈរ​លាក​សន្លាក់​នោះ​ធូរស្រាល​មកវិញ​នោះទេ​។ ក្រៅពីនេះ ការហាត់​ប្រាណ និង​ការថែរក្សា​ទម្ងន់​អោយនៅ​សុខភាព​ល្អ​អាច​សម្រួល​ដល់​រោគសញ្ញា និង​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ ហើយ​របប​អាហារ​ដែល​ល្អ​ក៏​នឹងមាន​សារៈសំខាន់​ចំពោះ​រឿងនេះ​ដែរ​។​
​ការស្រាវជ្រាវ​ជាច្រើន​ទៀត​ចំពោះ​ឥទ្ធិពល​របស់​ផ្កា​ខាត់ណា​ពណ៌​បៃតង ចំពោះ​ជំងឺ​រលាក​សន្លាក់​កំពុងតែ​បន្តធ្វើ​ទៀត​។ ដូច្នេះ​វា​នឹង​មានរឿង​ជាច្រើន​ដែល​ត្រូវ​ដឹង ប៉ុន្តែ​រឿង​មួយ​ដែល​ច្បាស់ការ​នោះ​គឺថា ការ​ញ៉ាំ​ផ្កា​ខាត់ណា​ពណ៌​បៃតង​រាល់ថ្ងៃ​គឺជា​សកម្មភាព​ដ៏​ល្អ​មួយ​ចំពោះ​សុខភាព​៕