ផ្លែសារីត្រូវបានគេចាត់ទុកថាមានបង្កប់នូវជាតិថ្នាំក្នុងខ្លួនអស់រយៈពេលច្រើនសតវត្សន៍ទៅហើយ។ ដោយសារតែកម្រិតជាតិសរសៃដ៏ច្រើនរបស់វា ធ្វើអោយផ្លែសារីមានឥទ្ធិពលយ៉ាងខ្លាំងនៃអត្ថប្រយោជន៍ដល់សុខភាពដូចជា ការពារខ្លួនពីជំងឺបេះដូង-សរសៃឈាម, រលាកសន្លក់,ជំងឺបេះដូង និងដាច់សរសឈាមខួរក្បាល។ ក្រៅពីនេះផ្លែសារីក៏ជាប្រភពនៃជាតិទងដែង,វីតាមីនC,វីតាមីនK,ប៉ូតាស្យូម, Phytonutrients និង Flavonoids។
អង់ទីអុកស៊ីដង់ និង Flavonoids
ផ្លែសារីគជាប្រភពដ៏ល្អបំផុតនៃសារធាតុ Phytonutrients ព្រមទាំងមានសកម្មភាពជាអង់ទីអុកស៊ីដង់។ អង់ទីអុកស៊ីដង់ជាច្រើនដូចជា វីតាមីនC, និងជាតិរ៉ែដូចជា ទងដែង សុទ្ធតែដើរតួនាទីមួយក្នុងការបន្ថយការខូចខាតបេះដូង-សរសៃឈាម។ សារធាតុដ៏មានប្រយោជន៍ទាំងនេះជួយបន្ថយសកម្មភាពរបស់រ៉ាឌីកាលសេរី ក្នុងរាងកាយ។ រ៉ាឌីកាលសេរីទៅបំផ្លាញសរសៃឈាមជាច្រើនដោយផ្ទាល់ និងអាចបណ្តាលអោយកូឡេស្ទើរ៉ុលកើនឡើងក្នុងជញ្ជាំងសរសៃឈាមបាន ដូច្នេះហើយអង់ទីអុកស៊ីដងអាចមានប្រយោជន៍ក្នុងការបង្ការការកើតមាន និងវិវឌ្ឈន៍ទៅជាជំងឺក្រិនរឹងសរសៃឈាម, ដាច់សរសៃឈាមខួរក្បាល, ជំងឺបេះដូង និងរលាកសន្លាក់។
កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង-សរសៃឈាម
ការញ៉ាំផ្លែសារីជួយកាត់បន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម, ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ ផ្លែសារីជាប្រភពដ៏ល្អមួយនៃអាហារសរសៃ, វីតាមីន C និង វីតាមីន K។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដ៏មានអំណាចមួយដែលអាចជួយទប់ស្កាត់រ៉ាឌីកាល់ សេរីកុំអោយបង្កើតបានក្នុងសរីរាង្គកាយ ដូច្នេះហើយវាក៏អាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ផ្លែសារីពណ៌បៃតងជាប្រភពដ៏ល្អមួយនៃវីតាមីនK ដែលវាមានសារៈសំខាន់ទាំងសុខភាពឆ្អឹង និងអោយឈាមកកបានល្អ។
លើសពីនេះទៅទៀត ជាតិសរសៃមាននាទីជួយបញ្ចុះកម្រិតកូឡេស្ទើរ៉ុលក្នុងឈាម និងបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូង។
ជាប្រភពនៃអាហារសរសៃ
ដូចបាននិយាយដូចខាងលើអញ្ជឹងគឺផ្លែសារីជាប្រភពដ៏ល្អមួយនៃអាហារ សរសៃ។ ជាតិសរសៃប្រហែលជាជួយក្នុងការគ្រប់គ្រងទម្ងន់ ព្រមទាំងជួយថែរក្សាសុខភាពផ្លូវរំលាយអាហារទៀតផង។ ជាតិសរសៃក៏ដើរតួរជាអ្នកបង្ការអាការៈទល់លាមក, ចញ្ចុះកម្រិតកូឡេស្ទើរ៉ុល, កាត់បន្ថយការប្រឈមនឹងជំងឺមហារីក ព្រមទាំងបំបាត់បញ្ហាក្រពះពោះវៀនផ្សេងៗទៀត។ ការទទួលទានផ្លែឈើដែលមានជាតិសរសៃខ្ពស់ជាទៀងទាត់ដូចជាផ្លែសារី នេះ ប្រហែលជាជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់លើស្ត្រីក្រោយ រ៉ាំងរដូវបាន។
ទម្លាប់នៃការប្រើប្រាស់ផ្លែសារី
ផ្លែសារីត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលអាការៈក្អក, បំបាត់ស្លេស, និងជួយអោយបំពង់ក៏រអិលល្អ។ ផ្លែសារីក៏ត្រូវបានគេយកទៅប្រើដើម្បីជួយអោយអារម្មណ៍ស្ងប់ស្ងាត់ ព្រមទាំងមានឥទ្ធិពលជាសារធាតុច្រោះជាតិពុលយ៉ាងខ្លាំងផងដែរ៕