ទទួលទាន​ត្រី​ជួយ​បង្កើន​គុណភាព​មេជី​វិត​បុរស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2015 ក+ ក-

​ត្រី​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​ប្រភព​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ (Omega-3) ដែលជា​ជាតិ​ខ្លាញ់​ល្អ​បំផុត​ចំពោះ​សុខភាព​។ អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ឲ្យ​ដឹងថា បុរស​ទាំងឡាយ ប្រសិន បើ​ចង់​ឲ្យ​មេជី​វិត​(​ស្ពែ​ម​) រឹងមាំ​និង​មានគុណ​ភាពល្អ អ្នក​គួរ​ទទួលទាន​ត្រី​ឲ្យ​បាន​ច្រើន​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​អ៊ី​ល្លីណ​យស៍ បាន​ឲ្យ​ដឹងថា មូលហេតុ​គឺជា​តិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មានការ​ពាក់ព័ន្ធ​នឹង​រូបរាង​មេជី​វិត​។​
​លោក​ទី​ម៉ូ​ធី អាប់​បុ​ត​ត៍ សហ​អ្នកនិពន្ធ​មួយរូប​នៃ​ការសិក្សា​នេះ បាន​និយាយថា តាម​ធម្មតា មេជី​វិត (​ស្ពែ​ម​) មាន​ក្បាល រាង​ដូច​មួក ដែល​គេ​ហៅថា “​អា​ក្រូ​សូម​” (Acrosome)​។ ហើយ​អង់​ហ្ស៊ី​ម នៅត្រង់​ផ្នែក​ក្បាល មាន​តួនាទី​ជ្រែកចូល​ទៅក្នុង​ស៊ុត ដើម្បី​បង្ករ​កំណើត​។ អង់​ហ្ស៊ី​ម​ទាំងនោះ ត្រូវការ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ដើម្បី​លូតលាស់ ធ្វើ​ឲ្យ​ក្បាល​មេជី​វិត កាន់តែ​ស្រួច និង​មានខ្លួន​កាន់តែ​វែង​។ ផ្ទុយទៅវិញ នៅពេលដែល​វាទ​ទួលបាន​ជាតិ​អាស៊ីដ ខ្លាញ់​អូ​មេ​ហ្គា​-៣ មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​រូបរាង​របស់​មេជី​វិត លូតលាស់​មិនបាន​ល្អ និង​ធ្វើការ​មិនបាន​ពេញលេញ​នោះឡើយ​។
​ម្យ៉ាងទៀត ក្រុម​អ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើម​ធ្វើការ​សិក្សា លើ​មេជី​វិត របស់​បុរស បន្ទាប់ពី​រកឃើញថា សត្វ​កណ្តុរ ដែលមាន​ជាតិ​អាស៊ីដ​ខ្លាញ់ មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គុណភាព​មេជី​វិត​ថយចុះ តែ​នៅពេល​គេ​បន្ថែម​សារធាតុ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ចូលទៅក្នុង​អាហារ មេជី​វិត​របស់​សត្វ​កណ្តុរ​ទាំងនោះ ត្រឡប់​មកជា​មានគុណ​ភាពល្អ​វិញ​។
​រីឯ​ការសិក្សា​មួយទៀត ដែល​ធ្វើឡើង ដោយ​សកល​វិទ្យាល័យ ហារ​វ៉ាដ បាន​ឲ្យ​ដឹងថា កង្វះ​ជីវជាតិ អាចធ្វើ​ឲ្យ​គុណភាព​មេជី​វិត ថយចុះ​ដូចគ្នា​ទៅនឹង​អ្នក​ដែល​ទទួលទាន​អាហារ ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ផងដែរ​។​
​ដូចនេះ ប្រការ​ល្អ​បំផុត គឺ​អ្នក​ត្រូវ​ទទួលទាន​ត្រី ឲ្យ​បាន​ច្រើន ដូចជា ត្រី​សាល​ម៉ន ឬ ត្រី​ធូ​ណា ជាដើម បូករួម​ជាមួយនឹង​អាហារ​ផ្សេងៗ​ទៀត ដូចជា​ស៊ុត ទឹកដោះគោ សណ្តែក គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ពពួក​បឺ​រ​រី ដំឡូងជ្វា ឬ ប្រូ​ក​ខូ​លី និង​បន្លែ​បៃតង​នានា​៕

OGU5MTcwZD