អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនា សម្អាតអនាម័យ និងបរិស្ថាន នៅតាមដងផ្លូវក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2024 ក+ ក-

(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ឆ្លៀតឱកាសក្នុងថ្ងៃឈប់សម្រាក ពីកិច្ចការងាររដ្ឋបាល បានដឹកនាំចលនាប្រជាពលរដ្ឋ អាជ្ញាធរ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស រួមគ្នាសម្អាតអនាម័យ និងបរិស្ថាននៅតាមដងផ្លូវ ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាពឃុំ និងទាក់ទាញអ្នកទេសចរមកទស្សនាកម្សាន្ត សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ឱ្យកាន់តែច្រើនឡើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា បើពិនិត្យទិដ្ឋភាពជារួម ដងផ្លូវឆ្ពោះទៅកាន់ភូមិបណ្តែតទឹកកំពង់លួង មានសំរាមជាច្រើន ដែលត្រូវសម្អាត។ ឯកឧត្ដម បន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះ ត្រូវធ្វើឱ្យមានគុណភាព មិនមែនធ្វើឱ្យតែល្អមើលនោះទេ។ ពិតណាស់ថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ភាគច្រើន ជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅ លើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក។ ប្រសិនបើយើង មិនចូលរួមចំណែកការពារបរិស្ថាន ទេនោះ ទេសចរនឹងថយចុះ ។ជិះឥទ្ធិពលយ៉ាងខ្លាំង ដល់មុខមាត់ខេត្ត  ពិសេសគឺអ្នកស្រុកក្រគរផ្ទាល់តែម្តង។

យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ មានសារៈសំខាន់ណាស់ ពោលគឺធ្វើឲ្យបរិស្ថានស្អាត និងនាំមកនូវសុខភាពល្អ ក្នុងការរស់នៅ និងប្រកបរបរទទួលទាន របស់ប្រជាសហគមន៍ភូមិបណ្តែតទឹកកំពង់ហ្លួង ដែលធ្វើឱ្យស្រុកក្រគរក្លាយជាស្រុកគ្របដណ្តប់ដោយបរិស្ថានស្អាត បរិយាកាសល្អ រុក្ខជាតិខៀវខ្ចី និងជាជង្រុកធនធានមច្ឆជាតិ និងជាទីឋានតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ឯកឧត្ដម បានបន្ថែមទៀតថា ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការសម្អាតអនា
ម័យបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល អាជ្ញាធរខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់រដ្ឋបាលស្រុកក្រុងទាំងឡាយណា ដែលមានបរិស្ថានស្អាតល្អ គ្មានសម្រាម និងគិតគូរក្នុងការងារផ្សព្វផ្សាយ ផុសផុលចលនាសម្អាត
បរិស្ថាន តាមភូមិដ្ឋាន និងទីសាធារណៈ។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្តក៏បានបង្កើតជាពាក្យស្លោកថា «បើមានសម្រាម អត់ចៅហ្វាយស្រុក បើមានចៅហ្វាយស្រុកអត់សម្រាម, ហើយបើមានសម្រាម អត់មេឃុំ បើមានមេឃុំអត់សម្រាម» នេះជាឃ្លាបំនិន ដែលលោកតែងតែលើកជារឿយៗ ។

ឯកឧត្ដម បានគូសបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានោះ ការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត។ព្រោះការបំពុលដោយប្លាស្ទិក នឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសធនធានមច្ឆជាតិ ក្នុងបឹងទន្លេសាប។ យើងត្រូវរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សំរាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ច ដែលរៀបចំជូន។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានពន្យល់ និងណែនាំ ដល់បងប្អូនប្រជានេសាទ ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការរឹតបន្តឹង កិច្ចការងារបង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើយ៉ាងណាឱ្យធនធានជលផលសម្បូរឡើងវិញ៕
https://youtu.be/kfRRz8IEfJo