រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2025 ក+ ក-

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនៈ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេសលើវិស័យជាច្រើន ក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរាជទូត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត Williams មានសេចក្តីសោមនស្ស រីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងជោគជ័យនៃ កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ នៅទីក្រុងឡុងដ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានជំរុញឱ្យមានការ ផ្លាស់ប្តូរកម្រិតខ្ពស់។ ឯកឧត្តម ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសមភាគីអង់គ្លេសនាពេលខាងមុខ។

លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការ រៀបចំប្រកបដោយជោគជ័យនៃវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា (JTIF) នៅខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ហើយបានទទួលស្គាល់ពីសារៈសំខាន់នៃការរួមបញ្ចូលកម្ពុជានៅ ក្នុងគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) សម្រាប់កំណើនសេដ្ឋកិច្ច។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស រួមទាំង ការសម្រេចបន្តអត្ថប្រយោជន៍ដល់កម្ពុជា ក្រោមគម្រោង DCTS សម្រាប់រយៈពេលបីឆ្នាំ
បន្ថែមរហូត ដល់ឆ្នាំ២០៣២ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេស LDC ដើម្បីជួយធានាឱ្យមានការផ្លាស់ប្តូរ សេដ្ឋកិច្ចដោយរលូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការវិនិយោគរបស់អង់គ្លេស រួមទាំងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសបៃតងដំបូងរបស់កម្ពុជា និងគម្រោងនានាដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោដែល រចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់ការវិនិយោគរបស់អង់គ្លេសបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា និងបានឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។

លើវិស័យការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់ សម្គាល់ដោយពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការនេះ ដែលបង្ហាញឡើងតាមរយៈ ទស្សនកិច្ចនៃនាវា Royal Navy របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ និង២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសនា ពេលខាងមុខ និងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានផ្តល់ការបណ្តុះបណ្តាល ដល់មន្ត្រីកម្ពុជា និងបានស្នើសុំឱ្យមានការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា។លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការគាំទ្រដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យ អប់រំ ការថែទាំសុខភាព និងការដោះមីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបើក សាកលវិទ្យាល័យអង់គ្លេសដំបូងគេ (សាកលវិទ្យាល័យ ដឺ ម៉ុងហួត) នៅកម្ពុជា និងបានអំពាវនាវឱ្យ មានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត Williams ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហា តំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មាន៖ https://youtu.be/nbCOPMPOXpg