ចាប់ផ្ដើមដាក់ទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2025 ក+ ក-

(ភ្នំពេញ)៖ មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញបានស្ទូចយក របាំងថ្មនិងរនាំងដែកដាក់ទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយនិងបញ្ជៀសចរាចរណ៍នៅកំណាត់ផ្លូវ៦០ម៉ែត្រនេះដោយកន្លងមកបានកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ជាញឹកញាប់។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមន្រ្តីជំនាញនៃមន្ទីរសាធារណការ រាជធានីភ្នំពេញបានចាប់ផ្ដើមស្ទូចយករបាំងថ្មនិងរនាំងដែកដើម្បីយកមកដាក់ទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រដែលស្ថិតនៅមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។

ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរលក់ដូរនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានឱ្យដឹងថា ក្នុងមួយរយៈពេលក្រោយមកនេះ ពួកគាត់បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានការកើតឡើងញឹកញាប់ដូចពេលមុននោះទេ។ ពិសេសការបើកបរធ្វើដំណើររបស់ពលរដ្ឋអ្នកបញ្ជាយានយន្ត ហាក់ចូលរួមគោរពបានល្អប្រសើរជាងមុន។ដោយមិនសូវមានអ្នកបន្តបើកបរល្បឿនលឿនទៀតនោះឡើយ។ខណៈដែលសមត្ថកិច្ចនៅតែបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃ ។

ពលរដ្ឋបន្តលើកឡើងថា កន្លងទៅអ្នកបើកបរទាំងម៉ូតូទាំងរថយន្តបានបើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្នបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ហើយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះភាគច្រើនគឺបណ្ដាលឲ្យមានមនុស្សស្លាប់ផងដែរ។

សូមបញ្ជាក់ថា ការអនុញ្ញាតល្បឿននៅលើផ្លូវ៦០ម៉ែត្រ គឺក្រោម៦០km/h គិតចាប់ពីស្តុប៥០ម៉ែត្រ ដល់ស្តុបសឺដែស ។ ដោយឡែកពីស្តុបសឺដែស ដល់ស្ពានអាកាសមរតកតេជោ គឺអនុញ្ញាត្តិត្រឹម 40Km/h ប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណះការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានគូសគំនូសសញ្ញាចរាចរណ៍ នៅលើដងផ្លូវនេះ និងដាក់ទ្រូងផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋអ្នកដំណើរងាយស្រួលកំណត់ចំណាំឱ្យបានច្បាស់ និងបន្តការចូលរួមគោរពគំនូសសញ្ញាឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាផងដែរ៕
ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/n6sStM9_Czo