អភិបាលខេត្តពោធិ៍សាត់ ជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យប្រែក្លាយជាច្រកតំបន់ពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2025 ក+ ក-

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ដោយមានការចូលរួមពី ឧត្តមសេនីយ៍ទោព្រាប ឧត្តម មេបញ្ជា ការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ពោធិ៍សាត់, លោកអភិបាលរងខេត្ត, ក្រុមការងារមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកទ្វារព្រំដែន ស្ពានជ័យជំនះ «ច១» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។


ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស។


ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានឱ្យដឹងថា ច្រកទ្វារតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ដែលស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងច្រកព្រំដែន «ឆាំរ៉ាក» ដែលស្ថិតក្នុងភូមិឆាំរ៉ាក ឃុំលែមក្លាត់ ស្រុកមឿង ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ស្រុះស្រួល និងឯកភាពគ្នា ឱ្យដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម។ ជាមួយគ្នានោះអភិបាលខេត្តត្រាត ក៏បានចារឯកភាពរួចរាល់ហើយដែរ ជុំវិញការទទួលស្គាល់ និងយល់ព្រមតម្លើងច្រកនោះ។


ដោយឡែកសម្រាប់ភាគីខេត្តនឹងខេត្ត ពោលគឺខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៏បាននឹងកំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណៈ និងបង្កើនភាពស្និទ្ធស្នាលឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ។


ឯកឧត្ដម អភិបាលខេត្តបន្ថែមថា កត្តាដែលសំខាន់ ច្រកព្រំដែន អាចដំណើរការទៅបាន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយកិច្ចការងារខ្លះ ក៏ត្រូវមានយោគយល់ និងចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ជុំវិញបញ្ហាផ្លូវតាមខ្សែបន្ទាត់ព្រំដែន ដែលរងការខូចខាត ដោយទឹកភ្លៀងហូរច្រោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកញ្ចប់ថវិកា ក្នុងការស្ថាបនាជួសជុល នឹងឈានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រដ្ឋបាលច្រកផងដែរ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំ និងដាក់បទបញ្ជា ដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរឃុំថ្មដា ត្រូវបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងសម្អាតបរិស្ថាន អនាម័យ និងរៀបចំ
សណ្តាប់ធ្នាប់ តាមទីសាធារណៈ ក៏ដូចជាមុខផ្ទះឱ្យបានល្អប្រសើរ ជាពិសេសគ្រប់គ្រងរៀបចំទុកដាក់សំរាម និងទប់ស្កាត់រាល់ការសាងសង់សំណង់អនាធិបតេយ្យ ដែលមាននៅក្នុងឃុំ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uMs8rjeANnU