ខេត្តពោធិ៍សាត់ ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2025 ក+ ក-

ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា បានឱ្យដឹងថា ស្ថិតិ គ្រោះថ្នាក់ ដែលបណ្តាលមកពីអគ្គីភ័យឆ្នាំ២០២៤ ប្រៀបធៀបឆ្នាំ២០២៣ នៅទូទាំងខេត្ត មានចំនួន៤៣លើក ថយចុះ៥លើក។កត្តាមកពីឆ្លងចរន្តអគ្គិសនី៣០% ធ្វេសប្រហែស២៤% ភ្លើងឆេះព្រៃ៣៥% និងកត្តាផ្សេងៗទៀត៩%។ គោលដៅងាយរងគ្រោះ ដូចជាស្ថានីយ៍ កន្លែងស្តុបចែកចាយប្រេងឥន្ទនៈ ហ្គាស សិប្បកម្មកែឆ្នៃ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមានការធ្វេសប្រហែស។ ចំពោះកម្លាំងការិយាល័យ និងសម្ភារៈបម្រើការងារសង្គ្រោះ នៅមានកម្រិតដូចជាម៉ាសការពារផ្លូវដង្ហើម បំពុងអុកស៊ីហ្សែន និងមធ្យោបាយទំនាក់ទំនងជាដើម។

អភិបាលរងខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ថ្លែងថា ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដែលកំពុងប្រារព្ធធ្វើនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលបង្ហាញជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល
រដ្ឋ។


លោកបន្តថា គ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គិភ័យ មានឥទ្ធិពលខ្លាំងក្លាណាស់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាទ្រព្យសម្បត្តិ សម្ភារៈ មាសប្រាក់ និងផ្ទះសម្បែង។អាចនឹងត្រូវបំផ្លាញត្រឹមតែមួយប៉ព្រិចភ្នែកដោយ សារគ្រោះអគ្គីភ័យនេះ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងមិនមានវិធានការទប់ស្កាត់ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គីភ័យ តាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទិវានេះនឹងក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការចូលរួមបំផុសស្មារតី និងក្រើនរំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ និងគ្រប់
ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមកាន់តែខ្លាំងក្លា និងសកម្មថែមទៀត ក្នុងការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យនេះ។


លោកអភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធ នូវកិច្ចការសំខាន់ ៗមួយចំនួន ដូចជា៖
ត្រូវរៀបចំផែនការសកម្មភាព ចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ។ត្រូវចាត់តាំងឱ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់
អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា។ ត្រូវផ្សព្វផ្សាយជាសាធារណៈ នូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ។


ទន្ទឹមនេះ លោកអភិបាលរងក៏ស្នើដល់កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុក ដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បង ដែលបណ្ដាលឱ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R0Wr_ufhcu8