ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដឹកនាំដោយលោកជំទាវ សុខា គងពិសី ជាប្រធានកិត្តិយសសមាគម និងមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះ សំណាល និងចែកអំណោយជាសម្ភារៈសិក្សា និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាស្រែវាល និងសាលាបឋមសិក្សាភ្ញាក់រំលឹក ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកជំទាវ សុខា គងពិសី បានថ្លែងពីក្ដីរំភើបរីករាយដែលបានមកជួប និងចែករំលែកនូវទឹកចិត្តសប្បុរសធម៌ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ លោកជំទាវបានសង្កត់ធ្ងន់ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវការកោតសរសើរចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ សុខា គងពិសី និងសមាជិកសមាគមទាំងអស់ ដែលបានយកចិត្តទុកដាក់លើការអប់រំ និងសុខុមាលភាពរបស់សិស្សានុសិស្ស និងអាណាព្យាបាល។ ឯកឧត្តមបានបន្ថែមថា កម្មវិធីនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់សាលា។ហើយត្រូវកំណត់ឱ្យបានច្បាស់លាស់នូវចំណុចដែលត្រូវការជួសជុល ឬកែលម្អដូចជា ដំបូល បង្គន់អនាម័យ បន្ទប់រៀន និងបរិវេណសាលាទាំងមូល។ ឯកឧត្តមបានបញ្ជាក់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មិនត្រឹមតែធ្វើឱ្យបរិយាកាសសិក្សាកាន់តែប្រសើរឡើងប៉ុណ្ណោះទេ។ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអនាគតរបស់សិស្សានុសិស្សផងដែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jaHEYwTsf0w