មនុស្សប្រុសស្រី៧នាក់បានរងរបួសនិងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានដួលរលំរួមទាំងដើមឈើជាច្រើនដើមបានបាក់រប៉ាត់រប៉ាយពេញផ្លូវដោយសារភ្លៀងកក់ខែលាយលំនិងខ្យល់កន្ត្រាក់នៅវេលាម៉ោងនៅវេលាប្រហែល ៤រសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ។
របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុកបានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទី នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើ សង្កត់មនុស្ស និងម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឲ្យប្តីប្រពន្ធពីរនាក់ ត្រូវដើមឈើបាក់សង្កត់ពីលើបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ។
នៅក្នុងហេតុការណ៍នេះដែរ នៅក្រុងសៀមរាបក៏មានរងខ្យល់កន្ត្រាក់ ដោយមានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និងបណ្ដោយដងស្ទឹង ព្រមទាំងធ្វើឲ្យប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ៦០ម៉ែត្រ) ។នៅតំបន់រមណីយដ្ឋានអង្គរ ក៏មានការបាក់រលំ ដើមឈើកាត់ផ្លូវ និងសង្កត់រោងលក់ដូរផងដែរ ។ នៅភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប ក្នុងករណីគ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និង រលំដើមឈើសង្កត់ មាន៤៤ករណី មានរបើកដំបូលផ្ទះ រលំដើមឈើសង្កត់ផ្ទះ និងបាក់រលំដើមឈើព្រមទាំងងាប់គោ១ក្បាលផងដែរ ។
ក្នុងហេតុការខ្យល់កន្ត្រាក់នេះដែរ នៅវេលាម៉ោង ១៦ និង៣០នាទី នាថ្ងៃដដែល នៅក្នុងភូមិសាស្ត្រស្រុក អង្គរធំ។លំនៅដ្ឋាន១ខ្នងស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញទាំងស្រុង ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង ។ ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង ៥ ល្ងាចនៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប ក្នុងឃុំចំនួន៧ មានផ្ទះប្រជាពលរដ្ឋ ៣ខ្នងបានបាក់រលំដល់ដី។របើកដំបូល និងសំយ៉ាបផ្ទះចំនួន ២២១ខ្នងដោយ សារខ្យល់កន្ត្រាក់ ខូចម៉ូតូ១គ្រឿង និង របួសស្រាលមនុស្សពីរនាក់ ។
របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់នៅថ្ងៃទី១៦ មីនានេះ,មានក្រុង ស្រុកចំនួន៩ ទទួលរងផលប៉ះពាល់រួមមាន ក្រុងរុនតាឯកតេជោសែន ,ស្រុកប្រាសាទបាគង , ស្រុកស្វាយលើ,ស្រុកអង្គរធំ,ស្រុកពួក,ស្រុកបន្ទាយស្រី,ស្រុកសូទ្រនិគម,ស្រុក ជីក្រែង និងស្រុកអង្គរជុំ ។
ប្រជាពលរដ្ឋរងផលប៉ះពាល់ សរុប១៨២គ្រួសារ,រលំផ្ទះនិងទ្រេត ១១ខ្នង ,របើកដំបូលនិងសំយ៉ាប ១៦០ខ្នង , របើកដំបូលព្រះវិហារ១ខ្នង , អគាររដ្ឋបាល២ខ្នង , បន្ទប់ទឹកសាធារណៈ ២ខ្នង , រោង និងតូប ៦កន្លែង បាក់ដើមឈើ ៧១ដើម , របួសមនុស្ស៧នាក់ ។
ក្រោយពីមេឃបានស្ងប់ស្ងាត់គេឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងរៀបចំជួយជួសជុលផ្ទះពលរដ្ឋឡើងវិញ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vv1zqZiCgv4