(ខេត្តមណ្ឌលគិរី)៖អភិបាលស្រុកកែវសីមាលោកសាន គឹមអ៊ាប អមជាមួយមន្ត្រីកងកម្លាំងប្រដាប់អាវុធ លោកតាលោកយាយ ព្រះសង្ឃ ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៦ខែមេសានេះ បានធ្វើពិធីដង្ហែរូបសំណាកលោកតា ក្រហម ក ដើម្បីតម្កល់នៅភ្នំទឹកខួប ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


លោកសាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ក្នុងពិធីដង្ហែ បានថ្លែងប្រាប់ដើមអម្ពិលថា រូបបដិមាលោកតា ត្រូវបានដាប់ឆ្លាក់ចេញពីថ្មភ្នំសុទ្ធ នៅឯខេត្តកំពង់ធំ។លោកថា លោកតា មានកម្ពស់៣ម៉ែត្រ ទម្ងន់៨តោន ដែលចំណាយថវិការជាវរហូតដល់៩ពាន់ដុល្លាអាមេរិក។


ថ្នាក់ដឹកនាំស្រុកនេះ បញ្ជាក់ទៀតថានៅថ្ងៃនេះ យើងខ្ញុំដង្ហែររូបលោកតាយកទៅតម្កល់នៅទីតាំងដែលគ្រោងទុកនោះសិន រហូតដល់ថ្ងៃទី១០ខែមេសា និងធ្វើពីអភិសេកតាមប្រពៃណី ក្រោមវត្តមានលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី បន្តទៀត។


សូមបញ្ជាក់ថាទីតាំង ដែលត្រូវតម្កល់បដិមាលោកតាក្រហម ក ស្ថិតនៅជាប់ផ្លូវជាតិលេខ៧៦ លើកំពូលភ្នំតូចមួយ កម្ពស់ខ្ពស់ល្មម ដែលអាចឈរមើលទេសភាព ធនធានធម្មជាតិ បានយ៉ាងស្រស់ស្អាត។នៅពីមុខកូនភ្នំ រដ្ឋបាលស្រុកកែវសីមា បានឈូសឆាយ សម្អាតនៅចំណីផ្លូវទុកជាធ្លាចតយានជំនិះយ៉ាងធំទូលាយ ម្យ៉ាងក៏ងាយស្រួល អ្នកដំណើរនិងពលរដ្ឋអញ្ជើញឡើងលើកូនភ្នំដើម្បីដុតធូបសូមសេចក្តីសុខផងដែរ៕


