All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៦.៦លាននាក់ ស្លាប់ជាង៦៥ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦,៦២៨,០៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៥៥,៨៤៥នាក់ និងជាសះស្បើយឡើងវិញ ១០,២១៧,២៨៩នាក់។

ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៤៣១,៣៧៧នាក់ ស្លាប់ចំនួន ១៥០,៤០៤នាក់ និងជាសះស្បើយចំនួន ២,១៣៣,៥៨២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៤៤៣,៤៨០នាក់ ស្លាប់ចំនួន ៨៧,៦៧៩នាក់ និងជាសះស្បើយ ១,៦៦៧,៦៦៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៤៨២,៥០៣នាក់ ស្លាប់ ៣៣,៤៤៨នាក់ និងជាសះស្បើយ ៩៥៣,១៨៩នាក់៕

 

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ម្នាក់ទៀតជាបុរសជនជាតិឥណ្ឌា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ។

បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០៕ 

 

សម្ដេច ស ខេង ណែនាំអភិបាលរាជធានីខេត្ត ស្ដីពីវិធានកាត់បន្ថយហានីភ័យនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងថ្ងៃឈប់សំរាកខាងមុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្ដីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានីភ័យនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សំរាក ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០៕

 

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ឆ្លងជំងឺ COVID-19

វ៉ាស៊ីនតោន ៖ សេតវិមានអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិក គឺលោក រ៉ូបឺត អូប្រាយអ៊ែន (Robert O’Brien) បានធ្វើតេស្តវិជ្ជមាន COVID-19 នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ដូច្នេះថា «លោក O’Brien មានរោគសញ្ញាស្រាល និងកំពុងអនុវត្តវិធានការចត្តាឡីស័ក ហើយបំពេញការងារពីចម្ងាយ។ ទោះជាបែបនេះក្តី ការឆ្លងជំងឺ COVID-19 របស់លោក O’Brien មិនបានបង្កជាហានិភ័យអ្វីចំពោះលោកប្រធានាធិបតី និងលោកអនុប្រធានាធិបតីឡើយ។ ជាមួយគ្នានេះ កិច្ចការងាររបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នៅតែបន្តទៅមុខយ៉ាងរលូន ដោយគ្មានភាពរាំងស្ទះនោះទេ»។

សូមជម្រាបថា មន្រ្តីបម្រើការងារនៅក្នុងសេតវិមាន ត្រូវទទួលការធ្វើតេស្តរក COVID-19 ជាប្រចាំ ហើយគិតមកទល់ឥឡូវ គឺលោក O’Brien ជាមន្រ្តីជាន់ខ្ពស់ជាងគេបង្អស់ ដែលបានឆ្លងជំងឺនេះ។ កាលពីឧសភាកន្លងទៅ ជំនួយការម្នាក់របស់លោក ត្រាំ និងអ្នកនាំពាក្យរបស់លោក ភែន ត្រូវបានធ្វើតេស្តរកឃើញថាឆ្លង COVID-19៕

 

១ថ្ងៃ ឥណ្ឌារកឃើញមានអ្នកឆ្លង COVID-19 ថ្មីជិត៥ម៉ឺននាក់ថែមទៀត

ញូដេលី ៖  ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានចេញផ្សាយទិន្នន័យចុងក្រោយ ដោយបង្ហាញថា ក្នុងរយៈពេល ២៤ម៉ោង ខ្លួនបានរកឃើញករណីឆ្លងថ្មីៗចំនួន ៤៩,៩៣១ករណី ដែលចំនួនករណីឆ្លងច្រើនបំផុត មិនធ្លាប់មានក្នុងមួយថ្ងៃ និងអ្នកជំងឺ ៧០៨នាក់បន្ថែមបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានថ្លែងថា តាមរយៈទិន្នន័យចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់១,៤៣៥,៤៥៣ ករណីក្នុងនោះអ្នកជំងឺសរុប ៣២,៧៧១នាក់បានស្លាប់។ ដោយឡែកមនុស្ស ៩១៧,៥៦៨នាក់បានជាសះស្បើយឡើងវិញ ធ្វើឲ្យចំនួនអ្នកជំងឺដែលកំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅសល់ ៤៨៥,១១៤នាក់។

សូមជម្រាបថា ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ថា ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែកក្កដា ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួន ១៦,៨០៦,៨០៣ នាក់ក្នុងនោះ សំណាកពីមនុស្សចំនួន ៥១៥,៤៧២នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃអាទិត្យម្សិលមិញនេះប៉ុណ្ណោះ៕

បុរាណវិទូអះអាថា បដិមាដែលប្រទះឃើញនៅប្រាសាទអង្គរវត្តគឺមិនមែនជាការកប់ចោលទេ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ដើម្បីចែករំលែកជុំវិញការងារដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះពុទ្ធបដិមាច្រើនអង្គ ក្នុងរណ្ដៅដីនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ តាមបទបង្ហាញរបស់ក្រុមអ្នកជំនាញ បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។

បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អំឡុងពេលធ្វើបាឋកថាបានរៀបរាប់ថា តាមការសិក្សាយ៉ាងលម្អិត និងត្រួតពិនិត្យនៅក្នុងរណ្ដៅកប់បំណែកព្រះពុទ្ធបដិមា ឃើញថាការកប់នេះមិនមែនជាការកប់បោះចោលនោះទេ។ លោកស្រីពន្យល់ថា ការកប់នេះគឺមានការយកចិត្តទុកដាក់បំផុត ដោយមានការកប់ជាដំណាក់ៗនិងដោយព្រឹត្តព្រៀងបំផុតដើម្បីចំណេញទីតាំង។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ពន្យល់បន្ថែមថា ជាទូទៅសម្រាប់អ្នកមានជំនឿដែលជឿលើបដិមាដែលស័ក្ដិសិទ្ធិទាំងនោះ គឺតែងរៀបចំរូបដែលបាក់បែកនៅកន្លែងទីតាំងសមរម្យ តែមិនមែនមានន័យថាបោះចោលទេ។ តួយ៉ាងករណីនៅប្រាសាទអង្គរវត្តនេះ គឺចាស់បុរាណសម័យមុនទុកដាក់រៀបចំកប់ត្រឹមត្រូវ និងដោយការគោរពវត្ថុទាំងនោះ។

គួររំលឹកថា នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានគ្រប់គ្រងទឹក ក្នុងគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត បានប្រទះឃើញបំណែកព្រះពុទ្ធបដិមាច្រើនអង្គក្នុងរណ្ដៅរួមមួយ។ បំណែកទាំងនោះមាន ដងខ្លួនព្រះពុទ្ធបដិមាសម័យក្រោយអង្គរ បំណែករូបសិល្បៈ សម្ភារប្រើប្រាស់ កាំបិទ ដប។ល។ ដែលតាមការសន្និដ្ឋានរូបទាំងនោះត្រូវបាននាំយកពីរូតព្រះពាន់ និងតាមការសន្និដ្ឋាន ការកប់នេះអាចធ្វើឡើងនៅអំឡុងឆ្នាំ១៩៨០ប៉ុណ្ណោះ៕

 

វៀតណាម​ជម្លៀស​មនុស្ស៨ម៉ឺន​នាក់ចេញពីក្រុងដាណាង ក្រោយ​រកឃើញ​អ្នកឆ្លង​កូវីដថ្មី៣នាក់

ហាណូយ ៖ វៀតណាម កំពុងជម្លៀស​មនុស្សប្រមាណ ៨ម៉ឺននាក់​ចេញពីក្រុងដាណាង ដែលភាគច្រើន​ជាភ្ញៀវទេសចរក្នុងស្រុក បន្ទាប់ពីមនុស្ស៣នាក់​ត្រូវបាន​រកឃើញ​ថាមានផ្ទុកកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Vietnam Express

សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា ការជម្លៀសនេះ នឹងធ្វើឡើង​រយៈពេលយ៉ាងហោចណាស់ ៤ថ្ងៃ​ ដោយបញ្ជូនចេញតាម​ជើងហោះហើរចំនួន១០០ ចេញពីក្រុងដាណាង ទៅ​ក្រុងចំនួន១១ផ្សេងទៀត​ក្នុងប្រទេសវៀតណាម។ អ្នកដែលត្រូវជម្លៀសចេញ តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន ១៤ថ្ងៃ។

ជាមួយគ្នានេះ វៀតណាម​ក៏បាន​ដាក់ចេញវិធានការចត្តាឡីស័កយ៉ាងតឹងរឹង និង​អនុវត្តនូវការធ្វើតេស្តរកកូវីដ១៩ ជាទ្រង់ទ្រាយធំផងដែរ។

សូមជម្រាប​ថា កាលពីថ្ងៃអាទិត្យម្សិលមិញ វៀតណាមរកឃើញ​ករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅក្រុងដាណាង និង​ក្រុង Quang Ngai។ នេះជាលើកដំបូងហើយក្នុងរយៈពេល ៩៩ថ្ងៃ ដែល​វៀតណាម​បានជួបករណីឆ្លងក្នុងស្រុក។ អាជ្ញាធរកំពុងតែស្វែងរកប្រភពនៃការចម្លងវីរុសនេះ៕

 

ក្រសួងសុខាភិបាលចេញសេចក្ដីណែនាំស្តីពីការពារការចម្លងវីរុសកូវីដ១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន នៅក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសងថ្ងៃឈប់សម្រាកសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ក្នុងសេចក្តីណែនាំរបស់ខ្លួន ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «ការអនុញ្ញាតឱ្យឈប់សម្រាកក្នុងរយៈពេលយូរនេះ បងប្អូនប្រជាពលរដ្ឋ នឹងអាចមានការធ្វើដំណើរទៅជួប ជុំក្រុមគ្រួសារនៅស្រុកកំណើត ឬក៏អាចមានការដើរលេងកម្សាន្តផងដែរ។ ក្នុងករណីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន»។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏វីរុសកូវីដ-១៩ នេះ នៅតែកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក និងនៅក្នុងតំបន់ ហើយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើអ្នកដំណើរជាបន្តបន្ទាប់កន្លងមកនេះ បានមកពញ្ញាក់ស្មារតីបុគ្គលគ្រប់រូបកុំឱ្យភ្លេចខ្លួន ដោយបានបង្ហាញថា ការចម្លងវីរុសកូវីដ-១៩ នៅតែមាននៅឡើយ និងនៅតែជាហានិភ័យសម្រាប់មនុស្សគ្រប់រូប ទោះជាក្នុងរូបភាពនាំចូលមកក្នុងប្រទេសក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែស ដោយត្រូវការពារខ្លួន តាមការណែនាំឱ្យបានត្រឹមត្រូវ ហើយមិនត្រូវមើលរំលងនូវលទ្ធភាពនៃការចម្លងរហ័សនៃវីរុសដ៏កាចសាហាវនេះ ដែលនឹងអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។

ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ មកបុគ្គល និងចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការ ណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ឱ្យប្រកាន់យកនូវការរស់នៅតាមបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិយាបថ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការការពារការចម្លងជំងឺកូវីដ-១៩នេះ ទោះជាក្នុងពេលវេលាណាទៅទីណា និងនៅកន្លែងណាក៏ដោយ៕

ក្រសួង៣ រួមគ្នាលុបបំបាត់ការឆ្លងរំខានចូលហ្រ្វេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាសកម្ពុជា

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាព្រមព្រៀងគ្នាស្ដីអំពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា»។

ពិធីចុះហត្ថលេខា បានធ្វើឡើងដោយស្ថាប័នទាំងបី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅសាលប្រជុំព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន។

កិច្ចព្រមពៀងនេះ ធ្វើឡើងដោយសាតែកន្លងមកហ្រ្វេកង់ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឆ្លងរំខានចូលហ្រ្វេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាសកម្ពុជា ដែលនាំឱ្យរំខានដល់បញ្ជាការហោះហើក្នុងផ្លូវអាកាស ឬធ្វើឱ្យមានការភាន់ច្រឡំ ដែលនឹងអាចមានបញ្ហាក្នុងការចុះចតយន្តហោះបង្កជាហានិភ័យខ្ពស់ផងដែរ។ ចំពោះបង្ហានេះ ក្រសួងព័ត៌មាន មានតួនាទីញែកហ្រ្វេកង់ស៍កុំឱ្យមានការរំខានគ្នា៕

 

ថ្ងៃនេះ ចិនរកឃើញករណីឆ្លង COVID-19 ថ្មី ចំនួន៦១នាក់ថែមទៀត

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៦១ករណីបន្ថែមទៀត នៅក្នុងពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ដែលជាករណីឆ្លងខ្ពស់មិនធ្លាប់ជួបប្រទះ ជាច្រើនសប្តាហ៍មកហើយ។ នេះបើតាមសារព័ត៌មាន CNA។

គណៈកម្មការសុខាភិបាលចិនបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗនេះ ៤១ករណី ត្រូវបានរាយការណ៍នៅតំបន់ស្វយ័តស៊ីនជាំង ១៤ករណីនៅខេត្តលាវនីង (Liaoning) និង ០២ករណីនៅខេត្ត ជីលីន (Jilin) ចំណែកឯ ០៤ករណីផ្សេងទៀតជាករណីនាំចូលពីបរទេស ហើយក្នុងចំណោមករណីឆ្លងថ្មីៗ ៦១នាក់ខាងលើនេះ ៤៤នាក់មិនមានរោគសញ្ញានោះទេ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសចិនមានករណីឆ្លង COVID-19 សរុបកើនដល់ ៨៣,៨៩១ករណីក្នុងនោះ ៤,៦៣៤នាក់បានស្លាប់ និងជាង ៧៨,៩០០នាក់ជាសះស្បើយ៕

 

អាមេរិក​នឹង​តេស្ដ​វ៉ាក់សាំង COVID-19 ដំណាក់កាល​ទី៣ នៅ​សប្ដាហ៍នេះ

អាមេរិក ៖ វ៉ាក់សាំង​ COVID-19 ​របស់​សហរដ្ឋ​អាមេរិក​ ជា​វ៉ាក់សាំង​ដំបូង ​ដែលនឹង​ចាប់ផ្ដើម​ការតេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៅ​សប្តាហ៍​នេះ។ នេះបើយោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពីថ្ងៃទី២៦ ខែកក្កដា។

​សារព័ត៌មានដដែលបន្តថា វ៉ាក់សាំង​នេះ ​ផលិត​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​ និង​ក្រុមហ៊ុន​ Moderna។ វ៉ាក់សាំង​នេះ ​គេ​ប្រើប្រាស់​ mRNA ដែល​ជា​ម៉ូលេគុល​កោសិកា​ប្រើ​ក្នុង​ការ​ផលិត​ប្រូតេអ៊ីន។ ក្នុង​ករណី​នេះ ប្រូតេអ៊ីន​ ​គឺ​ត្រូវការ​ដើម្បី​ផលិត​សំបក​ស្រួច​​របស់​វីរុស​កូរ៉ូណា​ដែល​វីរុស​ប្រើប្រាស់​ក្នុង​ការ​ចម្លង​ទៅ​ក្នុង​កោសិកា​មនុស្ស។ វ៉ាក់សាំង​ខាងនេះ​ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​​មាន​ការ​ឆ្លើយ​តប​លឿន​ជាង​មុន​នៅពេល​ឆ្លង​វីរុស ​COVID-19​ ​ដំបូង។

លទ្ធផល​ការ​សិក្សា​នៅ​ដំណាក់កាល​ទី១​ បាន​ចេញ​ផ្សាយ​ក្នុង​ New England Journal of Medicine កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​ បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​ភ្ញោច​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ដែលបាន​ទទួល​វ៉ាក់សាំង។ គេ​បែង​ចែកអ្នក​ទទួល​វ៉ាក់សាំង​ជា​ ៣​ក្រុម​គឺ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ មធ្យម និង​តិច ហើយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​កាន់តែ​ច្រើន ប្រព័ន្ធ​​ភាព​ស៊ាំ​​មាន​ការ​ឆ្លើយ​តប​កាន់តែ​ខ្ពស់។ ជាង​ពាក់កណ្ដាល​នៃ​អ្នក​ចូលរួម​មាន​ផល​ប៉ះពាល់ដោយ​សារ​វ៉ាក់សាំង​ ​ដូចជា​អស់កម្លាំង គ្រុន​រងា ឈឺក្បាល ឈឺសាច់ដុំ និង​ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង។

ក្រោយពី​មាន​លទ្ធផល​វិជ្ជមាន វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ទី៣​ដោយ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​៣ម៉ឺន​នាក់​ដើម្បី​តេស្ដ​មើល​ថា ​តើ​វ៉ាក់សាំង​នេះ​អាច​ការពារ​មនុស្ស​ពី​វីរុស​កូរ៉ូណា​ឬ​យ៉ាង​ណា។ ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី៣​នឹង​ចាក់​វ៉ាក់សាំង​ក្នុង​កម្រិត​មធ្យម ១០០​មីក្រូក្រាម។

សហរដ្ឋអាមេរិកបានបង្កើនប្រាក់វិនិយោគទ្វេដង ទៅលើការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 រហូតដល់ទៅជិត ១ពាន់លានដុល្លារ ចំពោះក្រុមហ៊ុនផលិតឱសថម៉ូឌែណា (Moderna) ខណៈការអភិវឌ្ឍផលិតផលសម្រេច កាន់ខែខិតជិតមកដល់នេះ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពេលនេះ កំពុងតែត្រៀមចាយលុយ ៤៧២លានដុល្លារបន្ថែមទៀតពីលើទឹកប្រាក់ ៤៨៣លានដុល្លារ ដែលខ្លួនបានវិនិយោគរួចមកហើយ ទៅលើក្រុមហ៊ុន Moderna។ ក្នុងការធ្វើតេស្តកន្លងមកនេះ វ៉ាក់សាំង COVID-19 ដែលត្រូវបានផលិតដោយ Moderna អាចបង្កើតនូវអង់ទីករប្រឆាំងវីរុសកូរ៉ូណាថ្មី ក្នុងខ្លួនមនុស្សដែលបានធ្វើតេស្តទាំងអស់ ៤៥នាក់។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ចំនួន ២៥​កំពុង​ស្ថិត​នៅ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ជុំវិញ​ពិភពលោក៕

 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៦.៤លាននាក់ ស្លាប់ជាង៦៥ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦,៤០១,១៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៥១,៦២៧នាក់ និងជាសះស្បើយឡើងវិញ ១០,០៣៤,៩៧៩នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៣៧០,៥២២នាក់ ស្លាប់ចំនួន ១៤៩,៨២៩នាក់ និងជាសះស្បើយចំនួន ២,០៨៨,៦៩៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៤១៩,៩០១នាក់ ស្លាប់ចំនួន ៨៧,០៥២នាក់ និងជាសះស្បើយ ១,៦៣៤,២៧៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺឥណ្ឌា ដែលមានអ្នកឆ្លង ១,៤៣៦,០១៩នាក់ ស្លាប់ ៣២,៨១០នាក់ និងជាសះស្បើយ ៩១៨,៧៣៥នាក់៕

 

ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន ៤នាក់ទៀត បានជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង ៤នាក់នេះរួមមាន ៖

– បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ សង្កាត់ច្រាំងចំរើ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំកឃ្មុំ ខេត្តត្បូងឃ្មុំ។

អ្នកជំងឺទាំងបីខាងលើ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសថ្លាដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា មានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៨នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៥នាក់, នៅមណ្ឌលសុខភាពចាក់អង្រែចំនួន ៥៦នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ១៥នាក់។ រីឯអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ សម្រាក់ព្យាបាលនៅស្ថានទូតអាមេរិក៕

 

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រសម្រាប់ថ្ងៃទី២៥កក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕

ស្ថានទូតចិន ៖ ក្រុមហ៊ុនចំនួន៥ទៀត ទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន

ភ្នំពេញ ៖ បច្ចុប្បន្ននេះចំការចេកក្នុងប្រទេសកម្ពុជា រហូតដល់១៥ក្រុមហ៊ុន ដែលមានការដាំដុះដំណាំចេកមានចំនួនជាង៨០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន២១កន្លែង ត្រូវបានរដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន។ នេះបើយោងតាមការហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា។

ស្ថានទូតចិនបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលថ្មីៗនេះរដ្ឋបាលគយប្រទេសចិនទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត អាចវេចខ្ចប់ នាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់១៥ក្រុមហ៊ុន។

Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយយ៉ាងដូច្នេះថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចំការ និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។ រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»៕