All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១៦លាននាក់ ស្លាប់ជាង៦៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,៩២៩,៦៧០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៤១,៨២៩នាក់ និងជាសះស្បើយឡើងវិញ ៩,៧១៤,៤៥៤នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,២៤៧,៤០៧នាក់ ស្លាប់ចំនួន ១៤៨,៤៥០នាក់ និងជាសះស្បើយចំនួន ២,០២៧,២៧៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៣៤៨,២០០នាក់ ស្លាប់ចំនួន ៨៥,៣៨៥នាក់ និងជាសះស្បើយ ១,៥៩២,២៨១នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៣៣៧,០២២នាក់ ស្លាប់ ៣១,៤០៦នាក់ និងជាសះស្បើយ ៨៥០,១០៧នាក់៕

 

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អំពាវនាវដល់មន្រ្តីជួរមុខប្រឆាំង កូវីដ-១៩​បន្តជួយផ្សព្វផ្សាយបញ្ហាគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​អំពាវនាវដល់មន្រ្តីជួរមុខប្រឆាំងកូវីដ-១៩​ និងព្រះសង្ឃបន្តជួយផ្សព្វផ្សាយបង្ការបញ្ហាគ្រឿងញៀន។ ការអំពាវនាវបែបនេះ​ ខណៈដែលលោកអញ្ជើញជាអធិបតី​ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​នៅថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី​តំណាងក្រសួង-ស្ថាប័នជាអនុប្រធាន​ សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ លោកជំទាវ​ ជាតំណាងស្ថាប័ន​ អង្គភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មការផ្សព្វផ្សាយអប់រំ​ នៃគណ:កម្មការចម្រុះនិងលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ ក្រសួងសុខាភិបាល​ ក្រសួងផែនការ​ ក្រសួងសង្គមកិច្ច​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ និងព្រះសង្ឃ​ ដែលជាសកម្មជនជួរមុខក្នុងការផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩​ សូ​មបន្តយកចិត្តទុកដាក់បញ្រ្ជាបខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានសកម្មថែមទៀត​ ដេីម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩​ និងបញ្ហាគ្រឿងញៀន​ចូលទៅក្នុងសហគមន៍។

ក្នុងឱកាសនោះ​ដែរ​ នាយឧត្តមសេនីយ៍​ក៏បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត ដល់ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ បន្ទាប់ពីពិនិត្យឃើញថា អ្នកបើកបរទាំងនោះមានសារធាតុញៀនគ្រឿងញៀន រហូតដល់២៥ ទៅ៣០ភាគរយក្នុងរយៈពេល០៦ខែ ដើមឆ្នាំនេះ គឺមានអ្នកបើកបររថយន្ត រហូតដល់ជាង ២,០០០នាក់ ហើយក្នុងនោះប្រហែលជិត៧០០នាក់ ពិនិត្យឃើញនូវសារធាតុញៀន ។

ជាមួយនេះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានណែនាំដល់ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ​តាមផេកថ្នាក់ដឹកនាំ​បោះពុម្ពឯកសារ​ផ្សព្វផ្សាយ​ អង្គភាពពាក់ព័ន្ធនៅមូលដ្ឋានត្រូវចុះអង្កេត​ អប់រំ​ ដល់គោលដៅងាយរងគ្រោះ​ ធ្វើកាតបណ្តុះបណ្តាល​ដល់ម្ចាស់អាជីវកម្ម​ រោងចក្រ​ ពង្រឹងប្រសិទ្ធភាពការងារព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលសុខភាពឃុំ​សង្កាត់ទាំង៣៥០កន្លែង​ បង្កើតក្រុមការងារសម្របសម្រួលអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវា​ព្យាបាល​ និងពង្រឹងយន្តការភូមិ​ ឃុំ​ សង្កាត់សគ្មានគ្រឿងញៀន​នៅតាមព្រំដែន៕

 

ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មី ​ជិត​៥០,០០០​នាក់ក្នុង១ថ្ងៃ

​ញូ​ដេលី ៖ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បាន​កត់ត្រា​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 រហូតដល់ ៤៩,៣១០​ករណី និង​អ្នកស្លាប់​ថ្មីៗ​ចំនួន ៧០៤​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ប្រការនេះ​បានធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប នៅ​ទូទាំងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​កើន​ដល់​ជាង ១,២៨៧,៩០០​ករណី ដោយ​ក្នុងនោះ​អ្នកជំងឺ​សរុប​ជាង ៣០,៦០០​នាក់​ស្លាប់ និង​ជាង ៨១៧,២០០​នាក់​ទៀត បានជា​សះស្បើយ​ឡើងវិញ​។​

​អត្រា​អ្នក​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ COVID-19 នៅ​ប្រទេស​ឥណ្ឌា គឺមាន​ការកើនឡើង​ជា​លំដាប់ ហើយ​គ្មាន​សញ្ញា​ថា នឹង​អាច​ថមថយ​នៅឡើយ​ទេ ខណៈ​ប្រទេស​ដែលមាន​ចំនួន​ប្រជាជន​ប្រមាណ ១.៣​ពាន់​លាន​មួយ​នេះ កំពុង​ឈរ​នៅ​លំដាប់ថ្នាក់​លេខ ៣ ក្នុងចំណោម​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​បំផុត នៅ​ទូទាំង​សកលលោក បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​៕

 

ចិន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅទីក្រុង ​Chengdu ​ជាការ​សងសឹក

ប៉េកាំង ៖ អាជ្ញាធរ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ជា​ឱ្យ​សហរដ្ឋអាមេរិក​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន ប្រចាំ​ទីក្រុង Chengdu ខេត្ត​ស៊ី​ឈួន ដើម្បី​ជាការ​សងសឹក​ចំពោះ​ទង្វើ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​បញ្ជា​ឱ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង Houston រដ្ឋ Texas កាលពីដើម​សប្តាហ៍​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល អាមេរិក​នៅ​ទីក្រុង Chengdu គឺជា​ការឆ្លើយតប​ស្របច្បាប់​និង​ចាំបាច់​ចំពោះ​វិធាន​ការមិន​សម​ហេតុផល​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​មកលើ​ចិន​។​

​ក្រសួងការបរទេស​ចិន​បាន​ជូនដំណឹង​ដល់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​អំពី​ការសម្រេចចិត្ត​បិទ​អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង Chengdu​។ ចិន​និយាយថា ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក គឺ​មិនមែនជា​អ្វីដែល​ប្រទេស​ចិន​ចង់ឃើញ​នោះទេ ប៉ុន្តែ​បញ្ហា​ទាំងអស់​គឺ​អាមេរិក​ជា​អ្នក​បង្កឡើង​។​

​សូមជម្រាបថា ចំណងទាក់ទង​រវាង​អាមេរិក​និង​ចិន បាន​ឈានដល់​ដំណាក់កាល​កាន់តែ​យ៉ាប់យ៉ឺនៗ ដោយសារ​បញ្ហា​មួយចំនួន​រាប់​ចាប់ពី ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការធ្វើ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ប៉េកាំង ក៏ដូចជា​សកម្មភាព​ទាមទារ​ទឹកដី​របស់​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​បន្ថែម​ពីលើ​នេះ​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​សម្ពាធ​មកលើ​ប្រទេស​ចិន​មួយកម្រិត​ទៀត តាមរយៈ​ការប្រកាស​ទុកពេល​៧២​ម៉ោង​ដើម្បីឱ្យ​ទីក្រុង​ប៉េកាំង​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​ទីក្រុង Texas ដោយ​ចោទប្រកាន់​ពីបទ​លួច​កម្មសិទ្ធិបញ្ញា និង​ការប្រព្រឹត្ត​អំពើ​ចារកម្ម​ផ្សេងទៀត​៕

 

ឆមាសទី១ ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៥ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥.៤៦៣ករណី និងឃាត់ខ្លួនមនុស្សចំនួន១០.៨៧៧នាក់ និងចាប់យកគ្រឿងញៀន ចំនួន២៦១គីឡូក្រាម។

តាមរបាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ អានដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ដសហការសម្របសម្រួល ជាមួយស្ថាប័នអនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ក្នុងការពង្រឹង ការអនុវត្តវិធានការអនុវត្តច្បាប់ ក្នុងឆមាសទី១។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់ថា «បទល្មើសគ្រឿងញៀន សរុបបង្ក្រាបបាន៥.៤៦៣ករណី បើធៀបនឹងឆមាស ទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%»។

ចំណែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន សរុបមាន ចំនួន១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៨.៩១១នាក់ កើនលើសចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមាន ជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់ ស្មើនឹង១៥ជនជាតិ។

នាយឧត្តមសេនីយ៍លើកឡើងថា សមត្ថកិច្ចចាប់យកគ្រឿងញៀន មានចំនួនសរុប២៦១គីឡូក្រាម និង៩៧៧,៧២ក្រាម បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប៣៤១គីឡូក្រាម និង៩៧៤,៤៧ក្រាម ថយចុះ៨០គីឡូក្រាម និង០៩៦,៧៥ក្រាមស្មើនឹង២៣,៤៣% ។ ជាពិសេស មធ្យោបាយ សម្ភារៈនិងឧបករណ៍ ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យក ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូន ទៅសាលាដំបូង រាជធានី-ខេត្ត ជាច្រើនផងដែរ៕

 

Mike Tyson នឹង​ឡើង​សង្វៀន​ប្រដាល់​វិញ​នៅ​​​ខែកញ្ញា​

បរទេស ៖​ អតីត​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson បាន​ចុះហត្ថលេខា​លើ​លក្ខខណ្ឌ​នៃ​ការវិល​ត្រលប់មក​សង្វៀន​របស់​គាត់ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ដៃគូ Roy Jones Jr នៅ​ថ្ងៃទី១២ខែកញ្ញា​ឆ្នាំ​២០២០​ខាងមុខនេះដែលនឹងធ្វើឡើងនៅរដ្ឋ Los Angeles។ ​នេះ​បើ​យោងតាម​ប្រភពពី Dailymail​។​

Tyson វ័យ​៥៤ ឆ្នាំ​នឹងត្រូវ​ជួប​ជាមួយ Roy Jones Jr វ័យ ៥១ ឆ្នាំ​នៅក្នុង​ការប្រយុទ្ធ​លើកដំបូង​របស់គាត់ ក្រោយ​ប្រកាស​ចូលនិវត្តន៍​អស់​រយៈពេល​១៥​ឆ្នាំ​។ ​ការប្រកួត​នេះដែរ នឹងធ្វើ​ឡើង​តែ​៨​ទឹក​ប៉ុណ្ណោះ​៕

 

ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនៅថ្ងៃទី២៤កក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕

 

ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីទៀត លើទ័ពមួកខៀវកម្ពុជាត្រឡប់ពីប្រទេសម៉ាលី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) រួមមាន៖

* បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
* បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប
* ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ

លទ្ធផលវិភាគវត្ថុសំណាកលើកទីពីររបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី០១នាក់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបាបញ្ជាក់ថា ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ (ស្រី ០៧នាក់) បានវិល ត្រឡប់មកពីប្រទេសម៉ាលីមកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលតេស្តលើកទី១ របស់ពួកគាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជា ជាតិនៅខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលបានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ខាងលើនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២០២នាក់ (ស្ត្រី៤៤នាក់ និងបុរស១៥៨នាក់) ក្នុងចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៤២នាក់ (ស្រី៣៩នាក់ និងបុរស១០៣នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕

 

ករណី​ឆ្លងCOVID-19 នៅ​អាមេ​រិ​ក​កើន​លើស​៤លាន​ករណី​

​អាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបញ្ជាក់​ថា ពី​ការឆ្លង COVID-19 សរុប​លើស​៤​លាន​នាក់​ចាប់តាំងពី​ករណី​អាមេរិក​ដំបូង​ត្រូវបាន​បញ្ជាក់​នៅក្នុង​ខែមករា​ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការកើនឡើង​យ៉ាងគំហុក​នៃ​ជំងឺ​រាតត្បាត​ទូទាំងប្រទេស​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​របាយការណ៍​បាន​បង្ហាញថា​ សហរដ្ឋអាមេរិក​បាន​ចំណាយពេល ៩៨ ថ្ងៃ​ដើម្បី​ឈានដល់​មួយ​លាន​ករណី​ដំបូង​នៃ​វីរុស​នេះ​ប៉ុន្តែ​ចំណាយពេល​ត្រឹមតែ​១៦​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការកើនឡើង​ពី​៣​លាន​ដល់​៤​លាន​ករណី​។ ចំនួន​សរុប​នេះ​បាន​បង្ហាញថា ជនជាតិ​អាមេរិក​យ៉ាងតិច​ម្នាក់​ក្នុងចំណោម​៨២​នាក់​បាន​ឆ្លង​ជំងឺ​រាតត្បាត​នេះ​។​

​ចំនួន​ករណី​ឆ្លងមធ្យម​បច្ចុប្បន្នកំពុង​កើនឡើង​ជាង​២៦០០ នាក់​ក្នុង​មួយ​ម៉ោង​ដែលជា​អត្រា​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។​កាលពី​ថ្ងៃ​ពុធ ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​បាន​កើនឡើង​ជាង​១,១០០​នាក់​សម្រាប់​ថ្ងៃទី​ពីរ​ជាប់ៗ​គ្នា​ដែល​រួមមាន​ទាំង​ការកើនឡើង​នូវ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ក្នុង​កម្រិត​កំណត់ត្រា​នៅ​រដ្ឋ Alabama, California, Nevada និង Texas ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​នៅតែ​ទាប​ជាង​កម្រិត​ដែល​គេ​បាន​មើលឃើញ​នៅក្នុង​ខែមេសា​នៅពេលដែល​មនុស្ស​ជា​មធ្យម​២,០០០​នាក់​ក្នុង​មួយថ្ងៃ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩៕

 

បារាំងផ្តល់ជំនួយ១.៥លានអឺរ៉ូ ដើម្បីចូលរួមស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ Covid-19

ភ្នំពេញ ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័ទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19។

វិស័យនេះ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរ ចេញពីបណ្តាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។

ក្នុងជំនួបពិភាក្សាការងារលើគម្រោងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ១៩រវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឯកឧត្ដម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ តំណាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពគ្នាប្រើប្រាស់ហិរញ្ញប្បទាន ១.៥លានអឺរ៉ូ ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមអនុវត្តផែនទីចង្អុលផ្លូវស្តារឡើងវិញ លើវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ជំនួបពិភាក្សាការងារនេះធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ជាជនជាតិបារាំងនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការដាក់ចេញវិធានការគាំទ្រវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ១៩ និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបាន ពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទីចង្អុលផ្លូវសម្រាប់ត្រៀមស្តារឡើងវិញនៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

ឯកឧត្ដម ណេប សាមុត បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះដែរទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថភាព ពង្រឹងរចនាសម្ព័ន្ធវិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍ , ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន, ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោងជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥.៦លាននាក់ ស្លាប់ជាង ៦៣ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,៦៣៩,៦៦៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៣៥,៥៩៥នាក់ និងជាសះស្បើយឡើងវិញ ៩,៥២៨,២៥៥នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,១៦៩,១១២នាក់ ស្លាប់ចំនួន ១៤៧,២៩៥នាក់ និងជាសះស្បើយចំនួន ១,៩៧៨,៨៦០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,២៨៩,៩៥១នាក់ ស្លាប់ចំនួន ៨៤,២០៧នាក់ និងជាសះស្បើយ ១,៥៧០,២៣៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,២៨៨,១៣០នាក់ ស្លាប់ ៣០,៦៤៥នាក់ និងជាសះស្បើយ ៨១៧,៥៩៣នាក់៕

 

ក្រុមការងារមនុស្សធម៍ស្រុកត្បែងមានជ័យចុះជួយអ្នករងគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ខ្លួនពិការជេីង

ខេត្តព្រះវិហារ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមនុស្សស្រុកត្បែងមានជ័យដឹកនាំដោយលោកអធិកាស្រុក រិទ្ ធសូណា បានក្រុមការងារចុះស៊ួសុខទុក្ខដល់ ជនរងគ្រោះ ឈ្មោះ ទូច នាង អាយុ ៣១ ឆ្នាំ រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាន កាត់ជើងឆ្វេំងត្រឹមភ្លូវ បច្ចុប្បន្ន រស់នៅ ជាមួយម្តាយ ចាស់ជរា ម្នាក់ និង ចិញ្ចឹមក្មួយប្រុសម្នាក់ ដោយគ្មាន អ្វីជាទីពឹងឡើយ មានអាស័យដ្ឋាន នៅភូមិ បុ.:ធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។

ដោយមានការយកចិត្តទុក្ខ ពីសំណាក់ លោក ស៊ូ សិរី ប្រធាន ក្រុមការងារោ បានចង្អុលបង្ហាញ អោយនាំយកនូវថវិកាចំនួន៥០ដុលាអំណោយផ្ទាល់ខ្លួន និងមានការចូលរួម ពីសមាជិកក្រុមការងារ មនុស្សធម៌ ស្រុកត្បែងមានជ័យ រួម និងអំណោយកាកបាទក្រហម បានចុះសួរសុខទុក្ខ ដល់ គេហដ្ឋាន។

កញ្ញា ទូច នាង សំណូមពរដល់ក្រុមការងារ ជួយសម្រួលជួយឧបត្ថម្ភជេីងបនិមិត្តរូបនាងផងដែរក្រោយស្តាប់កាសំណូមពរកញ្ញាទូចនាងរួចមកក្រុមការងារបានសន្យាជួយរកជេីងបនិមិត្តនឹងស្វែងរកអំណោយពីសបុរស្សជនដេីម្បីជួយសម្រួលទុក្ខលំបាកដល់កញាទូចនាង៕ ដោយ ៖ កូវ ប៊ុនហេង

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់​ករណី​បុរសជនជាតិខ្មែរស្លាប់​ ពេល​ធ្វើចត្តាឡីស័ក

ខេត្តត្បូងឃ្មុំ ៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក កែវ វណ្ណៈ បានឲ្យដឹងទៀតថា ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន៣ថ្ងៃជាមួយនឹងអ្នកធ្វើ ចត្តាឡីស័កចំនួន១០នាក់។ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គរ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយយក មកលេបផងដែរ។ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះគឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ។

បើតាមប្រធានសុខាភិបាល ជនរងគ្រោះស្លាប់ មិនបណ្តាលមកពីជំងឺកូវីដ១៩នោះឡើយ ដោយសារខាងគ្រូពេទ្យមិនទាន់បានយកសំណាកទៅពិនិត្យនៅឡើយនោះទេ៕

សម្តេចតេជោ ៖ កម្ពុជាមានមាស ៣៦,៥តោន ជាទុនបំរុងរបស់ជាតិ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដានេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា មួយរយៈពេលចុងក្រោយនេះមានពលរដ្ឋមួយចំនួន ចង់ដឹងអំពីមាសដែលជាទុនបំរុងរបស់ជាតិ។

សម្តេចថា ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុច្ចរិត ពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់ បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាស ក្នុងពេលមានជំងឺឆ្លងកូវីត១៩ ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ។

ដើម្បីច្បាស់ពីមាស សម្តេចតេជោ បានសូមឱ្យមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះ ពលរដ្ឋប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ប្រហែលមួយឆ្នាំមុន ខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើង មាន ៣០តោន តែតាមតួរលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទ
ស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាតិនោះទេ” ។

យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។

ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩.៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០៕

 

 

រុស្ស៊ី​ប្រកាស​ជោគជ័យលើ​វ៉ាក់សាំង​​កូ​វីដ ១៩ និង​ចាប់ផ្តើម​ផលិត​ពី​ខែសីហា​តទៅ​

បរទេស ៖ យោងតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន TASS របស់​ប្រទេស​រុស្ស៊ី​បាន​ចុះផ្សាយ​ថា ប្រទេស​នេះ​នឹង​ផ្តើម​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ជា​ផ្លូវការ ចាប់​ខែសីហា​តទៅ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល។

​សរ​ព័ត៌មាន TASS បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាងថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន​បាន​រួចរាល់​ជា​ផ្លួ​វ​ការ​ហើយ ក្នុងពេលដែល​លោក Ruslan Tsalikov អនុរដ្ឋមន្ត្រី​ការពារជាតិ បាន​ប្រាប់​អ្នក​សារ​ព័លោ​កថា ក្នុង​បេស​សកម្ម​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង កង​យោធា​រុស្ស៊ី បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​វិទ្យាសាស្ត្រ​ប្រកបដោយ​សក្តានុពល និង​គួបផ្សំ​បទពិសោធ​យ៉ាងច្រើន​នាពេល​កន្លងមក ជាក់ស្តែង​ដូចជា​ពួកគេ​ធ្លាប់​ជោគជ័យ​ជាមួយ​វ៉ាក់សាំង​ប្រឆាំង​វីរុស Ebula ដូចគ្នា​។​

​ទន្ទឹម​នោះ​ក្រុមហ៊ុន​ជីវសាស្ត្រ​រុស្ស៊ី ទទួលបាន​សិទ្ធិ​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នេះ ចាប់ពី​ខែសីហា​តទៅ ហើយ​បើតាម​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី លោក Kirill Dmitriyev ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​ក្នុងប្រទេស​រុស្ស៊ី RDIF និយាយថា ដំណាក់កាល​សាកល្បង​ក្នុងប្រទេស​ខ្លួន នឹង​បញ្ចប់​ដោយ​ជោគជ័យ​នា​ថ្ងៃទី​៣ សីហា ឆ្នាំ​២០២០​ខាងមុខនេះ ៕