All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីពាណិជ្ជកម្មលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។

ក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគីនឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។ ដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

សមាគម JBAC បានទទួលយកសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា។

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១១លាននាក់ ស្លាប់ជាង ៥២ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៩៧០,៧០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥២៣,១៧១នាក់ និងជាសះស្បើយឡើងវិញ ៦,១២៩,២៧៣នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៨៣៣,៦៨៦នាក់ ស្លាប់ចំនួន ១៣១,៤១៧នាក់ និងជាសះស្បើយចំនួន ១,១៨៥,៥៤៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៥០១,៣៥៣នាក់ ស្លាប់ចំនួន ៦១,៩៩០នាក់ និងជាសះស្បើយ ៩១៦,១៤៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៦១,១៦៥នាក់ ស្លាប់ ៩,៦៨៣នាក់ និងជាសះស្បើយ ៤២៨,៩៧៨នាក់៕

 

ក្រសួងប្រកាស​ពន្យារពេល​ដល់ការ​កាត់ឈ្មោះ​ម្ចាស់យានយន្ត​ដែល​រកម្ចាស់​ដើមមិនឃើញ

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ពន្យារពេល​ដល់ការផ្ទេរកម្មសិទ្ធិយានយន្ត​ដែល​រកម្ចាស់ដើមមិនឃើញ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០។ ការសម្រេចនេះ បន្ទាប់ពីក្រសួង​សង្កេត​ឃើញថា ប្រជាពលរដ្ឋ​ដែលមកទទួលសេវានេះ មានការកើនឡើង​ជាបន្តបន្តាប់ពី​មួយថ្ងៃទៅមួយថ្ងៃ និង​ដោយមានការ​ភ្ញាក់រលឹក​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ។

ក្នុងករណី​ផុតកំណត់​រយៈពេលខាងលើនេះ ក្រសួង​​គឺតម្រូវ​ឱ្យ​អនុវត្តរាល់​ការផ្ទេរកម្មសិទ្ធិយានយន្ត​គ្រប់​ប្រភេទ ត្រូវមាន​ម្ចាស់ដើម​មកផ្តិតមេដៃ​លើសំណុំឯកសារ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត៕

 

ម៉ាឡេស៊ីនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី ១៥ ខែកក្កដា

គួឡាឡាំពួរ ៖ លោក Mohd Radzi Md Jidin ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ីបានថ្លែងនៅថ្ងៃពុធនេះថា សិស្សានុសិស្សបឋមសិក្សា និងមធ្យមសិក្សានៅប្រទេសម៉ាឡេស៊ីនឹងវិល ត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Mohd Radzi Md Jidin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាពីទម្រង់១ ដល់ទម្រង់៤ ក៏ដូចជាសិស្សដែលត្រូវរៀនបំប៉ន នឹងត្រូវចូលរៀនវិញនៅសាលានៅថ្ងៃពុធ ទី១៥ ខែកក្កដា ខាងមុខនេះតែម្តង»។

ទេសរដ្ឋមន្ត្រីរូបនេះថែមទាំងបានបញ្ជាក់ទៀតថា «សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី៥ ដល់ទី៦ ក៏នឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធ ទី១៥ ខែកក្កដាដូចគ្នាដែរ។ ចំណែកឯសិស្សថ្នាក់ទី១ ដល់ទី៤វិញ នឹងត្រូវចូលរៀនវិញនៅថ្ងៃពុធ ទី២២ ខែកក្កដាខាងមុខ»។

សូមជម្រាបថា នៅចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 អាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទទ្វារសាលារៀនទាំងអស់ តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ខណៈពេលដែលមេរៀនទាំងអស់ ត្រូវបានបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតជំនួសវិញ។ ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 បានល្អប្រសើរឡើងបន្តិចមកវិញ អាជ្ញាធរក៏បានសម្រេចឲ្យសិស្ស ដែលត្រូវប្រឡងចេញថ្នាក់មធ្យមសិក្សា ចូលរៀនវិញកាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ៕

 

អាមេរិក​ប្រមូល​ទិញ​ថ្នាំ Remdesivir ដើម្បី​ព្យាបាល​ COVID-19

អាមេរិក ៖ ប្រទេស​អង់គ្លេស​និង​អាល្លឺម៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ពួកគេ​មាន​ស្តុក​ថ្នាំ Remdesivir គ្រប់គ្រាន់​ដែលជា​ថ្នាំ​ដំបូង​គេ​ដែល​ត្រូវបាន​គេ​បង្ហាញថា ​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល COVID-19 ហើយ​ក្នុងនោះ​សហរដ្ឋអាមេរិក​ក៏បាន​ប្រមូល​ទិញ​ស្ទើរ​អស់ពី​ស្តុក​ហើយ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា​ខ្លួន​បាន​ទិញ​ថ្នាំ remdesivir ស្ទើរ​៩២ ភាគរយ​ដែល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន Gilead ដែលមាន​លទ្ធភាព​ប្រើប្រាស់​រហូតដល់​ដំណាច់​ខែកញ្ញា និង​មាន​សមត្ថភាព​ព្យាបាល​អ្នកជំងឺ​រហូតដល់ ៥០០,០០០​នាក់ គិត​ជា​មធ្យម​ចំនួន ៦.២៥​ភា​គេ​រយ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Alex Azar បាន​និយាយថា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏បាន​ធានា​ផងដែរ​ថា ថ្នាំ​ដែល​ត្រូវបាន​អនុញ្ញាត​ដំបូង ដោយ​ក្រុម​ជំនាញ​ខាងលើនេះ នឹង​គ្រប់គ្រាន់​តាម​តម្រូវការ​។​

​ថ្នាំ​នេះ​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​១​ខែឧសភា ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ក្រោយ​ការពិសោធន៍ ដោយ​ក្រុម​អ្នកជំនាញ​ជាតិ​បាន​រកឃើញថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកជំងឺ​បាន​លឿន ជាង​ថ្នាំ​ផ្សេងៗ​ទៀត​។​

​សូមជម្រាបថា ការប្រមូលទិញ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការខ្វះខាត​នៅក្នុង​ពិភពលោក ប៉ុន្តែ​យ៉ាងហោចណាស់​ប្រទេស​អឺរ៉ុប​ចំនួន​ពីរបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ពួកគេ​មិនមាន​ការព្រួយបារម្ភ​ទេ​។​

​អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយថា​“ សម្រាប​ថ្នាំ​ប្រភេទ​គឺ​ចក្រភព​អង់គ្លេស​មាន​ស្តុក​គ្រប់គ្រាន់​ហើយ​” ។ ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អាល្លឺម៉ង់​បាន​និយាយថា “​រដ្ឋាភិបាល​បាន​ធានា​ការ​ស្តុក​ទុក​នៃ​ការ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​សម្រាប់​ការព្យាបាល​អ្នក​ជម្ងឺ​កូ​រ៉ូ​ណា​។ នៅពេលនេះ​មាន​ទុនបំរុង​គ្រប់គ្រាន់​”៕

 

រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ACU នាំខ្លួនអភិបាលរងខេត្ត​ម្នាក់មក​សួរនាំ​

ភ្នំពេញ ៖ តាម​ព័ត៌មាន​ទទួលបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) បាន​នាំខ្លួន លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង មក​សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ដ៏​រសើបនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ការនាំ​ខ្លួន​អភិបាលរង​រូបនោះ​គឺធ្វើឡើង កាលពី​ម្សិលមិញ​ដោយ​នាំមក​ទីស្នាក់ការ ACU តែម្តង​។

​សូមជម្រាបថា លោក ស៊ូ អា​រ៉ា​ក់​ហ្វា​ត់ ក៏​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ នេះ​ផងដែរ​។ នេះ​ជាការ​នាំខ្លួន​មន្ត្រី​សំខាន់ៗ ដែល​គេ​ដឹងថា បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហាដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែល​កាលពី​ថ្មីៗ នេះ ACU ក៏បាន​នាំខ្លួន​និង​ឃុំខ្លួន​ឧកញ៉ា សង ថន ម្នាក់​រួចមកហើយ ហើយក៏​មានការ​ដកតំណែង​ស្រុក​ថែមទៀត។​

​មន្ត្រី ACU បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ថា ការឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈដែល​ឧកញ៉ា​នេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ​ទាំងមូល​។ នេះ​ក៏​ជាការ​បង្ហាញ​នូវ​ភាពមិនប្រក្រតី​ផងដែរ​ក្នុង​ការចេញ​ឯកសារ​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ។​

​សូមជម្រាបថា កាលពី​ថ្មីៗ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បានចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ដែល​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​នេះ៕

 

ធ្វើសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ មិនចាំបាច់ទៅដល់​នគរបាលក្រុង ស្រុក ខណ្ឌទៀតទេ

ភ្នំពេញ ៖ មហាផ្ទៃ បាន​សម្រេច​ផ្ទេរសមត្ថកិច្ច​ពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្តិ៍​នគរបាលឃុំ សង្កាត់ ក្នុងការពិនិត្យ និង​សម្រេចផ្តល់សៀវភៅ​ស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួល​នៃសមាជិកគ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុងបញ្ជី​ស្នាក់នៅ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តកំណត់។

សូមអានបន្ថែមខាងក្រោម៖ 

 

ល្បឿនការងារបង្កបង្កើនផលរដូវវស្សា និងការនាំចេញផលិផលកសិកម្មគិតត្រឹមថ្ងៃទី១ ខែកក្កដា

ភ្នំពេញ ៖ លោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចជិត១.៨លានហិកតាស្មើនឹង៦៩.២៤% នៃផែនការជាង២.៥លានហិកតា ខណៈការនាំចេញកសិផលវិញ សម្រេចចំនួនជាង៤លានតោន ដែលមានការកើនឡើងល្អប្រសើរ។

លោកដ្ឋមន្ត្រី វេង សាខុន បានបង្ហាញនូវរបាយការណ៍ល្បឿនការងារបង្កបង្កើនផលរដូវវស្សា និងការនាំចេញផលិផលកសិកម្មយ៉ាងដូច្នេះថា៖

១៖ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០

គិតមកត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបាន ១ ៧៩១ ៩៦៤ ហិកតា ស្មើនឹង ៦៩.២៤% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា លើសឆ្នាំមុន ៣៣៧ ៥៩១ ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៥៩៥ ៣០៥ ហិកតា លើសឆ្នាំមុន ៨៤ ៦៨៥ ហិកតា, ស្រូវកណ្តាលចំនួន ៨៣១ ១៦៨ ហិកតា លើសឆ្នាំមុន ២២៤ ៣២២ ហិកតា, ស្រូវធ្ងន់ចំនួន ៣១៤ ៧៩៩ ហិកតា លើសឆ្នាំមុន ២៧ ៧៦៤ ហិកតា, ស្រូវចម្ការចំនួន ១៧ ៦៨២ ហិកតា តិចជាងឆ្នាំមុន ១ ៣២៩ ហិកតា, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហិកតា ។
ទន្ទឹមនឹងនេះ កសិករបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ១៣ ៨៣៧ ហិកតា ទទួលបរិមាណផលសរុបចំនួន ៥៥ ៥០៥ តោន ទិន្នផលគិតជាមធ្យម ៤.០១តោន/ហិកតា។

២៖ ល្បឿនការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម រដូវវស្សាឆ្នាំ២០២០

ក៖ ការដាំដុះដំណាំសាកវប្បកម្ម៖ (ពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក) សម្រេចបាន ៤៣ ៨៩២ ហិកតា ស្មើនឹង៨៨.៨១% នៃផែនការ ៤៩ ៤២០ ហិកតា លើសឆ្នាំមុន ៧ ៩២៩ ហិកតា។

ខ៖ ការដាំដំណាំឧស្សាហកម្ម៖ (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់, និងឈូក) សម្រេចបានចំនួន ៦៤៥ ៥១១ ហិកតា ស្មើនឹង ៧៣.៨១% នៃផែនការ ៨៧៤ ៥៩៥ ហិកតា លើសឆ្នាំមុន ១៤ ៥៧០ ហិកតា។

៣៖ ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់

ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៦ខែ ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ។ ដោយ
ឡែកចំពោះបរិមាណ នៃការនាំចេញផលិតផលកសិកម្មសរុប ចំនួនជាង៤លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ អង្ករ សម្រេចបាន ៣៩៧ ៦៦០ តោន មានកំណើន ៤១.២៥% ដែលធៀបទៅនឹងរយៈពេល៦ខែដើមឆ្នាំ២០១៩ បាននាំចេញទៅកាន់ ៥៦ ប្រទេស។
២៖ ស្រូវ សម្រេចបាន ៩៨៣ ៥០៨ តោន ថយចុះ ៥១.៩០%, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
៣៖ គ្រប់ស្វាយចន្ទី សម្រេចបាន ១៩៣ ២១៣ តោន មានកំណើន ១៨.០៣%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង បារាំង និងថៃ
៤៖ ចេកស្រស់ សម្រេចបាន ១៤០ ៥៦៦ តោន មានកំណើន ១៥០.៤២%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
៥៖ ក្រូចថ្លុង សម្រេចបាន ១១ ៤០០ តោន ទៅកាន់ប្រទេសថៃ ។
៦៖ ដំណាប់ស្វាយ សម្រេចបាន ៤ ២៧៦ តោន មានកំណើន ២២១,៩៦%, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ និងវៀតណាម។
៧៖ ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៣,៩៦%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក និងអ៊ីតាលី។
៨៖ ស្វាយស្រស់ សម្រេចបាន ៤៦ ២០០ តោន មានកំណើន ៥៨,១៤%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
៩៖ ម្រេច សម្រេចបាន ២ ៧៩៦ តោន មានកំណើន ១៨,៧៥%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស,វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។
១០៖ ម្ទេសស្រស់ ៣៥ ៣៧៧ តោន មានកំណើន ១៧៣,០៨% និងម្ទេសក្រៀម ១ ២០០ តោន ស្មើនឹងឆ្នាំ២០១៩, បាននាំចេញទៅកាន់ប្រទេសថៃ ។
១១៖ មានផលិតផលជាង៥០មុខដទៃទៀត៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០.៧លាននាក់ ស្លាប់ជិត ៥២ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៧៩២,៩៧២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥១៨,០៤១នាក់ និងជាសះស្បើយឡើងវិញ ៥,៩៣០,០១៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៧៧៨,១៣០នាក់ ស្លាប់ចំនួន ១៣០,៧៨៥នាក់ និងជាសះស្បើយចំនួន ១,១៥៩,៧៣៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៤៥៣,៣៦៩នាក់ ស្លាប់ចំនួន ៦០,៧១៣នាក់ និងជាសះស្បើយ ៨២៦,៨៦៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៥៤,៤០៥នាក់ ស្លាប់ ៩,៥៣៦នាក់ និងជាសះស្បើយ ៤២២,៩៣១នាក់៕