All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃនេះ ​ចិន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែកក្កដា​ថា ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ម្សិលមិញ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺជា​ករណី​នាំចូល​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​អ្នកធ្វើដំណើរ​មកពី​បរទេស ហើយ​បើ​ប្រៀ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​៦​ករណី​ដែល​បាន​រាយការណ៍​នាំចូល​ផងដែរ​។ ទីក្រុង​ប៉េកាំង​មិនបាន​រាយការណ៍​ពី​ករណី​ថ្មី​ណាមួយ​នោះទេ ក្នុង​រយៈពេល ១០​ថ្ងៃ​ជាប់​គ្នា។​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ដែល​បានបញ្ជាក់​នៅក្នុង​ប្រទេស​ចិនដីគោក​មាន​រហូតដល់ ៨៣.៦១២នាក់​។ ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​នៅ ៤.៦៣៤ នាក់​៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៦លាននាក់ ស្លាប់ជិត ៥៩ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៦៧១,១៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨៥,៩២៩នាក់ និងជាសះស្បើយឡើងវិញ ៨,០២៤,៧៣០នាក់។

គេហទំព័របង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦១៥,៣៥៥នាក់ ស្លាប់ចំនួន ១៤០,០៩១នាក់ និងជាសះស្បើយចំនួន ១,៦៤៣,៥០៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៩៧០,៩០៩ នាក់ ស្លាប់ចំនួន ៧៥,៥២៣នាក់ និងជាសះស្បើយ ១,២៥៥,៥៦៤នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩៧០,១៦៩នាក់ ស្លាប់ ២៤,៩២៩នាក់ និងជាសះស្បើយ ៦១៣,៧៣៥នាក់៕

 

ថ្ងៃនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ថ្មីម្នាក់ទៀត នាំចូលពីក្រៅប្រទេស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។ វត្ថុសំណាកលើកទីបីរបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយ បច្ចុប្បន្នអ្នកជំងឺខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំពោះអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្ត ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕

 

១ថ្ងៃ ឥណ្ឌារកឃើញមានអ្នកឆ្លង COVID-19 ជិត​៣០,០០០នាក់

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងបានរកឃើញករណីឆ្លងថ្មីៗចំនួន ២៩,៤២៩នាក់ ដែលជាអត្រាឆ្លងថ្មីៗខ្ពស់បំផុតមិនធ្លាប់មាន និងមនុស្ស ៥៨២នាក់បន្ថែមបានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា​នៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩៣៦,១៨១ករណី​ក្នុងនោះ ២៤,៣០៩នាក់បានស្លាប់។ ដោយឡែកមនុស្សជាង ៥៩២,០០០នាក់ បានជាសះស្បើយឡើងវិញ ដែលក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬ អ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល​នៅតាមមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួនជិត ៣២០,០០០នាក់។

សូមជម្រាបថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក តែទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្ត នៅក្នុងតំបន់ដែលមានករណីឆ្លង ផ្ទុះខ្លាំងនៅឡើយ (Containment Zones)៕

 

ឆមាសទី១ ឆ្នាំ២០២០ អត្រាកើតជំងឺគ្រុនចាញ់ ធ្លាក់ចុះ៧០ភាគរយ និងគ្មានមនុស្សស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសថា ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនចាញ់ បានកើតឡើងនៅកម្ពុជាសរុបមាន ៤៥៤០ ករណី ដោយបានថយចុះ ៧០% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលមានដល់ទៅ ១៥.១៦៥ករណី ហើយ៦ខែមកនេះ មិនមាននរណាម្នាក់បានស្លាប់ដោយជំងឺគ្រុនចាញ់ទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺគ្រុនចាញ់នៅកម្ពុជា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០០២ បានឱ្យដឹងថា ក្នុងនោះ ជំងឺគ្រុនចាញ់ប្រភេទសន្ធិ (Plasmodium falciparum [P f) មាន ៣៨១ករណី (គឺថយចុះ ៨០% បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ដែលមាន ១៩២០ករណី)៕

 

ចាប់ជនបរទេស៣នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បរទេស​៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​(​លុយ​១០,៧៥០​ដុល្លារ​) កើតឡើង​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បរទេស​ទាំង​៣​នាក់​នោះ​រួមមាន ៖ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ចំណែក​វត្ថុតាង​ចាប់យក​៖ ១-​កុំព្យូទ័រ​ចំនួន​០៣​គ្រឿង (​ម៉ាក Dell ពណ៌​ទឹកខ្មៅ​ចំនួន​០១​គ្រឿង និង​ពណ៌​ទឹកប្រាក់​ចំនួន​០១​គ្រឿង ,​ម៉ាក​Asus ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​) ២-​ស៊ីម​កាត (​ប្រើ​រួច​) មួយចំនួន , ៣/​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​, ៤/​ទូរស័ព្ទដៃ​ម៉ាក VIVO ពណ៌​ស្លាប​កំ​ភេ​ន​ចំនួន​០១​គ្រឿង ,៥/​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ខៀវ​ចំនួន​០១​គ្រឿង​, ៦-​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង ,៧/​លិខិតឆ្លងដែន​ចំនួន​០៤​ក្បាល (​លេខ​A09043956 របស់​ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន​០១​ក្បាល​, លេខ​A06489995 របស់​ឈ្មោះ DIKE IFEANYI EVARISTUS ចំនួន​០១​ក្បាល​, លេខ​A04999241 របស់​ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន​០១​ក្បាល​, លេខ​A07644429 របស់​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ចំនួន​០១​គ្រឿង​) , ៨/​ឆ្នាំង​សាក​កុំព្យូទ័រ​ចំនួន​០៣, ៩/​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1AF-5376 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​0023876 , ១០/​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AF-4446 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​002283 ចំនួន​០១​គ្រឿង​, ១១/​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស​ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1D-4761 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 1051695 ចំនួន​០១​គ្រឿង ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​៤៥​នាទី មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Favour Grace Williams ដែល​ដាក់ រូប​មនុស្ស​ស្រី​នៅលើ​Profile បាន​ផ្ញើ​សារ​ចូលមក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ដែលមាន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Kuy Savoeurn សុំ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​សារ​តប​ទៅវិញ​ព្រោះ​គិតថា គ្រាន់តែ​សុំ​រាប់អាន​គ្នា​។

​សមត្ថកិច្ច​បាន​បន្តថា បន្ទាប់មក​ឈ្មោះ Favour Grace Williams បាន​ផ្ញើ​សារ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់គេ ប្រាប់​ជនរងគ្រោះ ថែមទាំង​បាន​ផ្ញើលិខិត​ឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជា​ជនជាតិ​អាមេរិក ធ្វើការ​ជា​គិលានុបដ្ឋាយិការ​យោធា បម្រើ​ការងារ​នៅ​ជំរុំ​យោធា ក្នុង​ក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​សារ​មក​ជនរងគ្រោះ​ថា រូបគេ​ចង់​ពិភាក្សា​អ្វីមួយ​ដែល​សំខាន់​ជាមួយ​ជនរងគ្រោះ គឺថា​រូបគេ រើស​បាន​ប្រអប់​មួយ​នៅក្រោម​ដើមឈើ ដែល​នៅក្នុង​ប្រអប់​នោះ​មាន​ទឹកប្រាក់​យ៉ាងច្រើន​ទៅដល់ ៣.៥ លាន ដុល្លារ​អាមេរិក ហើយ​រូបគេ​ចង់យក​លុយ​នោះមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រភព​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាមរយៈ​សារ​នោះ​គឺ​ចង់ឱ្យ​ជនរងគ្រោះ​អ្នក​ទទូ​លុយ​នោះ នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ប៉ុន្តែ​ឱ្យ​ជនរងគ្រោះ​ផ្ញើ​អាសយដ្ឋាន​របស់​ជនរ​ង​គ្រោះ​ទៅ​រូបគេ​សិន រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​អាសយដ្ឋាន​ទៅឱ្យគេ ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​កញ្ចប់​អីវ៉ាន់ និង​វិក្កយបត្រ​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ដឹក ជញ្ជូន​មកឱ្យ​ជនរងគ្រោះ​បានឃើញ​ជាមុនសិន ។ បន្ទាប់មក​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ប្រហែល​០៨​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​កំពុងតែ​នៅ​ខេត្តកំពត ស្រាប់​តែមាន​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អីវ៉ាន់ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស បាន​ប្រើ​លេខ​ទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទ​ចូល​លេខ ០៩៦ ៨៩៨ ៥៥៥៩ របស់​ជនរងគ្រោះ​ប្រាប់ថា អីវ៉ាន់រ​បស់បង​មកដល់​ហើយ សូម​បង​ចាំ​ទទួល​អីវ៉ាន់ មួយសន្ទុះ​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ ក៏បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ម្តងទៀត ប្រាប់ថា អីវ៉ាន់​ដែល​ផ្ញើមក​នោះ ត្រូវ​បង់ពន្ធ​ចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​លុយ​ចំនួន ៧៥០ ដុល្លារ​អាមេរិក​នោះ​ទៅតាម​ភ្នាក់ងារ​វី​ង​នៅ​ខេត្តកំពត​។

​ក្រោយមក​លេខ​ទូរស័ព្ទ​ខាងលើ បាន​និយាយ​ហេតុផល​ផ្សេងៗ ធ្វើឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឱ្យ​រូបគេ តាម​ភ្នាក់ងារ​វី​ង នៅក្នុង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ អស់​លុយ​សរុប​ចំនួន ១០៧៥០ ដុល្លារ (​មួយ​ម៉ឺន​សូន្យ​ពាន់​ប្រាំពីរ​រយ​ហាសិប​ដុល្លារ​អាមេរិក​) ហើយ​ជនរងគ្រោះ​ពុំ​បានទទួល​អីវ៉ាន់​អ្វី​សោះ ។ លុះដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី លេខ​ទូរស័ព្ទ​ខាងលើ គឺមាន​មនុស្ស​ស្រី​មិន​ស្គាល់ឈ្មោះ បាន​ទូរស័ព្ទ​ចូលមក​លេខ​របស់​ជន​រងគ្រោះ តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ ចំនួន​១០០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​)​ថែមទៀត ទើប​ជនរងគ្រោះ​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ង្កោ ដើម្បីឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម ជនសង្ស័យ​ខាងលើ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវីធី​ច្បាប់ ។

​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ រួម​និង​វត្ថុតាង ត្រង់ចំណុច​បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ៕

 

ក្រសួងសុខាភិបាល ៖ រយៈពេល៦ខែ ឆ្នាំ២០២០ ស្ថានភាពជំងឺគ្រុនឈាម ថយចុះ៨៨%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅរយៈពេល៦ខែ ឆ្នាំ២០២០ គឺចាប់ពីខែមករា ដល់ខែមិថុនាកន្លងមកនេះ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា បានថយចុះប្រមាណ៨៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅទូទាំងប្រទេស ៖ ជំងឺគ្រុនឈាមក្នុងរយៈពេលពីខែមករា-មិថុនា ក្នុងឆ្នាំ២០២០ មានចំនួនសរុប ៣.៣៣៩ករណី និងស្លាប់ចំនួន៤ករណី (អត្រាស្លាប់០,០៣%)។ ក្នុងអំឡុងប្រាំមួយខែដើមឆ្នាំ២០២០នេះ គឺករណីជំងឺគ្រុនឈាមបានថយចុះប្រមាណជា ៨៨% បើប្រៀបធៀបជាមួយឆ្នាំ ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨.២៨៥ករណី និងស្លាប់ ៣២នាក់៕

លោក លី ធុជ ៖ ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន 

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជេីញចុះសំណេះសំណាលផ្សព្វផ្សាយនិងតម្លេីងផ្ទាំងបាណូអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រី ប៊ុត រតនា នាយិការមូលនិធិ Sir Bobby Charlton ប្រតិបត្តិករបោសសម្អាតមីន អាជ្ញាធរដែនដីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោកស្រី ប៊ុត រតនា បានមានប្រសាសន៍ថាមូលនិធិ Sir Boby Chalton នឹងសហការជាមួយអាជ្ញាធរមីន ប្តេជ្ញាធានាដល់សុវត្ថិភាពពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton ដែលបានជួយផលិតផ្ទាំងបាណូអប់រំគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដេីម្បីលេីកកម្ពស់ការយល់ដឹងនិងបង្ការគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋមូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឈានទៅសម្រេចបាននូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ខាងមុខ។
សូមបញ្ជាក់ថា ឆមាសទី១ឆ្នាំ២០២០នេះ អត្រាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣៨នាក់៕

ថ្ងៃនេះ ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ ចំនួន៦​នាក់ថែម​ទៀត​ សុទ្ធ​ជា​ករណី​នាំចូល​

ចិន ៖ គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ប្រទេស​ចិនដីគោក​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​៦​ករណី​បន្ថែមទៀត ដែល​សុទ្ធតែជា​ករណី​នាំចូល​ដែល​ធ្វើ​ឲ្យ​ចំនួន​នាំចូល​សរុប ១,៩៨៨ ករណី​។​ នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​គណៈកម្មាធិការ​បាន​និយាយថា​ ក្នុងចំណោម​ករណី​នាំចូល​ថ្មីៗ​ចំនួន ៣ ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ ខណៈ​ខេត្ត​សាន​ស៊ី ខេត្ត​យូ​ណាន ​និង​ក្រុង​ចុង​ឈី​ង រកឃើញ​ករណី​មួយម្នាក់​ជា​ករណី​នាំចូល​មួយ​។​

​គណៈកម្មាធិការ​បាន​និយាយថា ​ក្នុងចំណោម​ករណី​ទាំងអស់​ដែល​បាន​នាំចូល​គឺមាន​១.៩០២​នាក់​ត្រូវបាន​ជាសះស្បើយ ហើយ​អ្នកជំងឺ​៨៦ នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ក្នុងនោះ​មាន​អ្នកជំងឺ ២ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍​ណាមួយ​ពី​ករណី​ស្លាប់​នោះទេ​៕

 

ក្រសួងអប់រំ ចេញសេចក្តីណែនាំស្តីពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា ចេញសេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។

ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោម ៖

 

 

មនុស្ស១៥នាក់ស្លាប់ និងច្រើននាក់បាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ នៅឥណ្ឌូណេស៊ី

ហ្សការតា ៖ មនុស្សយ៉ាងហោច១៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួនបន្ទាប់ពីគ្រោះទឹកជំនន់ លាយឡំជាមួយល្បាប់ភក់បានកប់ផ្ទះប្រជាជនរាប់រយខ្នង នៅឯខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើង ខណៈកម្រិតទឹកទន្លេចំនួនបី នៅក្នុងតំបន់ North Luwu កើនឡើងរឹតតែខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំង។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ប្រជាជន ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែទឹកជំនន់ និងល្បាប់ភក់ បាននិងកំពុងបង្កឧបសគ្គដល់ការចែកជំនួយសង្រ្គោះបន្ទាន់។

គួរជម្រាបថា កាលពីដើមឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំង ក៏ធ្លាប់បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ ដោយបានផ្ដាច់ជីវិតមនុស្សជាង ៧០នាក់ នៅក្នុង និងនៅតំបន់ជុំវិញរដ្ឋធានីហ្សាការតា៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៣.៤លាននាក់ ស្លាប់ជាង៥៨ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៤៤៥,២៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨០,២៣០នាក់ និងជាសះស្បើយឡើងវិញ ៧,៨៣១,២០០នាក់។

គេហទំព័របានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៥៤៣,៩១០នាក់ ស្លាប់ចំនួន ១៣៩,១១៩នាក់ និងជាសះស្បើយចំនួន ១,៥៩០,៦៦៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៩៣១,២០៤នាក់ ស្លាប់ចំនួន ៧៤,២៦២នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩៣៧,៤៨៧នាក់ ស្លាប់ ២៤,៣១៥នាក់ និងជាសះស្បើយ ៥៩៣,០៨០នាក់៕

 

គ្រោះទឹកជំនន់នៅចិនបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ 

សៀងហៃ ៖ ភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលជិត៦ទសវត្សរ៍មកនេះ បង្កជាគ្រោះទឹកជំនន់នៅភាគកណ្តាល និងខាងកើតនៃប្រទេសចិន​បានធ្វើឱ្យមនុស្សចំនួន១៤១នាក់ស្លាប់-បាត់ខ្លួន និងបានបង្ខំឱ្យមនុស្សរាប់លាននាក់នៅទូទាំងខេត្តត្រូវជម្លៀសចេញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

ជុំវិញគ្រោះមហន្តរាយ​ប្រចាំទសវត្សរ៍នេះ លោក ចេង កូវក្វាង (Zheng Guoguang) អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ដែលបណ្តាលឱ្យទឹកនៅតាមដងទន្លេយ៉ាងសេ (Yangtze) កើនឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន។

អាជ្ញាធរក្នុងតំបន់បាននឹងកំពុងតាមដានកម្ពស់ទឹក នៅទីក្រុងវូហាន ដែលមានប្រជាជានរស់នៅច្រើនជាង ១១លាននាក់ ប៉ុន្តែសំណាងល្អកម្ពស់ទឹកទន្លេបានថយចុះវិញ បន្ទាប់ពីបានហូរកាត់ទីក្រុងនេះ​កាលពីថ្ងៃចន្ទម្សិលមិញ។ ដូច្នេះការព្រួយបារម្ភបានផ្តោតទៅលើខ្សែទឹក ដែលហូរទៅកាន់បឹងប៉ូយ៉ាង (Poyang) វិញ ដែលជាបឹងទឹកសាបធំជាងគេនៅក្នុងប្រទេសចិន ខណៈទឹកបន្តហូរចូលទៅក្នុងទន្លេងយ៉ាងសេ ក្នុងចំណុចខេត្តជាំងស៊ី (Jiangxi) ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេពីគ្រោះទឹកជំនន់។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានចេញផ្សាយថា កម្រិតទឹកនៅស្ថានីយជលសាស្ត្រ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពី ឆ្នាំ១៩៩៨ ដែលធ្លាប់បានសម្លាប់មនុស្សជាង ៤,០០០នាក់ រួចមកហើយក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សមកនេះ។

ជុំវិញបញ្ហានេះដែរ ក្រុមសង្គ្រោះ កងទ័ព និងអ្នកស្ម័គ្រចិត្តជាង ១០០,០០០ នាក់បានចូលរួមក្នុងកិច្ចខំប្រឹងដើម្បីគ្រប់គ្រងទឹកជំនន់នៅក្នុងខេត្តជាំងស៊ីបន្ទាប់ពីទំនប់ និងប្រឡាយជាច្រើនបន្តបាក់ និងដួលរលំជាហូរហែ។ ជាក់ស្តែង នៅក្នុងទីក្រុងJiujiang ក្រុមកងទ័ពបានពាក់អាវពោង និងកំពុងមមាយឹករៀបចំបាវដីខ្សាច់ដើម្បីបង្កើតជញ្ជាំងការពារទឹក កម្ពស់ប្រហែលមនុស្ស។

ក្រុមអ្នកអភិរក្សបាននិយាយថា ភ្លៀងនៅរដូវក្ដៅ និងការរលាយផ្ទាំងទឹកកកនៅតំបន់ខ្ពង់រាបទីបេ ជាមូលហេតុដែលបង្កឱ្យមានទឹកគ្រោះទឹកជំនន់ជាប្រចាំនេះ។ ទន្ទឹមនោះក្រុមអ្នកអភិរក្សក៏បានព្រមាន ពីការការរលាយផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាល័យ (Himalaya) យ៉ាងលឿនហួសពិការរំពឹកទុកដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានទឹកជំនន់នៅរដូវក្តៅ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត៕

 

សម្តេចតេជោប្រកាសសងថ្ងៃឈប់ សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១សីហា

ខេត្តព្រៃវែង ៖  ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបញ្ជាក់ផ្លូវការ ពីថ្ងៃឈប់សម្រាក សងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ សីហា ខាងមុខនេះ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យ ឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ៕

 

ប៉ូលិស​ស័​ក្ដ​៤​កន្លះ​ម្នាក់ស្លាប់នៅហ្នឹងកន្លែង ដោយសារ​បើករថយន្ត​បុក​ជញ្ជាំង​ឃ្លាំង

​ភ្នំពេញ ៖ បុរស​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ស​ក្កិ​៤​កន្លះ​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម បន្ទាប់ពី​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​រេ​ចង្កូត​ទៅបុក​ជ​ញ្ជាំ​ឃ្លាំង ពេញទំហឹង​កាលពី​វេលា​ម៉ោង ១​និង ១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​១៨០០ ត្រង់ចំណុច​ក្បែរ​នឹង​ប៉ុស្តិ៍​ទួល​សង្កែ​២ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ពក ភិរម្យ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស នៅ​ក្រសួងមហាផ្ទៃ ពាក់​ស័​ក្ដ ៤​កន្លះ ស្នាក់នៅ​ម្តុំ​ឈូក​វ៉ា សង្កាត់​គោក​ឃ្លៀង​​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅឯ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​តាម​ព័ត៌មាន​ទទួលបាន​គឺ​មុនដំបូង​គេ​ឃើញ បុរស​ជនរងគ្រោះ​បើករថយន្ត​មួយគ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ​បេតុង​១៨០០​។​​លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​រថយន្ត​បើក​លឿន​ពេក ហើយ​ស្ថានភាព​ផ្លូវ​រាង​កាង​ផង​នោះ ទើប​បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​ផ្ទប់​នឹង​ជញ្ជាំង​ឃ្លាំង បណ្តាល​ឲ្យ​ខ្ទា​ច​៥​ម៉ែត រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងមុខ​ផ្នែក​ខាងឆ្វេង​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ នៅក្នុង​រថយន្ត​តែម្ដង៕