All posts by មេគង្គ ប៉ុស្តិ៍

អ្នកនាំពាក្យ ៖ កម្លាំងរក្សាសន្តិភាពកម្ពុជាដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលីបានជាសះស្បើយអស់ហើយ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។

តាមរយៈហ្វេសប៊ុក នាយឧត្តមសេនីយ៍បានថ្លែង គិតរហូតដល់ពេលនេះ (ថ្ងៃទី២៦ ខែមិថុនា) កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។

នាយឧត្តមសេនីយ៍បន្តថា នៅសាធារណរដ្ឋម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ។

បើតាមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា រហូតដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានកងកម្លាំងចំនួន៥កង សរុបចំនួន៧៨៧នាក់(នារីចំនួន ៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។

ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19៕

 

WHO ៖ ការផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​១៩​អាច​និង​ចំណាយពេល​រាប់​ខែ​រាប់​ឆ្នាំ​

ព្រុ​ច​សែ​ល ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ​វា​មិនទាន់​ប្រាកដថា អ្នកវិទ្យាសាស្ត្រ​នឹង​អាចបង្កើត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មេរោគ​ឆ្លង​កូ​វីដ​១៩​ឲ្យ​បាន​ឆាប់រហ័ស​នោះឡើយ ប៉ុន្តែ​វា​អាច​នឹងត្រូវ​ចំណាយពេល​ដល់​រាប់​ខែ​រហូតដល់​រាប់​ឆ្នាំ ដើម្បី​ផលិត​វ៉ាក់សាំង​មួយ​ឲ្យ​ចេញ​ជា​លទ្ធផល​។ នេះ​បើតាម​ការដកស្រង់​ពី​សារព័ត៌មាន CNA​។

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​វីដេអូ​ខុន​ហ្វ្រិ​ន ទៅកាន់​សមាជិកសភា​មកពី​គណៈកម្មាធិការ​សុខភាព​របស់​សភា​អឺរ៉ុប​លោក Tedros Adhanom Ghebreyesus បាន​និយាយថា​ប្រសិនបើ​វ៉ាក់សាំង​ណាមួយ ត្រូវបាន​ផលិត​ដោយ​ជោគជ័យ​នោះ វា​នឹង​ក្លាយជា​ទំនិញ​សាធារណៈ ដែល​អាច​បញ្ជូន​ទៅគ្រប់​គ្នា​ទាំងអស់ នៅលើ​សកលលោក​នេះ​។​

​លោក Tedros បាន​និយាយថា​“ វា​ជា​រឿង​ដ៏​លំបាក​មួយ​ក្នុងការ​ធានាថា យើង​នឹងមាន​វ៉ាក់សាំង​។ យើង​មិនទាន់មាន​វ៉ាក់សាំង​ណាមួយ សម្រាប់​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​នោះទេ​។ ដូច្នេះ​ប្រសិនបើ​វា​ត្រូវបាន​រកឃើញ នោះ​វា​នឹង​ក្លាយជា​វ៉ាក់សាំង​ដំបូង​។ ខ្ញុំ​សង្ឃឹមថា វ៉ាក់សាំង​នឹងត្រូវ​រកឃើញ​” ។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អង្គការ​សុខភាព​ពិភពលោក​បានទទួល​ដឹងលឺ​អំពី​ការធ្វើ​តេស្ត​វ៉ាក់សាំង សរុប​ជាង ១០០​ហើយ មកពី​បណ្តា​ប្រទេស និង​ក្រុមហ៊ុន​នានា​លើ​លោក​។ លោក​បាន​មានប្រសាសន៍ថា “​យើង​សង្ឃឹមថា នឹងមាន​វ៉ាក់សាំង តាម​ការប៉ាន់ស្មាន​គឺ​ក្នុង​រយៈពេល​មួយឆ្នាំ​។​ប្រសិនបើ​បង្កើនល្បឿន​វា​អាច​នឹង​តិចជាង​នេះ ខណៈ​ប្រទេស​បី ដែល​កំពុង​ធ្វើតេស្ត​វ៉ាក់សាំង​ឈានដល់​ដំណាក់កាល​ទី ៣ ទៅលើ​មនុស្ស​នោះ​មានដូចជា សហរដ្ឋអាមេរិក ចិន និង​អាល្លឺម៉ង់ ហើយ​គ្រប់គ្នា​កំពុង​ទន្ទឹម​រង់ចាំ​លទ្ធផល​៕

 

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃនេះ

​ភ្នំពេញ ៖ រហូតដល់ម៉ោង​០៨ និង៣០​ព្រឹក ថ្ងៃទី​២៦​ មិថុនា​ ២០២០​ ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ចំនួន១៣០នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៨នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ទោះបែនេះក្តី CDC បានលើកឡើងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ និងអំពាវនាវសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។

CDC បន្តថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ទន្ទឹមនោះយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។ ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ ទន្ទឹមនោះកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ១៩លើមនុស្សចំនួន៣៣៨១២ ស្មើនឹង២០៣៦ ក្នុង១លាននាក់៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១០លាននាក់ ស្លាប់ជិត៥០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៦៩៨,៣០៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩០,៩១៦នាក់ និងជាសះស្បើយឡើងវិញ ៥,២៥០,៦៩៨នាក់។

ទិន្នន័យពីគេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៥០២,០៤៧នាក់ ស្លាប់ចំនួន ១២៦,៧២៦នាក់ និងជាសះស្បើយចំនួន ១,០៤៨,០៣១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,២៣៣,១៤៧នាក់ ស្លាប់ចំនួន ៥៥,០៥៤នាក់ និងជាសះស្បើយ ៦៤៩,៩០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦១៣,៩៩៤នាក់ ស្លាប់ ៨,៦០៥នាក់ និងជាសះស្បើយ ៣៧៥,១៦៤នាក់៕