All posts by មេគង្គ ប៉ុស្តិ៍

WHO ៖ ​ពិភពលោក​មាន​អ្នក​ឆ្លង COVID19 ថ្មីចំនួន ​២៣០.៣៧០ ក្នុង​១​ថ្ងៃ​

​បរទេស ៖ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​រាយការណ៍​ពី​ការកើនឡើង​នូវ​ចំនួន​ករណី​ឆ្លង COVID19 នៅលើ​ពិភពលោក​កាលពី​ថ្ងៃអាទិត្យ ១២ កក្កដា​ ​សរុប​ចំនួន ២៣០.៣៧០ ក្នុង​រយៈពេល ២៤ ម៉ោង​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​តាម​របាយការណ៍​ប្រចាំថ្ងៃ​ពី WHO បាន​និយាយថា ករណី​ឆ្លង COVID-19 យ៉ាងគំហុក​គឺ​ត្រូវបាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា​និង​អាហ្វ្រិក​ខាងត្បូង ខណៈ​អ្នក​ស្លាប់មាន ៥,០០០​នាក់​ក្នុង​មួយថ្ងៃ​ដូចគ្នា​។ អង្គការ WHO កាលពី​ថ្ងៃទី​១០ ខែកក្កដា​កន្លងទៅ ក៏​ធ្លាប់​បានប្រកាស​ផងដែរ​ពី​ការរកឃើញ ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ចំនួន ២២៨,១០២​នាក់​។​

​សហរដ្ឋអាមេរិក​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន ៥៩.៧៤៧ ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​កាលពី​ថ្ងៃអាទិត្យ​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​៣.៤​លាន​ករណី ក្នុងនោះ​ស្លាប់ ១៣៧,៧៨២​នាក់ និង​ជាសះស្បើយ​ឡើងវិញ​១.៥​លាន​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍​ស​រុ​ប​ពី​សាកលវិទ្យាល័យ Johns Hopkins ។ ចំណែកឯ​ប្រេ​ស៊ី​ល​វិញ មាន​ករណី​ឆ្លង​សរុប​កើន​ដល់ ១.៨​លាន​ករណី ក្នុងនោះ ៧២,១០០​នាក់​បាន​ស្លាប់ និង​ជាសះស្បើយ​ឡើងវិញ ១.២​លាន​នាក់​។​

​សូមជម្រាបថា គិត​មកដល់ពេលនេះ​ចំនួន​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ដល់​ច្រើនជាង ១៣​លាន​ករណី​ហើយ ក្នុងនោះ​ស្លាប់ ៥៧១,៥១៨​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៧.៥​លាន​នាក់​៕

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​៨​ករណី​ទៀត ជា​ករណី​នាំចូល​

​ចិន ៖ អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៣​ខែកក្កដា​នេះ​ថា ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៨ ករណី​បន្ថែមទៀត កាលពី​ម្សិលមិញ បើ​ប្រៀបធៀប​កាលពី​ថ្ងៃអាទិត្យ​មាន​៧​ករណី​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ករណី​ឆ្លង​ថ្មី​ទាំងអស់​ត្រូវបាន​នាំចូល​ដែល​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មកពី​បរទេស​គឺ​ដូចគ្នា​នឹង​ករណី​ទាំង​៧​កាលពី​ថ្ងៃមុន​។​ទីក្រុង​ប៉េកាំង​មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ណាមួយ​នោះទេ​សម្រាប់​ថ្ងៃ​ម្សិលមិញ ដែល​ធ្វើ​ឲ្យ​គ្មាន​អ្នក​ឆ្លង​រយៈពេល ៧ ថ្ងៃ​ជាប់​គ្នា​។​

​គណៈកម្មការ​ក៏បាន​រាយការណ៍​អំពី​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​ថ្មី​ចំនួន ៦ នាក់​ផង​។ ចំនួន​ករណី​ឆ្លង​សរុប​ដែល​ត្រូវបាន​បញ្ជា​ក់នៅ ប្រទេស​ចិនដីគោក មាន​ចំនួន ៨៣.៦០២ នាក់​ខណៈ​ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​នៅ ៤.៦៣៤ នាក់​៕

 

មនុស្ស​២១​នាក់​រងរបួស ក្នុង​ហេតុការណ៍​ឆេះ​នាវា​ដឹក​កងទ័ពជើងទឹក​អាមេរិក​នៅ San Diego

អាមេរិក ៖ ​អាជ្ញាធរ​បាន​និយាយថា ​មនុស្ស​សរុប​ចំនួន ២១ នាក់​ក្នុងនោះ​មាន​នាវិក ១៧ នាក់​និង​ជន​ស៊ីវិល​៤ នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​នាវា​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ San Diego រដ្ឋ California កាលពី​ថ្ងៃអាទិត្យ​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​អ្នករងរបួស​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ក្នុង​តំបន់​បន្ទាប់ពី​មាន​អគ្គិភ័យ​បាន​ឆេះ​នៅលើ​នាវា USS Bonhomme Richard នៅ​ម៉ោង​ប្រហែល៨ និង​៣០​នាទី​ព្រឹក​ម៉ោង ​(​ម៉ោង​ក្នុង​តំបន់​)​។​

​យ៉ាងណាមិញ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣លាននាក់ ស្លាប់ជាង ៥៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថាគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,០២៦,៩៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧១,០៧៦ នាក់ និងជាសះស្បើយឡើងវិញ ៧,៥៧៥,២០៨នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤១៣,០៧៩នាក់ ស្លាប់ចំនួន ១៣៧,៧៨២នាក់ និងជាសះស្បើយចំនួន ១,៥១៦,៧៧៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៨៦៦,១៧៦នាក់ ស្លាប់ចំនួន ៧២,១៥១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ៨៧៩,៤៦៦នាក់ ស្លាប់ ២៣,១៨៧នាក់ និងជាសះស្បើយ ៥៥៤,៤២៩នាក់៕