ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញឲ្យដឹងថា ការប្រកួតកីឡាជាតិនឹងចាប់ដំណើរៗ ការជាបណ្តើរៗ ឡើងវិញចាប់ពីខែមីថុនាតទៅ ។
បើតាមក្រសួងបានបញ្ជាក់ថា ការប្រកួតនោះត្រូវស្ថិតក្រោមលក្ខខ័ណ្ឌមួយចំនួនរួមមានទី១៖ អនុញ្ញាតឱ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី ១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការពាររបស់ ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះ នឹងចាប់អនុវត្តជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។
*ទី២៖ អនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការការពារកុំឱ្យមានការ ចម្លងវីរុសកូវីដ-១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះ របស់ក្រសួងសុខាភិបាល។
*ទី៣៖ មុននឹងបើកឱ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ដូចជា៖
* ការអនុវត្ត ការសម្អាតដៃឱ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ
* ការប្រើប្រាស់ម៉ាស (ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់ មាត់ច្រមុះ រាល់ពេលក្អកកណ្ដាស់ (រួចត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ)
* ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាដើម។
*ទី៤៖ ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឱ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម ៖
ប៉េកាំង ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងថា ចិននឹងធ្វើការកែទម្រង់កាន់តែស៊ីជម្រៅថែមទៀត ក្នុងវិស័យការពារជាតិ និងយោធា ក្នុងនោះគឺនឹងជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងយោធា។ នេះបើយោងតាមសារព័ត៌មាន CGTN។
លោកថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំសភាប្រចាំឆ្នាំនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។ លោកបានសង្កត់ធ្ងន់ថែមទៀតថា កិច្ចប្រឹងប្រែងក៏នឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចល័តការពារជាតិ និងធានាបានថា ការឯកភាពរវាងយោធា និងរដ្ឋាភិបាល និងរវាងយោធា និងប្រជាជន នៅតែរឹងមាំ។
លោក លី ខឺឈាង លើកឡើងថា «យើងនឹងបន្តបង្កើនភាពស្មោះត្រង់នយោបាយរបស់កងទ័ព ពង្រឹងពួកគេតាមរយៈការធ្វើកំណែទម្រង់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបណ្តុះបណ្តាលសមត្ថភាព ព្រមទាំងការគ្រប់គ្រងយោធាស្របតាមច្បាប់ »។
សូមជម្រាបដែរថា របាយការណ៍ដែលបានបង្ហាញក្នុងពិធីបើកកិច្ចប្រជុំសភានេះ ឱ្យដឹងថា ការចំណាយយោធារបស់ចិននៅឆ្នាំនេះ នឹងកើនឡើង ៦,៦ភាគរយ ប៉ុន្តែទាបជាងឆ្នាំ២០១៩ ដែលថវិកាយោធាកើនឡើង ៧,៥%៕
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ នេះបើតាមប្រកាសចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងក្រោយពេលដែលមន្រ្តីខាងលើ បានប្រព្រឹត្តករណីបើករថយន្តទាំងស្រវឹងបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ និងបានជេរប្រមាថទៅលើអភិបាលខេត្តកំពង់ធំថា មិនដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបធ្វើឱ្យខ្លួនជួបគ្រោះថ្នាក់បែបនេះ។
សូមរំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ជាក់ជាពុំខាន៕
ភ្នំពេញ ៖ រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង២៥ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។
បើតាមលោករដ្ឋមន្ត្រីបានថ្លែងថា “សម្រាប់រយៈពេលចាប់ពីថ្ងៃទី៤-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦.៥៤១នាក់ កើនឡើង ៤៦,៧៦ភាគរយធៀប នឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក”។
លោករដ្ឋមន្ត្រីបានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣.២៥៦ នាក់កើនឡើង ៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤.២៨៥ នាក់កើនឡើង ៧,៤៧ ភាគរយ។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះមុខ នៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍ បានសហការជាមួយវិស័យឯកជន រៀបចំនូវវិធានការ (ស្ដង់ដារពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រតិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែម ពីលើវិធានការសុវត្ថិភាព និងអនាម័យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការ តាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕
ភ្នំពេញ ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន ២មកពីប្រទេសជប៉ុន គឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Xamato Green ដែលមានចំណាប់អារម្មណ៍ និងមានបំណងវិនិយោគលើអនុវិស័យដំណាំកសិកម្ម នៅប្រទេសកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
លោក Nabeshima Katsuhito នាយកក្រុមហ៊ុន Xamato Green បានសង្ខេបអំពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស។ លោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គម្រោងខាងលើបានចេញជារូបរាងហើយ ប៉ុន្តែការងារដែលក្រុមហ៊ុនរបស់លោកត្រូវអនុវត្តបន្ទាប់គឺកិច្ចសហការ និងការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងជោគជ័យ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកប្រតិភូ បានសំដែងការរីករាយ និងគាំទ្រពេញទំហឹងលើការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរក្នុងការអភិវឌ្ឍដំណាំបន្លែ និងផ្លែឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន។
អគ្គនាយកដ្ឋានកសិកម្ម ជឿជាក់ថា ការរួមសហការវិនិយោគរវាងក្រុមហ៊ុនធំទាំងពីរខាងលើ នឹងអាចទាក់ទាញក្រុមហ៊ុនឯកជនផ្សេងៗទៀតឱ្យមានចំណាប់អារម្មណ៍ និងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាបន្តបន្ទាប់។ អគ្គនាយកដ្ឋានកសិកម្ម ក៏បានត្រៀមលក្ខណៈសហការយ៉ាងជិតស្និតក្នុងការងារនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនទាំងពីរពន្លឿនការរៀបចំអនុស្សារណៈនៃការយោគយល់ ដើម្បីអាចចាប់ផ្តើមការងារនេះ៕
ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅតែបន្តធ្វើតាមការគ្រោងទុក ប៉ុន្តែឈរលើស្ថានភាពវិវត្តន៍ជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាម លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំ ASEM13។
លោក លុយ ដាវីត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកទល់ថ្ងៃនេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ក៏ដូចជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិនេះ នៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលនេះ តាមពេលវេលាដែលបានគ្រោងទុក ដូចដែលបានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៉ី-អឺរ៉ុប ទាំង៥៣។ ម្យ៉ាងវិញទៀត លិខិតអញ្ជើញដែលបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស គឺបានបញ្ជូនទៅគ្រប់ភាគីដែលនឹងចូលរួមរួចរាល់អស់ហើយ, ហើយរហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ»។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ASEM13 នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា អំពីដំណើរការរៀបចំកិច្ចនេះ នៅទីស្តីការក្រសួង ដោយមានការចូលពីមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបផងដែរ។ ASEM13 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រកាសកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
កម្ពុជាបានក្លាយជាសមាជិករបស់ ASEM នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៉ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ននិងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និងអ្នកជំងឺរាំរ៉ៃចំនួន៦០គ្រួសារ នៅស្រុកបាធាយ ខេត្តកំពង់ចាម។
ពិធីធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារដោយក្តីនឹករលឹកអាណិតអាសូរបំផុតដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ ពលរដ្ឋខ្មែរគ្រប់ៗរូប។
គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និងអ្នកជំងឺរាំរ៉ៃចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង ម៉ាស់០៥បន្ទះ និងថវិកា២០,០០០រៀលផងដែរ៕ ដោយ ៖ ប៉ែន សុផល
បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,១៨៨,៩២៤នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៣៤,០៥៩នាក់ និងជាសះស្បើយឡើងវិញ ២,០៧៨,៥៥៤នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។
គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦២០,២០៤នាក់ ស្លាប់ចំនួន ៩៦,២៨២នាក់ និងជាសះស្បើយចំនួន ៣៨២,១៨៣នាក់៕
ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ១១០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកវិញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយលួចឆ្លងដែនចូលទៅប្រទេសគេដោយខុសច្បាប់ ខណៈកំពុងរឹតបន្ដឹងប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្ដឹងច្រកព្រំដែន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរជាង១០០នាក់នេះ ត្រូវបានទាហានថៃ ប្រគល់មកឲ្យកម្លាំងនគបាលប៉ុស្តិ៍ ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយខេត្តបន្ទាយមសនជ័យ។
លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញនេះ មានស្ដ្រី៤៥នាក់ ក្មេង៤នាក់។
ក្រោយបញ្ជូនត្រឡប់មកវិញ ពលករខ្មែរខាងលើត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យសំពៅលូន ដើម្បីពិនិត្យសុខភាព ដោយមានការអប់រំណែនាំថ្នាក់ដឹកនាំខេត្តផងដែរ៕
ភ្នំពេញ ៖ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាង១ខែ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១ករណីទៀត ដែលបានធ្វើដំណើរវិល ត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជា ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ មករាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីកូវីដ១៩ ទី១២៣នៅកម្ពុជានេះ កើតឡើងលើបុរសម្នាក់ អាយុ២៦ឆ្នាំ ដែលមានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
បុរសខ្មែរដែលឆ្លងជំងឺកូវី១៩ថ្មីនេះ គឺជាអ្នកដំណើរដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជាវិញ ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង២២៖០០យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺកាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅនេះ មានអ្នកដំណើរសរុបចូលកម្ពុជាមានចំនួន៦៣នាក់ (ស្រី១៤នាក់) ដែលមានជនជាតិកូរ៉េ២៣នាក់ (ស្រី៣នាក់) ខ្មែរ៣៤នាក់ (ស្រី១០នាក់) មានការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ និងបានដាក់ឱ្យរង់ចាំកន្លែងធ្វើចត្តាឡីស័ក នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវីដ១៩លើបុរសជនជាតិខ្មែរម្នាក់ខាងលើនេះតែម្តង។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ហើយក្រសួងសុខាភិបាល នឹងបន្តជូនដំណឹងដល់សាធារណជន អំពីការវិវឌ្ឍនៃបញ្ហាសុខភាព តាមទំព័រហ្វេសបុក និងវេបសាយរបស់ខ្លួនជាបន្តបន្ទាប់ទៀត៕
ភ្នំពេញ ៖ ថ្វីត្បិតតែកម្ពុជា ជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មរបស់កម្ពុជា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយ ពោលគឺនៅតែបន្តនាំចូលពីប្រទេសជិតខាងមកបំពេញតម្រូវការ ជាក់ស្ដែងក្នុងមួយឆ្នាំកម្ពុជាត្រូវនាំចូលសត្វជ្រូក មាន់ទា គោក្របី និងបន្លែគិតជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ។
បើតាមលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថាគ្រាន់តែជ្រូកមួយមុខប៉ុណ្ណោះ កម្ពុជា ត្រូវចំណាយប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិកដើម្បីនាំចូលពីប្រទេសជិតខាងមកផ្គត់ផ្គង់ក្នុងស្រុក ខណៈពលរដ្ឋក្នុងស្រុកសុទ្ធតែមានសមត្ថភាព ក្នុងការចិញ្ចឹមនិងផ្គត់ផ្គង់បានដោយខ្លួនឯង ។ ក្រៅពីជ្រូកកម្ពុជាក៏បាននាំចូលមាន់ទាគោក្របីនិងបន្លែផងនោះ មានទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារអាមេរិក គឺជិត១ពាន់លានដុល្លារអាមេរិក ។
លោកបន្តថា បើសិនជាយើងឈប់នាំចូលហើយងាកមកដាំដុះ និងចិញ្ចឹមក្នុងស្រុកលក់ក្នុងស្រុក លុយទាំង១ពាន់លានដុល្លារអាមេរិកនោះ នឹងអាចអោយពលរដ្ឋកម្ពុជារស់ស្រួល ហើយពលរដ្ឋក៏មិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសដែរ ជាក់ស្ដែងពលរដ្ឋដែលទើបចំណាកស្រុកពីប្រទេសថៃកាលពីជាងមួយខែមុននេះ បើអាចគួរតែដាំដុះបន្លែ ចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកខណៈកម្ពុជាកំពុងតែមានតម្រូវការខ្ពស់ដោយសារតែការរឹតបន្តឹងព្រំដែននៃប្រទេសជិតខាង ។
លោកឡាវីល ក៏បានស្នើដល់អ្នកនាំចូល បង្វែថវិកាដែលខ្លួនបំរុងនាំចូលពីប្រទេសជិតខាង មកវិនិយោគចិញ្ចឹមនិងដាំដុះក្នុងស្រុកវិញ បើសិនជាពួកគាត់មានឆន្ទៈការជួយពលរដ្ឋក្នុងស្រុកពិតប្រាកដមែនពីព្រោះថាឱកាសនៃការលក់ផលិតផលក្នុងស្រុកគឺពិតជាធំណាស់សម្រាប់ពេលនេះនិងនៅពេលអនាគត ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកទឹកចិត្តអោយពលរដ្ឋដាំដុះបន្លែបង្កាក្នុងផ្គត់ផ្គង់ក្នុងស្រុកនៅតាមសណ្ឋាគារ ភោជនីយដ្ឋានដោយកាត់បន្ថយការនាំចូលពីប្រទេសខាងក្រៅ ដើម្បីអោយពលរដ្ឋមានប្រាក់ចំណូលកាន់តែច្រើន ជាពិសេសនោះ គឺលើកស្ទួយដល់ការនាំចេញនៅនឹងកន្លែងដែលសំដៅទៅលើការផ្គត់ផ្គង់ទៅក្នុងវិស័យទេសចរណ៍ ៕
ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ លោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខា និងលោក ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ រួមទាំងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជា ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ ឃុំសង្កែពីរ ៣៣ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យ ជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥ គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។
-ក្នុងនោះគ្រួសារអាទិភាព ១០គ្រួសារថែម សារុង ១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល។
-ប្រគេនព្រះសង្ឃ អង្ករ២ បេ មី២ កេស ត្រីខ២ យួរ ទឹក២កេស ទឹកផ្លែឈើ២ កេស ថវិកា ២០០,០០០ រៀលគត់ យាយជីតាជី៤ នាក់ ម្នាក់ៗ២០,០០០រៀលគត់៕
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានដឹកនាំកម្លាំងចំរុះចុះទៅបិទទីតាំងអាហារដ្ឋានច្រើនកន្លែងជាបណ្តោះអាសន្នកុំអោយមានការជួបជុំប្រមូលផ្តុំគ្នាផឹកស៊ី ដើម្បីការពារការឆ្លងនឹងរីកដុះដាលនៃជំងឺកូវដ១៩ ជាបន្តទៅទៀត។ ការចុះរអនុវតនេះ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងដល់ម្ចាស់ហាងភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងរាជធានីភ្នំពេញ ក្រោយពេលព្យាបាលជំងឺកូវីដ-19(Covid-19)ជាសះស្បើយអស់នៅកម្ពុជា។
ការអនុវត្តច្បាប់នេះបានចាប់ផ្តើមពីម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១១០កែងផ្លូវព្រះសុីសុវត្ថិស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
ការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញក្រោមការបញ្ជាផ្ទាល់របស់លោកសុខ ពេងវុធអភិបាលនិងគណៈអភិបាលខណ្ឌដូនពេញបានឲ្យដឹងថាក្រោយពីបានទទួលបទបញ្ជាពីសាលារាជធានីភ្នំពេញបានចេញនៃសេចក្តីប្រកាសណែនាំម្ចាស់ទីតាំងបើកភោជនីដ្ឋាននឹងអាហារដ្ឋានទាំងអស់នៅក្នុងរាជធានីភ្នំពេញជាពិសេសនៅក្នុងខណ្ឌដូនពេញដូចជាទីតាំងផ្សារសូរិយាម៉លផ្លូវលេខ៥១ ទីតាំងផ្លូវលេខ១៧២សង្កាត់ជ័យជំនះផ្លូវលេខ១១០នឹងកែងផ្លូវព្រះសុីសុវត្ថិសង្កាត់ផ្សារចាស់នឹងសង្កាត់វត្តភ្នំ នឹងទីតាំងផ្លូវលេខ១៣៦សង្កាត់ផ្សារកណ្តាលទី១ក្រោយសណ្ឋាគារភ្នំពេញបឹងកក់សរុប៥ទីតាំងដែលគណះបញ្ជាការឯកភាពខណ្ឌដូនពេញបានសំណូមពរឲ្យម្ចាស់ហាងផឹកសុីទាំងអស់ផ្អាក់ជាបណ្តោះអាសន្នដោយខាងសាលារាជធានីភ្នំពេញបានសង្កេតឃើញថាជំងឺកូវីដ19(Covid-19)ទើបតែបានជាសះស្បើយអស់នៅកម្ពុជាដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថាប្រជាពលរដ្ឋមិនមានការភ័យខ្លាចនឹងបាត់ការប្រុង
ប្រយ័ត្នចំពោះជំងឺ(Covid-19)ហើយនៅតាមភោជនីដ្ឋាននឹងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីដ្ឋាននឹងភ្ញៀវដោយពុំបានអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលសូមបញ្ជាក់ដើម្បីចូលរួមទប់ស្កាត់នឹងរីករាលដាលជំងឺ(Covid-19)រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីប្រកាសដូចតទៅ៖ទី១ម្ចាស់អាជីវកម្មភោជនីដ្ឋាននឹងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីផែនការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ19(Covid-19)។
ទី ២ត្រូវការៀបចំអោយមានទឹកអាល់កុលរឺសាប៊ូសម្រាប់លាងដៃនៅមុខច្រកទ្វារចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាសកំដៅផ្ញៀវទាំងអស់មុននឹងអនុញ្ញាតិឲ្យចូលក្នុងភោជនីដ្ឋានឬអាហារដ្ឋាននឹងទី៣ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺរយៈ១,៥ម៉ែត្រ។
យោងតាមសេចក្តីប្រាស់របស់សាលារាជធានីភ្នំពេញ ក្នុងករណីម្ចាស់ភោជនីដ្ឋាននឹងអាហារដ្ឋានណាដែលមិនអនុវត្តន៍តាមការណែនាំរបស់នេះរដ្ឋាបាលរាជធានីភ្នំពេញនឹងបិតអាជីវកម្មភោជនីដ្ឋាននឹងអាហារដ្ឋាននោះមិនបន្តអាជីវកម្មតទៅទៀតផងដែរ៕
បាងកក ៖ លោក Taweesin Wisanuyothin អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថៃបានថ្លែងថា ប្រទេសថៃរំពឹងទុកថា ខ្លួននឹងមានវ៉ាក់សាំងការពារជំងឺ COVID-19 នៅឆ្នាំក្រោយបន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាននៃការតេស្តសាកល្បងលើសត្វកណ្ដុរ។
លោកបន្តថា វ៉ាក់សាំង ប្រភេទ RNA (messenger RNA) នេះ ត្រូវបានបង្កើតដោយវិទ្យាស្ថានវ៉ាក់សាំងជាតិនៃសាកលវិទ្យាល័យ Chulalongkorn។ វ៉ាក់សាំងនេះ នឹងជួយជំរុញរាងកាយឱ្យផលិត antigen ជាម៉ូលេគុលនៅលើផ្ទៃរបស់វីរុសដែលអាចជំរុញឱ្យប្រព័ន្ធភាពស៊ាំ មានការឆ្លើយតបទៅនឹងវីរុស។ លោកបញ្ជាក់ថា អ្នកជំនាញថៃ នឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងថ្មីនេះ ទៅលើសត្វស្វាបន្តទៀតនៅសប្ដាហ៍ក្រោយបន្ទាប់ពីតេស្ដលើសត្វកណ្ដុរទទួលបានលទ្ធផលវិជ្ជមាន។
លោកអះអាងថា អ្នកជំនាញរំពឹងថា វ៉ាក់សាំងនឹងប្រើប្រាស់នៅឆ្នាំក្រោយ ហើយប្រទេសថៃចង់ក្លាយជាប្រទេសដំបូងគេដែលមានវ៉ាក់សាំងប្រឆាំងវីរុសCOVID-19 និងដាក់ឱ្យប្រើប្រាស់។
សូមជម្រាបថា បច្ចុប្បន្នមានវ៉ាក់សាំងជាង ១០០ដែលបានបង្កើតឡើង ហើយមានវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការតេស្ដសាកល្បងទៅលើមនុស្ស ប៉ុន្តែអង្គការសុខភាពពិភពលោកបានលើកឡើងថា វ៉ាក់សាំង អាចនឹងត្រូវការពេលយ៉ាងតិច១២ខែ។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានករណីឆ្លងសរុប ៣ ០៣៤ករណី ក្នុងនោះមានអ្នកជា ២ ៨៥៧នាក់ និងអ្នកស្លាប់ ៥៦នាក់៕
ប៉េកាំង ៖ ប្រទេសចិន កំពុងបង្កើនសន្ទុះក្នុងបច្ចេកវិទ្យា ដោយបានចាក់លុយយ៉ាងច្រើនមហាសាល ក្នុងការក្តោបក្តាប់ពិភពលោកលើវិស័យនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។
នៅក្នុងផែនការមេ ដែលគាំទ្រដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បង្ហាញឱ្យដឹងថា ចិននឹងដាក់ទុនវិនិយោគប្រមាណ១,៤ទ្រីលានដុល្លារ ក្នុងរយៈពេល៦ឆ្នាំដល់ឆ្នាំ២០២៥។ ក្នុងនោះក្រុមហ៊ុនដ៏សំខាន់បំផុតដែលដើរតួគឺ Huawei ដែលនឹងជួយដល់បណ្តាញ 5G, ដំឡើងកាមេរ៉ា និងសេនស័រ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យា AI នៅតាមបណ្តារោងចក្រយានយន្ត និងឧបករណ៍ស៊ើបការណ៍។
ការវិនិយោគដ៏សម្បើមនេះនឹងជួយឱ្យចិនកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងមានគោលដៅរំពឹងឈ្មោះខ្លួនក្នុងវិស័យបច្ចេកវិទ្យាថា «Made in China 2025»៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍